មុខទំនិញ​ជា​៣០០​មុខ​នឹង​នាំ​ចេញ​ទៅ​ចិន​ដោយ​មិន​បង់ពន្ធ​តាម​កិច្ចព្រមព្រៀង TFA


រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​ចរចា​រវាង​ភាគី​កម្ពុជា និង​ចិន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​នឹង​អាច​នាំ​ចេញ​ទំនិញ​ប្រមាណ​ជាង​៣៤០​មុខ​ទៅ​កាន់​ទីផ្សារ​ប្រទេស ហើយ​ក្នុង​ចំណោម​ទំនិញ​ជាង​៣៤០​មុខ​នេះ មាន​ទំនិញ​ប្រមាណ​៩៥​ភាគរយ​នឹង​ត្រូវ​លើកលែង​ពន្ធ ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដូច្នេះ​កម្ពុជា​នឹង​មាន​សក្ដានុពល​កាន់តែ​ខ្លាំង​សម្រាប់​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​ក្នុង និង​ក្រៅប្រទេស ។

បើ​តាម​លោក សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុម​ចរចា​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា ចិន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២៨ កក្កដា ២០២០​នេះ​ថា ចិន​បាន​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​ដែល​អនុញ្ញាត​អោយ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន ប្រមាណ​៩៥​ភាគរយ​នៃ​ទំនិញ​ជាង​៣៤០​មុខ ពោល គឺ​ប្រមាណ​ជាង​៣០០​មុខ​បន្ថែម​ទៀត និង​ទំនិញ​ជិត​១​ម៉ឺន​មុខ​ទៀត​ក៏​នឹង​ត្រូវ​ចរចា​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​អោយ​ទទួល​បានការ​នាំ​ចេញ​និង​ដោយ​មិន​បង់ពន្ធ ។

លោក​បន្ត​ថា តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន នឹង​អាច​ទាញ​វិនិយោគិន​ពី​បរទេស និង​ក្នុងស្រុក​មក​បណ្ដាក់ទុន​វិនិយោគ​ដើម្បី​បង្កើត​រោងចក្រ​ឧស្សាហកម្ម​កែ​ច្នៃ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន ហើយ​ចិន​ក៏​អាច​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​ផ្ដល់​សេវាកម្ម​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា​ដើម្បី​រក​ប្រាក់​ចំណេញ និង​អាច​នាំ​ទំនិញ​ដែល​កម្ពុជា​មាន​តម្រូវការ​ដើម្បី​កែ​ច្នៃ​នាំ​ចេញ​ត្រលប់​ទៅ​វិញ ។

លោក​ថា​៖« ការ​ចូល​មក​វិនិយោគ​របស់​វិនិយោគិន​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា ក្នុង​នោះ វា​នឹង​អាច​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​ទៀត​ដល់​កម្ពុជា ហើយ​ការ​មក​វិនិយោគ​ក៏​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ផង​ដែរ ដូច្នេះ​នឹង​ធ្វើ​អោយ​ចំណូល​ពន្ធ​កើនឡើង ហើយ​ជា​ពិសេស​កម្ពុជា​នឹង​មាន​ទំនិញ​និង​ផលិតផល​កាន់តែ​ច្រើន​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន »​។

លោក​បន្ថែម​ថា នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ចូល​ជា​ធរមាន​កំណើន​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន រំពឹង​ថា​នឹង​មាន​កំណើន​ប្រមាណ​២៥​ភាគរយ​បន្ថែម​ទៀត ហើយ​ចិន​ក៏​មាន​រំពឹង​ថា​នឹង​នាំ​ចូល​កម្ពុជា​កាន់តែ​ច្រើន​ដូច​គ្នា ។​លោក​បាន​ពន្យល់​ថា ៖«​កន្លង​មក​កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​នូវ​ទំហំ​ទឹកប្រាក់​តិច​ជាង​ការ​នាំ​ចេញពី​ប្រទេស​ចិន​មក​កម្ពុជា ជាក់ស្ដែង​កាលពី​ឆ្នាំ​មុន​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ត្រឹមតែ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ខណៈ​ចិន​នាំ​មក​កម្ពុជា​វិញ​នូវ​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ដោយសារ​តែ​កន្លង​ទៅ​កម្ពុជា​មិន​មាន​អ្វី​នាំ​ចេញ​ទៅ​ចិន​អោយ​មាន​តម្លៃ​ខ្ពស់​នោះ​ទេ គឺ​នាំ​ចេញ​ត្រឹម​ផលិតផល​កសិកម្ម ដូច​ជា​អង្ករ​និង​ផ្លែ​ឈើ​មួយ​ចំនួន ចំណែក​ចិន​បាន​នាំ​មក​កម្ពុជា​វិញ​ជា​គ្រឿងចក្រ​និង​ផលិតផល​សម្រេច ដែល​មាន​តម្លៃ​ខ្ពស់​ដូច្នេះ​ហើយ​ទើប​ឱនភាព​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន​មាន​ភាព​ខុស​គ្នា​ដោយ​ទំហំ​ទឹកប្រាក់​នាំ​ចូល​មាន​ទឹកប្រាក់​ច្រើន​ជាង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន » ។

លោក​សុខ សុ​ភ័ក្ត្រ​បាន​បញ្ជាក់​ថា សម្រាប់​កាលបរិច្ឆេទ​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ ដោយសារ​តែ​បច្ចុប្បន្ន​ចិន​កំពុង​ជួប​គ្រោះ​ទឹកជំនន់ ដែល​រដ្ឋាភិបាល​របស់​គេ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ជា​មុន​សិន​ក៏​ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​រៀបចំ រួច​ជា​ស្រេច​ហើយ រង់​ចាំតែ​ថ្ងៃ​ចុះហត្ថលេខា​ប៉ុណ្ណោះ ។
ដោយឡែក​លោក​វ​ង្សី វិស្សុត​កន្លង​មក​បាន​ថ្លែង​ថា នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា សម្ដេច​តេ​ជោ​ហ៊ុន​សែន នឹង​អញ្ជើញ​ទៅ​ចូលរួម​ជា​អធិបតីភាព​នៃ​ការ​ចុះហត្ថលេខា​នេះ​នៅ​អំឡុង​ខែ​សីហ​ខាង​មុខ​នេះ ។

សូម​រំលឹក​ថា​កម្ពុជា​ក៏​បាន​ប្រកាស​ផង​ដែរ​ពី​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ភាគី​កូរ៉េ​ខាងត្បូង ហើយ​ក៏​មាន​បំណង​ក្នុង​បង្កើត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី​ជាមួយ​បណ្ដា​ប្រទេស​ធំ​ៗ​លើ​ពិ​ភ​លោក​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​នៅ​ពេល​អនាគត ដូច​ជា​ជាមួយ​ប្រទេស​ជប៉ុន​ប្រទេស​ឥណ្ឌា និង​អូស្ត្រាលី​ផង​ដែរ ។ បច្ចុប្បន្ន​កម្ពុជា​ក៏​បាន​កំពុង​ចរចា​ជាមួយ​ប្រទេស​ក្នុង​តំបន់​នូវ​កិច្ចព្រមព្រៀង RCEP ដែល​មាន​ប្រទេស​ធំ​ៗ​ចូលរួម​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ