រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ បានសហការគ្នាជាមួយកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបើកប្រតិបត្តិការឡោមព័ទ្ធ និងឃាត់ខ្លួនក្មេងៗ ជាយុវជនទាំងប្រុសទាំងស្រីចំនួន២៨២នាក់ នៅក្លិបហ្គោលឡាញ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលស្និទ្ធនឹងប្រតិបត្តិការនេះបានឱ្យដឹងថា មុនពេលកើតហេតុខាងលើដោយមានការដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ប៊ុត សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងបានសហការគ្នាជាមួយកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបើកប្រតិបត្តិការយ៉ាងក្តៅមួយ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថាក្លិបហ្គោលឡាញខាងលើនេះថា បើកដៃដោយសេរី ហើយក្មេងស្ទាវជាច្រើនចូលសប្បាយផឹកស៊ីរាំរែក ហើយពេលពួកគេចេញមកវិញ បានជិះម៉ូតូដេញគ្នាបង្កភាពឥតសណ្តាប់ធ្នាប់ ទើបកម្លាំងជំនាញបានធ្វើការចុះទៅបង្ក្រាបនិងឃាត់ខ្លួនបានក្មេងៗ យុវជនទាំងអស់ ក្នុងនោះមានស្រី៧០នាក់ និងប្រុស១៦៩នាក់ថែមទាំងឃាត់ខ្លួនមេការនិងបុគ្គលិកចំនួន៤៣នាក់យកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
បើសិនអ្នកណាមិនមានពាក់ព័ន្ធនឹងគ្រឿងញៀនសមត្ថកិច្ចធ្វើការហៅឪពុកម្តាយមកធានា បើសិនអ្នកពាក់ព័ន្ធនឹងគ្រឿងញៀននិងអនុវត្តន៍ទៅតាមច្បាប់ ។
ទោះបីជាបែបណា មន្ត្រីប៉ូលិសក្នុងប្រតិបត្តិការនេះបានឱ្យដឹងថា ការបង្ក្រាបក្លិបហ្គោលឡាញនេះគឺមកពីរំលោភទៅលើបម្រាមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលតម្រូវឱ្យប្រែក្លាយជាភោជនីយដ្ឋាន តែក្លិបនេះបែរជាបើកធ្វើអាជីវកម្មដោយចំហឱ្យក្រុមយុវជនស្ទាវៗ រាប់រយនាក់ចូលពពាក់ពពូនដែលបង្កឱ្យមានការចម្លងជំងឺកូវីដ១៩ ប្រសិនបើនរណាម្នាក់មានជំងឺនេះ ។
ថ្វីបើបែបណាក្តី តាមមន្ត្រីប៉ូលិសដែលបានឱ្យដឹងថា ការនាំពួកក្មេងស្ទាវទៅកាន់ស្នងការដ្ឋាននោះ មិនមែនយកពួកគេទៅឃុំអ្វីទេ តែដើម្បីអប់រំឱ្យពួកគេយល់ដឹងពីជំងឺដ៏សាហាវដែលកំពុងយាយីជីវិតមនុស្សលើពិភពលោក ដូច្នេះពួកគេមិនត្រូវនាំគ្នាពពាក់ពពូនបែបនេះតទៅទៀតឡើយ ។ ក្រោយការអប់រំណែនាំហើយពួកគេទាំងអស់គ្នាក៏ត្រូវបានអនុញ្ញាតឱ្យវិលទៅគេហដ្ឋានរបស់គេរៀងៗខ្លួននៅព្រឹកថ្ងៃទី២៨ កក្កដា ។