ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ខេត្តព្រៃវែង​០៧​រូប ត្រូវ​ដក​បញ្ឈរជើង រឿង​វាយ​មនុស្ស​ទារ​លុយ​៤​លាន​រៀល

3 ឆ្នាំ មុន
  • ព្រៃវែង

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​សម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ០៧​នាក់…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​សម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ០៧​នាក់ ដែល​បាន​ប្រព្រឹត្ត​ខុស​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ និង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ ដោយ​ផ្អាក​ការងារ​បណ្តោះអាសន្ន តាម​សេចក្តីសម្រេច​លេខ​៤៩០​សសរ ចុះ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ដាក់​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដោយសារ​តែ​មន្ត្រី​ទាំង​០៧​នាក់​នោះ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវ​: និង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ និង​បង្ក​ឲ្យ​មាន​របួស​ស្នាម​ដល់​ជនសង្ស័យ បន្ទាប់​ពី​ពួក​គេ​បាន​ប្រើ​ហិង្សា និង​ទារ​យក​លុយ ៤​លាន​រៀល ពី​ជនសង្ស័យ​ពេល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន ។

មន្ត្រី​នគរបាល​ខេត្តព្រៃវែង ទាំង​០៧​នាក់ ដែល​ផ្អាក​ការងារ​បណ្តោះអាសន្ន រួម​មាន ៖
១. ឧត្តមសេនីយ៍ត្រី ថោ​ង វណ្ណ​ឌី ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​។
២. វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​។
៣. អនុសេនីយ៍ឯក ទូច ធា​រ៉ា នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។
៤. អនុសេនីយ៍ឯក ស៊ី បូ នាយ​ផ្នែក នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​។
៥. អនុសេនីយ៍ឯក ហែង ចាន់​រតនា មន្ត្រី នៃ​ការិយាល័យ​ប្រ​ឆាំ​ងាំង​គ្រឿងញៀន​។
៦. អនុសេនីយ៍ឯក សៀន ចាន់​ធឿ​ន មន្ត្រី នៃ​ការិយាល័យ​ប្រ​ឆាំ​ងាំង​គ្រឿងញៀន​។
៧. អនុសេនីយ៍ទោ យុន តារា​ភ័​ស្ត មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​។

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង ០៨​និង​៣០​នាទី យប់​ថ្ងៃ​ទី​២០ កក្កដា ២០២០ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វា​វត្ត​រោង​ដំរី ស្ថិត​នៅ​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​-​ខេត្តព្រៃវែង ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន បាន​ចាប់​ជនសង្ស័យ​២​នាក់ មានឈ្មោះ ថៃ សា​មាឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ហឿ​ន រ័​ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។

ជនសង្ស័យ​បាន​របួស​ហើម​ក្បាល ជាំភ្នែក ខៀវ ហើម​ខ្លួន​និង​ដៃជើង ពួក​គេ​បាន​អះអាង​ថា មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រៃវែង បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ រួច​វាយ​ក្បាល​ពួក​គេ និង​ហៅ​បក្ខពួក មក​ព្រួត​គ្នា​ចាប់​វ៉ៃ ក្រៀក​យក​ទៅ​ការិយាល័យ​ធ្វើ​ទារុណកម្ម ហើយ​ជម្រិត​ទារ​លុយ​បាន​សម្រេច ៤,០០០,០០០​រៀល​ទៀត​ផង ជា​ថ្នូរ និង​ការ​ដោះ​លែង​វិញ ។ ជន​ដៃដល់​ត្រូវ​បាន​គេ​ស្គាល់​ថា លោក​អនុ​សេនីយ៍​ឯង ទូច ធា​រ៉ា នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រៃវែង ។

ក្រោយ​ពី​បែកធ្លាយ​រឿងរ៉ាវ​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ក​ក្ត​ដា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ផ្ទាល់​ដើម្បី​ធ្វើការ​សុំ​អភ័យទោស និង​នាំ​យក​ថវិកា​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ទាំង​០៦ ស្ថិត​នៅ​ភូមិ​អណ្តូង ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​ពាក់ព័ន្ធ​នឹង​ករណី​នគរបាល​ខេត្តព្រៃវែង​បង្ក្រាប​អ្នក​ប្រើប្រាស់​គ្រឿងញៀន រួច​ដោះ​លែង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ថ្នូរ​និង​ការ​ទទួល​ប្រាក់​។

នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​បទបញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ពង្រឹង​ការ​អនុវត្តន៍​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​នៅ​ទូ​ទាំង​ប្រទេស និង​មិន​លើកលែង​ដាច់ខាត​ចំពោះ​មន្ត្រី​នគរបាល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស​ពី​វិន័យ និង​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរបាល​ជាតិ និង​អាច​ឈាន​ដល់​ការ​អនុវត្ត​នីតិវិធី​ច្បាប់​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ