ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ប៉ៃលិន ៖ ប្រវត្តិ​ឈ្មោះ និង​ការ​កកើតឡើង

3 ឆ្នាំ មុន

មានរឿង​និទាន ត​ៗ​គ្នា​ថា នៅ​ឆ្នាំ​១៨៤៦ ព្រានប្រមាញ់​ជនជាតិ​កូ​ឡា និង​ខ្មែរសុរិន្ទ​មួយ​ក្រុម​បាន​មក​ស្នាក់​នៅ​ក្នុងស្រុក​ទ័ព​ជ័យ ខេត្ត​ច័ន្ទ​ប៊ុ​ន (​បច្ចុប្បន្ន​ថៃ​ហៅ​ថា​តាប់​សៃ ខេត្ត​ច័ន្ទ​បូ​រី​) ។ ក្រុម​បរបាញ់​បាន​តាម​បរបាញ់​សត្វ​រហូត​មក​ដល់​ទឹកដី​ព្រៃ​ភ្នំ​ដងអូរ​ក៏​ប្រទះ​ឃើញ​សត្វ​ភេ​កំពុង​លេង​ទឹក…

មានរឿង​និទាន ត​ៗ​គ្នា​ថា នៅ​ឆ្នាំ​១៨៤៦ ព្រានប្រមាញ់​ជនជាតិ​កូ​ឡា និង​ខ្មែរសុរិន្ទ​មួយ​ក្រុម​បាន​មក​ស្នាក់​នៅ​ក្នុងស្រុក​ទ័ព​ជ័យ ខេត្ត​ច័ន្ទ​ប៊ុ​ន (​បច្ចុប្បន្ន​ថៃ​ហៅ​ថា​តាប់​សៃ ខេត្ត​ច័ន្ទ​បូ​រី​) ។ ក្រុម​បរបាញ់​បាន​តាម​បរបាញ់​សត្វ​រហូត​មក​ដល់​ទឹកដី​ព្រៃ​ភ្នំ​ដងអូរ​ក៏​ប្រទះ​ឃើញ​សត្វ​ភេ​កំពុង​លេង​ទឹក ក៏​នាំ​គ្នា​ចុះ​ទៅ​ងូតទឹក ពេល​នោះ​ក៏​រើស​បាន​ត្បូង​ថ្ម​រក្សា​ទុក ។ ព័ត៌មាន​នេះ​ក៏​បាន​លេចឮ​សុសសាយ​ដល់​ជនជាតិ​កូ​ឡា ឡាវ និង​ខ្មែរសុរិន្ទ​ប្រមាណ​២៥​គ្រួសារ បាន​មក​តាំង​លំនៅ​ដ្ឋា​ន​ប្រកបរ​បរបាញ់​សត្វ និង​ដើរ​រើស​ត្បូង​លក់​ក្នុង​តំបន់​ភេ​លេង​នេះ ។ នេះ​បើ​តាម​ឯកសារ​រដ្ឋបាល​ខេត្ត ។

ប្រភព​ឯកសារ​ដដែល​បន្ត​ថា​លុះដល់​ឆ្នាំ​១៩០៩ ជនជាតិ​បារាំងសែស (​សម័យ​អាណា​និគម​និយម​) បាន​រក​ឃើញ​តំបន់​នេះ និង​បាន​រៀបចំ​ជា​តំបន់​រដ្ឋបាល​ដោយ​ឲ្យ​ឈ្មោះ​ថា ស្រុក​រតន​មណ្ឌល បប៉ៃលិន ។ ពាក្យ​ថា «​បប៉ៃលិន​» ផ្សំ​ដោយ​ពាក្យ​ថា «​ប​» មាន​ន័យ​ថា អណ្តូង និង​ពាក្យ «​ប៉ៃលិន​» ក្លា​យមក​ពី​ពាក្យ​ថា «​ភេ​លេង​»​។

ចាប់ពី​ពេល​នោះ​មក​ទឹកដី​ត្បូង​ពេជ្រ «​បប៉ៃលិន​»​មាន​មនុស្ស​មក​រស់នៅ​កាន់តែ​ច្រើន​ឡើង​ៗ រហូត​មក​ដល់​សម័យ​សង្គមរាស្ត្រនិយម រាជរដ្ឋាភិបាល​បាន​រៀបចំ​បង្កើត​ជា​អនុ​ខេត្ត​បប៉ៃលិន ។ ប៉ុន្តែ​មិន​ទាន់​បាន​រៀបចំ​ជា​តំបន់​រដ្ឋបាល​នៅឡើយ​ទេ ។

នៅ​ឆ្នាំ​១៩៧០-១៩៧៥ សម័យ​សាធារណរដ្ឋ​ខ្មែរ បាន​បង្កើត​ជា​ក្រុងប៉ៃលិន​មង្គល ដែល​មាន​ខណ្ឌ​ចំនួន​៤ គឺ​ខណ្ឌ​ប៉ៃលិន ខណ្ឌ​កំ​រៀង ខណ្ឌ​សំឡូត និង ខណ្ឌ​វឌ្ឍន​សង្គម ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​គ្រប់គ្រង​រដ្ឋបាល ។ នៅ​ឆ្នាំ​១៩៧៥-១៩៧៩ ទឹកដី​ប៉ៃលិន​គ្មាន​ប្រជាជន​រស់នៅ​ទេ ។

ចាប់តាំងពី​ឆ្នាំ​១៩៧៩-១៩៨៩​ទឹកដី​ប៉ៃលិន គ្រប់គ្រង​ដោយ​រដ្ឋបាល​នៃ​រដ្ឋ​កម្ពុជា ។
ចាប់ពី​ឆ្នាំ​១៩៨៩-១៩៩៦ ទឹកដី​ប៉ៃលិន គ្រប់គ្រង​ដោយ​រដ្ឋបាល​កម្ពុជា​ប្រជាធិបតេយ្យ ។
ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​១៩៩៦ ទឹកដី​ប៉ៃលិន បាន​បញ្ចូល​សមាហរណកម្ម​ដោយ​រួម​មាន តំបន់​រដ្ឋបាល កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ព្រះរាជកិច្ច​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯករាជ្យ​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​នៃ​យើង និង​ក្រោម​ការ​ដឹកនាំ ប្រកបដោយ​ភាព​ឈ្លាសវៃ ប៉ិនប្រសព្វ ក្នុង​ន័យ​ស្នេហា​ជាតិ​យ៉ាង​ជ្រាលជ្រៅ​បំផុត នយោបាយ «​ឈ្នះ​-​ឈ្នះ​»​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ ក្នុង​អាណត្តិ​ទី​១ បន្ទាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ទឹកដី​ប៉ៃលិន ត្រូវ​បាន​បង្កើត​ជា​ក្រុងប៉ៃលិន ដែល​មាន​ថ្នាក់​ប្រហាក់ប្រហែល​នឹង​ខេត្ត ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ ជ​ស​/​រក​ត​/០៧៩៧/១៤៤ ចុះ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​១៩៩៧ ។ បន្ទាប់​មក​ក្រុងប៉ៃលិន បាន​ប្តូរ​ឈ្មោះ​មក​ជា​ខេត្ត​ប៉ៃលិន ដែល​មាន​ថ្នាក់​ប្រហែល​នឹង​រាជធានី ខេត្ត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/១២០១៨/១៣៨៤ ចុះ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០០៨ ។ ចាប់ពី​ពេល​នោះ​មក ប៉ៃលិន​មាន​ន​ការ​ស្តារ អភិវឌ្ឍន៍ និង​រីក​ចម្រើន​ជា​បន្តបន្ទាប់​តរៀង​មក ។

​ឥស្សរជន​ជាន់ខ្ពស់
1.​ឯកឧត្តម​អ៊ី ឈាន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ១៩៩៨-២០១៣ ។
2.​ឯកឧត្តម​កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ២០១៤-២០១៨ ។
3.​ឯកឧត្តម​ផា​ន់ ចាន់​ធុ​ល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ២០១៨-​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ