ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​សំបកបាវ​រលំរលាយ​ទៅ អ្នកស្រុក​យក​ក្រចៅ​ផលិត​ជា​អង្រឹង​​ម្តង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រោងចក្រ​ផលិត​សំបកបាវ​ច្រក​ស្រូវ​អង្ករ ដែល​កើត​មាន​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​មក​នោះ ស្ថិត​នៅ​តាម​ដងស្ទឹង​សង្កែ ប៉ែក​ខាងក្រោម​ចុះ​ទៅ​តំបន់​ទន្លេសាប ដែល​មាន​ចម្ងាយ​ពី​ក្រុង​បាត់ដំបង ប្រមាណ​៧​គីឡូម៉ែត្រ បាន​បន្សល់​ភាព​ខ្ទេចខ្ទាំ​ពី​សម័យ​ប៉ុ​ល ពត…

ខេត្តបាត់ដំបង ៖ រោងចក្រ​ផលិត​សំបកបាវ​ច្រក​ស្រូវ​អង្ករ ដែល​កើត​មាន​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​មក​នោះ ស្ថិត​នៅ​តាម​ដងស្ទឹង​សង្កែ ប៉ែក​ខាងក្រោម​ចុះ​ទៅ​តំបន់​ទន្លេសាប ដែល​មាន​ចម្ងាយ​ពី​ក្រុង​បាត់ដំបង ប្រមាណ​៧​គីឡូម៉ែត្រ បាន​បន្សល់​ភាព​ខ្ទេចខ្ទាំ​ពី​សម័យ​ប៉ុ​ល ពត មក ពេល​នេះ​គ្មាន​ដំណើរការ​អ្វី​ឡើយ ។

ដោយឡែក​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​រោងចក្រ​នេះ តែងតែ​ធ្វើ​ជា​កម្មករ និង​ដាំ​ដើម​ក្រចៅ ដែល​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​សំបកបាវ ក្នុង​នោះ​ជីវភាព​ប្រជាពលរដ្ឋ​បាន​កែ​ច្នៃ​សរសៃ​ខ្សែ​ព្រាល​ដែល​សក​ចេញពី​ដើម​ក្រចៅ​នោះ មក​ផលិត​ជា​អង្រឹង​សម្រាប់​សម្រាកសម្រាន្ត​បាន​យ៉ាង​ងាយស្រួល និង​យូរអង្វែង​តាម​សម័យ​កាលនោះ​ផង​ដែរ ។

មក​ទល់​ពេល​នេះ អង្រឹង​ដែល​ផលិត​ចេញពី​សរសៃ​ក្រចៅ ដែល​មាន​ក្បាច់ក្បូរ​ល្អ​ស្អាត​នោះ គឺជា​ស្នាដៃ​ដូន​ចាស់​ម្នាក់​ឈ្មោះ ដាំ លូត មាន​អាយុ​៨៦​ឆ្នាំ (​ជា​ក្រមុំចាស់​) រស់នៅ​ជាមួយ​ចៅ​៤​នាក់ (​ក្នុង​នោះ ប្រុស​ម្នាក់ និង​ស្រី​៣​នាក់​) ស្ថិត​ក្នុងភូមិ​រហាល​សួង​លិច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ហួស​ចុះ​ទៅ​ខាងក្រោម​រោងចក្រ​ជាង​១០​គីឡូម៉ែត្រ​ទៀត ដែល​សព្វ​ថ្ងៃនេះ​មិន​បាន​ត្បាញ​អង្រឹង​បានជា​ប្រចាំ​រាល់ថ្ងៃ​ទេ គឺ​គាត់​បាន​ត្បាញ​នៅ​ពេល​ដែល​គាត់​ទំនេរ​អផ្សុក​តែ​ប៉ុណ្ណោះ ដូច្នោះ​អង្រឹង​មួយ​អាច​ត្បាញ​ប្រើ​ពេល​យ៉ាង​ឆាប់​មួយ​អាទិត្យ​ដែរ ទើប​ត្បាញ​រួច​។

ដែល​អង្រឹង​មួយ​មាន​ទំហំ​ទទឹង​ពី​៦​ទៅ​៨​តឹក និង​បណ្តោយ​២​ម៉ែត្រ គេ​ហៅ​ថា អង្រឹង​១២​ខ្សែ ហើយ​អាច​លក់​បាន​ក្នុង​អង្រឹង​១​តម្លៃ​៥​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​តាម​ខ្នាត​តូច ឬ​ធំ ដូច្នោះ​បើសិនជា​មាន​គេ​ចង់បាន​ច្រើន​ទាល់តែ​កុម្ម​ង់​ទុកជា​មុន ហើយ​រង់ចាំ​ពេល​រួច ទើប​អាច​មក​យក​ទៅ​ប្រើប្រាស់​បាន ។

អ្នកស្រី ចឹក ស៊ា​ត អាយុ​៥៥​ឆ្នាំ ជា​មេ​ភូមិ​រហាល​សួង បាន​បញ្ជាក់​ថា ក្នុងភូមិ​នេះ​សព្វថ្ងៃ​មាន​សល់​អ្នក​ដែល​ចេះ​ត្បាញ​អង្រឹង​ផលិត​អំពី​សរសៃ​ព្រាល បក​ពី​ដើម​ក្រចៅ​មក​នោះ មាននៅ​សល់​តិចតួច​ណាស់ គឺ​ប្រហែលជា​២​ផ្ទះ​តែ​ប៉ុណ្ណោះ ព្រោះ​សម័យកាល​នេះ គេ​មិនសូវ​ត្រូវការ ព្រោះ​របស់​ធ្វើ​ដោយ​ដៃ​ដែល​មាន​រយៈពេល​យូរអង្វែង​ទៀត​។ ម្ល៉ោះហើយ​នា​ពេល​អនាគត​ប្រាកដជា​ក្មេង​ៗ​ជំនាន់​ក្រោយ​មិន​អាច​បាន​ស្គាល់​អង្រឹង​សម្រាប់​សម្រាក​នេះ​ជា​មិន​ខាន​ឡើយ​។

ហើយ​ណាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​នេះ​ក៏​ដូច្នោះ​ដែរ ដែល​កាល​មុន​មាន​រោងចក្រ​ផលិត​សំបកបាវ​ដំណើរការ គឺ​គ្រប់​តាម​ផ្ទះ​ប្រជាពលរដ្ឋ​តែងតែ​ដាំ​ដើម​ក្រចៅ​សម្រាប់​លក់​ឲ្យ​រោងចក្រ​ផង​ដែរ តែ​ពេល​នេះ​គឺ​នៅ​សល់​តិចតួច​ណាស់ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ