ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ប្រកាស​អនុម័ត​ជា​ផ្លូវការ​លើ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ញ​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ពាណិជ្ជកម្ម និង​ដំណើរការ​អាជីវកម្ម​ដែល​រួមចំណែក​ដល់​ការ​លើកកម្ពស់​ផលិតភាព​បង្កើន​ការ​នាំ​ចេញ បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិកា​ប្រកាស​អនុម័ត​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ​និង​ចាប់ផ្ដើម​អនុវត្តន៍​ជា​ផ្លូវការ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។…

​រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ញ​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ពាណិជ្ជកម្ម និង​ដំណើរការ​អាជីវកម្ម​ដែល​រួមចំណែក​ដល់​ការ​លើកកម្ពស់​ផលិតភាព​បង្កើន​ការ​នាំ​ចេញ បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិកា​ប្រកាស​អនុម័ត​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ​និង​ចាប់ផ្ដើម​អនុវត្តន៍​ជា​ផ្លូវការ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ​

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​និង​អនុម័ត​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​អន​ឡាញ​កាលពី​ចុងស​ប្ដា​ហ៍​មុន​នេះ​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ក្នុង​បរិបទ​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​៤.០ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ពាណិជ្ជកម្ម និង​ដំណើរការ​អាជីវកម្ម ដែល​រួមចំណែក​ដល់​ការ​លើកកម្ពស់​ផលិតភាព បង្កើន​ការ​នាំ​ចេញ បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ​។ ដោយ​មើលឃើញ​ពី​ចក្ខុវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​ចាប់​យក​កាលានុវត្តភាព​ពី​ប​ដិ​វដ្ត​ន៍​ឧស្សាហក​កម្ម​៤.០ រាជរដ្ឋាភិបាល​កម្ពុជាបាន​រំលេច​អំពី «ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ឆ្លើយ​តប​ទៅ​នឹង​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​៤.០» ក្នុង​មុំ​ទី​៣ ចតុកោណ​ទី​២ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។

​លោក​បាន​បន្ត​ថា ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តាម​រយៈ​ការ​លើកកម្ពស់​សមត្ថភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ឲ្យ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកលលោក​ផង​ដែរ ។​ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​ជា​វិស័យ​ថ្មី​មួយ​ប្រកបដោយ​សក្តានុពល​ខ្ពស់​ក្នុង​ការ​បង្កើត ប្រភព​កំណើន​ថ្មី​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។

យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​លក្ខណៈ​ប្រទាក់ក្រឡា និង​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដែល​មាន​កំណត់​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម​ផ្សេង​ៗ​ទៀត រួម​មាន​ឯកសារ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ ក៏​ដូច​ជា​យុទ្ធសាស្ត្រ និង​ឯកសារ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​តាម​វិស័យ​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ដែរ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ពេលវេលា​ដ៏​ត្រឹមត្រូវ ស្រប​ពេល​ដែល​កម្ពុជា​មានច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ​។ ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក នឹង​បម្រើ​ជា​មូលដ្ឋាន​គតិ​យុ​ត្ត​ដ៏​មាន​សារៈសំខាន់ ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ជា​ពិសេស ក្នុង​ការ​ការពារ​ផលប្រយោជន៍ និង​កសាង​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក៏​ដូច​ជា​ទាក់ទាញ​វិ​យោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​វិនិយោគ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​នៅ​កម្ពុជា​។

ម្យ៉ាងវិញទៀត ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ខំ​ឲ្យ​សហគ្រាស និង​អាជីវកម្ម​ជា​ច្រើន ឲ្យ​ងាក​មក​ប្រើប្រាស់​បច្ចេកវិទ្យា និង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​រក្សា​បាន​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន ហើយ​ទំនោរ​នេះ ប្រាកដជា​មិន​សាបរលាប​ទៅ​វិញ​ទេ ហើយ​ថែម​ទាំង​មាន​កំណើន​រឹតតែ​ខ្លាំង​ឡើង​នា​ពេល​អនាគត ទោះបីជា​ការ​រាតត្បាត​មាន​ភាព​ស្រាកស្រាន្ត​ក៏​ដោយ ។

ដូច្នេះ ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នឹង​ពង្រឹង​រឹតតែ​ខ្លាំង​ឡើង​នូវ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ដោយហេតុ​ថា ឯកសារ​យុទ្ធសាស្ត្រ​នេះ​បាន​ផ្តល់​គំរូ​អាជីវកម្ម​ថ្មី​មួយ​ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​ភាព​ប្រកួតប្រជែង​ខ្ពស់ ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​មាន​លក្ខណៈ​សម​ស្រប​ទៅ​នឹង​បរិបទ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​លក្ខខណ្ឌ​តម្រូវការ​ទីផ្សារ​ក្នុង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ និង​ក្រោយ​ជំងឺ​កូ​វី​ដ​១៩ ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ