ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​ក្លាយ​ជាទី​ចាប់អារម្មណ៍​​វិស័យ​អចល​ទ្រព្យ​ម្ដងទៀត​ក្រោយ​ពី​អសកម្ម​មួយរយៈពេល​ធំ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​សកម្មភាព​នៃ​ការ​វិនិយោគ​អចលនទ្រព្យ​ដូច​ជា​ដីធ្លី​និង​សំណង់​អាគារ​សណ្ឋាគារ កាស៊ីណូ និង​សំណង់​អាគារ​ពាណិជ្ជកម្ម​ផ្សេង​ៗ​នៅ​ខេត្ត​ព្រះ​សីហ​នុ ហាក់​មាន​ភាព​អសកម្ម​ខ្លាំង ចាប់តាំងពី​មានការ​ចាកចេញ​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​ក្រោយ​ការ​បិទ​ហ្គេ​ម​អន​ឡាញ​ទូ​ទាំង​ប្រទេស គួប​ផ្សំ​នឹង​ការ​ផ្ទុះ​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ជាស​កល​ផង​នោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​សកម្មភាព​នៃ​ការ​វិនិយោគ​អចលនទ្រព្យ​ដូច​ជា​ដីធ្លី​និង​សំណង់​អាគារ​សណ្ឋាគារ កាស៊ីណូ និង​សំណង់​អាគារ​ពាណិជ្ជកម្ម​ផ្សេង​ៗ​នៅ​ខេត្ត​ព្រះ​សីហ​នុ ហាក់​មាន​ភាព​អសកម្ម​ខ្លាំង ចាប់តាំងពី​មានការ​ចាកចេញ​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​ក្រោយ​ការ​បិទ​ហ្គេ​ម​អន​ឡាញ​ទូ​ទាំង​ប្រទេស គួប​ផ្សំ​នឹង​ការ​ផ្ទុះ​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ជាស​កល​ផង​នោះ ស្រាប់តែ​ពេល​នេះ​ខេត្ត​ព្រះ​សីហ​នុ​ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ឡើង​វិញ​ពី​សំណាក់​វិ​និ​យោគិ​ន​ទាំង​ជាតិ​និង​អន្តរជាតិ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុងស្រុក​និង​ក្រៅ​ស្រុក កំពុង​រៀបចំ​ជើង​ព្រូ​ល​ក្នុង​ការ​ស្វាគមន៍​វិនិយោគិន​ដែល​នឹង​បោះទុន​វិនិយោគ​នៅ​ខេត្ត​នេះ ។

លោកស្រី ហ្គ្រែ​សរ​ច​នី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Cambodia បាន
អោយ​ដឹង​ថា​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ជាប់មាត់​សមុទ្រ​ដែល​មាន​សក្ដានុពល​ប្រហាក់​ប្រ​ហល​នឹង​ទីក្រុង​ស៊ិ​ន​ជិន នៃ​ខេត្ត​ក្វា​ង​ទុង​នៃ​ប្រទេស​ចិន ដែល​ជាទី​ក្រុង​ឧស្សាហកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្ម​អន្តរជាតិ​ទីក្រុង​កំពង់​ផែ​និង​ជាទី​កំណើត​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។

លោកស្រី​បាន​និយាយ​ថា « អំណោយផល​នេះ រួម​ផ្សំ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​ដ៏​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​បាន​ទាក់ទាញ​វិនិយោគ​បរទេស​ជា​ច្រើន​មក​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​វិនិយោគិន​ចិន » ។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​មួយ​មាន​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ​និង​ជា​ប៉ូ​ល​ទី​២​ក្នុង​ការ​អភិវឌ្ឍ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ជាក់ស្ដែង​បើ​ក្រលេក​ទៅ​មើល​ទិដ្ឋភាព​រួម​នៅ​ក្នុង​ខេត្ត​នេះ គេ​ឃើញ​ថា​មានការ​រីក​ចម្រើន​ទៅ​លើ​សំណង់​អគារ​ខ្ពស់​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ។ អ្វី​ដែល​ក្រុមហ៊ុន​ភ្នាក់ងារ នៅ​កម្ពុជា​ត្រូវធ្វើ​គឺ ត្រូវ​មាន​ជំនាញ​និង​វិជ្ជាជីវៈ​ច្បាស់លាស់​ទើប​អ្នក​វិនិយោគ​មក​ដល់​ហើយ​គេ​ពេញចិត្ត​និង​មិន​ចំណាយ​ពេលវេលា​ច្រើន​សម្រាប់​ដំណើរការ​វិនិយោគ​របស់​ពួក​គេ ។

លោក​បាន​បន្ត​ថា ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ប្រឈម​នឹង​បញ្ហា តម្រូវការ​ទីផ្សារ​និង​ភ្នាក់ងារ​អចលនទ្រព្យ​កាន់តែ​ត្រូវការ​ច្រើន​ឡើង ហើយ​សម្រាប់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ខេត្ត​ដទៃ​ទៀត​ដែល​មាន​សក្ដានុពល​ខ្ពស់​ទៅ​លើ​វិស័យ​អចលនទ្រព្យ គឺ​ត្រូវការ​អ្នក​វិនិយោគ​ក៏​ដូច​ជា​ភ្នាក់ងារ​សម្រប​សម្រួលការ​វិនិយោគ​អចលនទ្រព្យ​មាន​ជំនាញ និង​វិជ្ជាជីវៈ​ច្បាស់លាស់​ទើប​ផ្ដល់​អត្ថប្រយោជន៍​ពិត​ៗ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អាច​លើកកម្ពស់​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

ខណៈ​អ្នកជំនាញ​ខាង​អចល​ទ្រព្យ​បាន​លើក​ឡើងជា​លក្ខណៈ​វិជ្ជមាន​ថា​វិស័យ​ដីធ្លី​និង​អចល​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ ហាក់​កម្រើក​ឡើង​វិញ​នោះ ម្ចាស់​មូលដ្ឋាន​មួយ​ចំនួន​បែរជា​លើក​ឡើង​ថា សភាពការណ៍​ហាក់​នៅ​ទ្រឹង​នៅឡើយ ព្រោះ​ចំនួន​អ្នក​វិនិយោគ​ជនជាតិ​ចិន​នៅ​មាន​ចំនួន​តិចតួច ខណៈ​ម្ចាស់ផ្ទះ​ជួល ឬ​អ្នក​ខ្ចី​លុយ​ពី​ធនាគារ​សាងសង់​អាគារ​ឲ្យ​ចិន​សម្រាប់​ជួល​បើក​ជាស្នាក់​ការ​ក្រុមហ៊ុន ឬ​ជួល​បើក​អាជីវកម្ម​ផ្សេង​ៗ​កំពុងទួល​ទុក្ខ​ដូច​ភ្នំ រុំ​ព័ន្ធ​ដោយ​បំណុល​ធនាគារ ។

«​ការ​ពិត មាន​អ្នក​វិនិយោគិន​ចិន​វិល​ត្រឡប់​មក​វិញ​ខ្លះ​ៗ​មែន តែ​មិន​មាន​ក្នុង​ចំនួន​ច្រើន​ទេ ខណៈ​អគារ​ជា​ច្រើន រួម​ទាំង​អគារ​របស់ខ្ញុំ​ក៏​លែង​មាន​ជនជាតិ​ចិន​ជួល​ដូច​មុន ហើយ​បើសិនជា​រយៈពេល ៣ ឬ ៤​ខែ​ទៅ​មុខ​ទៀត អត់​មាន​សកម្មភាព​ជួល​ដីធ្លី និង​អគារ​ទៀត​ទេ នោះ​ពិបាក​នឹង​ទប់ទល់​ជាមួយនឹង​ការ​ប្រាក់​នៅ​ធនាគារ​ណាស់​» ។ នេះ​ការ​លើក​ឡើង​របស់​លោក សុវណ្ណ ដែល​ជា​ម្ចាស់​អគារ​ដាក់​ជួល​មួយ​កន្លែង​នៅ​ក្រុងព្រះសីហនុ ដែល​កន្លង​មក​ធ្លាប់​ជួល​ឲ្យ​ជនជាតិ​ចិន​បាន​ចំណូល​ជាង ៤០០០ ដុល្លារ​ក្នុង​មួយ​ខែ ។

លោក​បាន​បន្ត​ទៀត​ថា ការ​ពិត​មាន​គេ​ដើរ​សួរនាំ​ច្រើន​រឿង​ទិញ​ដី និង​ជួល​អគារ តែ​សួរ​ហើយ​ក៏​បាត់​សូន្យ ហើយ​ការ​ដាក់​ជួល ឬ​លក់​ដីធ្លី​និង​អគារ​គឺ​មាន​ចំនួន​ច្រើន តែ​អត់​សូវ​មាន​អ្នកទិញ​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ