អេ យ៉ានុត ៖ បើកូវីដ១៩ស្ងប់ស្ងាត់ នឹងចាត់ចែងមង្គលការភ្លាមមិនដំអក់ឡើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខុសពីគូស្នេហ៍ដែលភ្ជាប់ពាក្យហើយកំណត់យកឆ្នាំណា ខែណា ដើម្បីរៀបការ សម្រាប់គូស្នេហ៍កញ្ញា អេ យ៉ានុត និង គូដណ្ដឹង…
រាជធានីភ្នំពេញ ៖ ខុសពីគូស្នេហ៍ដែលភ្ជាប់ពាក្យហើយកំណត់យកឆ្នាំណា ខែណា ដើម្បីរៀបការ សម្រាប់គូស្នេហ៍កញ្ញា អេ យ៉ានុត និង គូដណ្ដឹង…
រាជធានីភ្នំពេញ ៖ ខុសពីគូស្នេហ៍ដែលភ្ជាប់ពាក្យហើយកំណត់យកឆ្នាំណា ខែណា ដើម្បីរៀបការ សម្រាប់គូស្នេហ៍កញ្ញា អេ យ៉ានុត និង គូដណ្ដឹង គឺមិនដូចគ្នាទេ ដោយទាំងសាមីខ្លួន និង ឪពុកម្ដាយទាំងសងខាងសុទ្ធតែឯកភាពគ្នារៀបចំមង្គលការឱ្យបានឆាប់បំផុតមិនមានគម្រោងដំអក់ទេ ពោលគឺរង់ចាំតែកូវីដ-១៩ស្ងប់ស្ងាត់ប៉ុណ្ណោះ គឺនឹងចាត់ចែងភ្លាម ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រី សាំង សុម៉ាលី ជាម្ដាយ និងជាភរិយារបស់លោក អេ ភូថង តាមការសម្ភាសន៍ របស់ភ្នាក់ងារកោះសន្តិភាព។
បន្ទាប់ពីភ្ជាប់ពាក្យហើយកាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២០ ម្ដាយរបស់ អេ យ៉ានុត បានអះអាងថា អេ យ៉ានុត នឹងអាចកាត់បន្ថយការប្រដាល់ ឬអាចនឹងលាឈប់ឡើងសង្វៀនតែម្ដង ជាពិសេសបើនាងបានចូលរោងការរួចរាល់ ។
ម្យ៉ាងមកពីនាងយល់ថា ខ្លួនឈានដល់វ័យត្រូវធ្វើជាស្ត្រីមេផ្ទះ និងធ្វើជាភរិយារបស់អនាគតស្វាមីនោះផង ទើបគ្រួសារទាំងមូលគិតថា បើទោះជានាងនៅចង់សកម្មក្នុងពិភពប្រដាល់ ក៏មិនអាចទៅរួចនោះដែរ ។ អ្នកស្រីបន្តថា ការប្រដាល់ការពិតគ្រួសារជាពិសេសគឺខ្មោចលោកយាយរបស់នាង មិនដែលគាំទ្រនោះទេ ប៉ុន្តែមកពីនាងចង់បានលុយសម្រាប់ខ្លួនឯងផង និង ស្រលាញ់ផង ទើបចេះតែទទួលប្រដាល់រហូតក្លាយជាអាជីព ។ ក្នុងនោះសូម្បីតែគូដណ្ដឹងរបស់នាង ក៏ចង់ឱ្យអេ យ៉ានុត រយាលការប្រដាល់ផងដែរ ដោយសារតែនាងពេញវ័យ និងត្រូវត្រៀមខ្លួនចូលរោងការ។
អ្នកស្រី សាំង សុម៉ាលី បន្តថា អេ យ៉ានុត ស្រលាញ់ការប្រដាល់ ប៉ុន្តែបើឱ្យតាមចិត្តដោយទទួលឡើងរេញដដែលជាដដែល គឺមិនអាចនោះទេ ដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍អនាគតស្វាមី និងក្រុមគ្រួសារសាច់ថ្លៃ ។ យ៉ាងណាមិញបើឱ្យនាងឈប់ដាច់ ក៏មិនឈប់នោះដែរ ដោយសារតែនាងនៅស្រលាញ់ និងចង់បន្តការងារជាកីឡាការិនីជម្រើសជាតិឱ្យបានមួយរយៈសិន។ អ្នកស្រីថា ហេតុផលគឺដោយសារតែគ្រួសារទាំងសងខាង សុទ្ធតែព្រមព្រៀងគ្នាឱ្យអេ យ៉ានុត និងគូស្នេហ៍ រៀបការឱ្យបានឆាប់ ដោយមិនដំអក់យូរទេ ។
អ្នកស្រីថា ការពិតបើកូវីដ-១៩ មិនមានរាលដាល អ្នកស្រីចង់រៀបការឆាប់ៗផង ដើម្បីឱ្យកូនមានលំនឹង ប៉ុន្តែបណ្ដាលមកពីខ្លាចខ្សត់ភ្ញៀវទើបត្រូវរង់ចាំ ។ អ្នកស្រីថា មង្គលការនឹងនៅតែប្រកាន់ជំហរធ្វើឡើងឆាប់ៗ ដោយតាមគម្រោងឱ្យតែកូវីដ-១៩ស្ងប់ស្ងាត់ពេលណា នឹងទៅរកគ្រូមើលខែថ្ងៃសិរីពេលហ្នឹង ហើយបានវេលាថ្ងៃណារៀបការថ្ងៃហ្នឹងតែម្ដង គឺអត់រង់ចាំទេ ។
អ្នកស្រីថា បើទោះជារៀបការហើយ ក៏យ៉ាងហោចណាស់ អេ យ៉ានុត នៅធ្វើជាកីឡាការិនីជម្រើសជាតិរហូតដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ទើបពិចារណាក្នុងការកាត់បន្ថយ ឬលាឈប់ពីការប្រដាល់ដែលខំតស៊ូ ។ ក្នុងនោះ អ្នកស្រីក៏នៅតែជំរុញឱ្យកូនស្រីបន្តការងារជាគ្រូបង្វឹក ឬ ការងារជួយដល់សហព័ន្ធ ជំនួសឱ្យការកាត់បន្ថយការឡើងរេញផងដែរ ។ អ្នកស្រីថា កូនប្រសាមិនហាមឃាត់កូនស្រីអ្នកស្រីឡើងប្រកួតនោះទេ ប៉ុន្តែនាងក៏មិនអាចមានគូដណ្ដឹងឬស្វាមីទៅហើយចេះតែឡើងប្រកួតដោយគ្មានពេលធ្វើខ្លួនជាស្ត្រីមេផ្ទះបានទេ ។
អ្នកស្រីថា រាល់ការឡើងប្រកួត គឺរវល់ច្រើនណាស់ ទាំងការត្រៀមខ្លួន ទាំងការគិតច្រើន និងការហ្វឹកហាត់ត្រៀម ដូច្នេះ ហើយទើបនាងពិបាកក្នុងការទទួលប្រកួតច្រើនក្រោយពេលមានគូ ដោយនាងបញ្ជាក់ថា គឺដើម្បីទុកពេលធ្វើខ្លួនឱ្យសមជាស្ត្រីម្ដង។
យោងតាមការអះអាង កញ្ញា អេ យ៉ានុត បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូដណ្ដឹងឈ្មោះ លៀប ប៉ហេង កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២០ បន្ទាប់ពីបានចំណាយពេលស្វែងយល់ចិត្តគ្នាជាយូរមកហើយ ដោយមានឪពុកម្ដាយទាំងសងខាងទទួលដឹងឮ ។ គូដណ្ដឹងរបស់នាងត្រូវបានគេអះអាងថា គឺជាមន្ត្រីបម្រើការនៅក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ តែនៅមិនទាន់ដឹងថា មានតួនាទីជាអ្វីនៅឡើយទេ ដោយគ្រាន់តែមានការបង្ហើបថា គឺជាកូនអ្នកមានមុខមាត់ម្នាក់ដែរនៅក្នុងជួរមន្ត្រីរាជការ។
អ្នកទាំងពីរធ្លាប់ត្រូវបានគេឃើញបណ្ដើរគ្នា និងស្រលាញ់ពេញចិត្តគ្នាជាយូរមកហើយ តែមកពីមិនសូវមានការចាប់អារម្មណ៍ ទើបម្នាក់ៗមានការភ្ញាក់ផ្អើលនៅពេលអេ យ៉ានុត បង្ហាញមុខគូដណ្ដឹងនៅថ្ងៃភ្ជាប់ពាក្យ ។ ពិធីនេះ ក៏បង្ហាញថា កីឡាការិនីរូបនេះរកឃើញគូអនាគត ខុសពីការបារម្ភរបស់អ្នកគាំទ្រដែលថា កីឡាការិនីប្រដាល់នឹងពិបាករកគូស្នេហ៍ ដោយសារតែបុរសៗមិនសូវចង់បាននារីៗពូកែក្បាច់គុន និងវាយតប់ដើម្បីយកមកធ្វើជាភរិយានោះ ។
អ្នកទាំងពីរនៅមិនទាន់កំណត់ពិធីមង្គលការពេលណាឱ្យប្រាកដនៅឡើយទេ នៅក្នុងកាលៈទេសៈ ដែលជំងឺកូវីដ-១៩នៅមិនទាន់ស្ងប់ស្ងាត់នាពេលនេះ ។ ភាគីខាងលោក អេភូថង បានត្រឹមតែបង្ហើបថា នឹងចាំអ៊ុតមើលវេលាសិន ហើយបើល្អត្រូវចំខែណា ពេលណាគឺនឹងចាត់ចែងតាមហ្នឹង ៕
ចែករំលែកព័តមាននេះ