ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យនេះ​ ​មាន​អ្នក​កើត​ឃ្លង់​ប៉ុន្មាន​​ដែល​ទទួល​ការ​ព្យាបាល ?

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មិន​ថា​ក្មេង​ឬ​ចាស់​នោះ​ទេ ឲ្យ​តែ​កើត​ជំងឺ​ហង់​សិន​ដែល​ពី​ដើម​ហៅ (​ឃ្លង់​) ត្រូវ​បាន​គេ​នាំ​មក​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ត្រើង ស្ថិត​នៅ​ក្នុង​ឃុំ​មៀន ស្រុក​ព្រៃឈរ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ។ តែ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​គឺ​ខុស​គ្នា​យ៉ាង​ស្រឡះ…

ខេត្តកំពង់ចាម ៖ មិន​ថា​ក្មេង​ឬ​ចាស់​នោះ​ទេ ឲ្យ​តែ​កើត​ជំងឺ​ហង់​សិន​ដែល​ពី​ដើម​ហៅ (​ឃ្លង់​) ត្រូវ​បាន​គេ​នាំ​មក​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ត្រើង ស្ថិត​នៅ​ក្នុង​ឃុំ​មៀន ស្រុក​ព្រៃឈរ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ។ តែ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​គឺ​ខុស​គ្នា​យ៉ាង​ស្រឡះ អ្នក​កើត​ជំងឺ​នេះ ដោយ​គ្រាន់​មក​ទទួលយក​ថ្នាំ​ព្យាបាល ហើយ​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​សហគមន៍​វិញ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​រើសអើង ។

លោកតា មុ​ិ​ច ឃិ​ន អាយុ​៧៦​ឆ្នាំ មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា​២០២០​ថា ដើមដំបូង​គាត់​ចេញ​រោគ​សញ្ញា​ហើម​ម្រាមដៃ​ម្រាមជើង នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣ ក្នុង​គ្រានោះ​ត្រូវ​បាន​បងប្អូន នាំ​យក​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ តែ​ជំងឺ​មិន​បាន​ថមថយ​ទេ ។ លុះ​មក​ដល់​ឆ្នាំ​១៩៩៨ ទើប​ដឹង​ថា​ជា​ជំងឺឃ្លង់​ក៏​បាន​រត់​ចេញពីផ្ទះ មក​សំងំ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ត្រើង ដែល​ជា​កន្លែង​ព្យាបាល​ជំងឺឃ្លង់ ។

លោកតា​ឃិ​ន មាន​ប្រសាសន៍​បន្ត​ថា នៅ​ទី​នេះ​គឺ​មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​នេះ តែ​មួយ​មុខ​គត់ ។ ដោយសារ​តែ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​ឱ្យ​ជំងឺ​របស់​គាត់​បាន​ចាប់ផ្ដើម​ជា​ស្ទើរតែ​១០០​ភាគរយ ។ ទោះជា​បែប​នេះ​ក្តី គាត់​មិន​បាន​ត្រឡប់​ទៅ​រស់នៅ​ផ្ទះ​នៅ​ក្នុងស្រុក​ព្រៃឈរ​វិញ​ទេ គឺ​បាន​ស្ម័គ្រចិត្ត​រស់នៅ​ក្នុង​មន្ទីរពេទ្យ​ត្រើង ធ្វើ​ជា​អ្នក​បោសសម្អាត​អនាម័យ ។ គាត់​មានកូន​ប្រុស​ស្រី​ចំនួន​៦​នាក់ ។ ក្នុង​ចំណោម​កូន​ទាំងនោះ​មិន​មាន​នរណា​ម្នាក់​កើត​ជំងឺឃ្លង់​នោះ​ទេ គឺ​កើត​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ ។ ជំងឺ​នេះ​មុន​ពេល​មក​មន្ទីរពេទ្យ គាត់​កើត​មាន​ដំបៅ​ស៊ី​តាម​ម្រាមដៃ​ម្រាមជើង តែ​សំណាង​បាន​មក​រក​ពេទ្យ​ទាន់​ពេល បើ​ពុំនោះ នឹង​ស៊ីដាច់​ម្រាមដៃ​ម្រាមជើង​អស់​ជាក់​ជា​មិន​ខាន ។

មាន​ប្រសាសន៍​បណ្ដើរ​លោកតា​ទំលាក់​ទឹកមុខ​រាង​ស្រងូតស្រងាត់ ដោយ​ពោល​ពាក្យ​ថា​«​ខ្ញុំ​មិន​ទៅ​នៅផ្ទះ​វិញ​នោះ​ទេ ព្រោះ​សាច់ញាតិ​មានការ​រើសអើង ដោយសារ​តែ​ឃើញ​គាត់​កើត​ជំងឺឃ្លង់​» ។ ក្នុង​រដូវ​បុណ្យ​ទាន​កូន​ៗ តែងតែ​មក​លេង​គាត់​ដល់​មន្ទីរពេទ្យ ជូន​លុយ​សម្រាប់​ទុក​ចាយ​នឹង​ធ្វើបុណ្យ​ដាក់​ទាន ។ រាល់ថ្ងៃ​បើ​គាត់​មិន​ដើរទៅ​ឆ្ងាយ​នោះ មុខរបួស​ដំបៅ​ជើង​ដែល​ជា​ខ្លះ​ៗ​ហើយ​មិន​អី​នោះ​ទេ តែបើ​បាន​ដើរ​ច្រើន ដំបៅ​នឹង​រើ​ឡើង​វិញ ។

លោកតា ជឹ​ង ជឿន អាយុ​៨២​ឆ្នាំ មាន​ទីលំនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មន្ទីរពេទ្យ​ត្រើង មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កាលពី​វ័យ​១៣​ឆ្នាំ ក្នុង​គ្រា​បួស​ជា​សង្ឃ​នៅ​ក្នុងស្រុក​ឆ្លូង ខេត្ត​ក្រចេះ គាត់​បាន​កើត​ជំងឺឃ្លង់ ។ គាត់​ថា ក្នុង​គ្រានោះ​សម័យ​សង្គមរាស្ត្រនិយម ក៏​បាន​រត់​មក​មន្ទីរពេទ្យ​ត្រើង នៅ​ក្នុង​ខេត្តកំពង់ចាម ដើម្បី​ព្យាបាល​ជំងឺ ដោយ​បាន​បួស​រៀន​ព្រះធម៌​នៅ​វត្ត​ត្រើង បាន​ច្រើន​វស្សា ។ លុះ​មក​ដល់​ឆ្នាំ​១៩៦២ ក៏​បាន​សឹក​រៀប​ការ​ប្រពន្ធ​មានកូន​រហូត​ដល់​៧​នាក់ ។​

ជំងឺឃ្លង់​បាន​ស៊ី​ម្រាមជើង​របស់​គាត់ ធ្វើ​ឲ្យ​ដៃ​ម្ខាង​ក្រ​ញ៉​ង់​មួយ​ចំហៀង មក​ដល់​សព្វ​ថ្ងៃនេះ​គឺ​បានជា​សះដំបៅ​អស់ហើយ ។ ក្នុង​ករណី​ដំបៅ​ខ្លាំង​ត្រូវ​ទៅ​ព្យាបាល​នៅ​គៀន​ឃ្លាំង រាជធានី​ភ្នំពេញ ។ គាត់​រៀបរាប់​ថា កូន​របស់​គាត់​ទាំង​៧​នាក់ បាន​បង្កើតកូន​រួម​ទាំង​មាន​ចៅ​និង​ចៅទួត​សរុប​ជាង​២០​នាក់ ក្នុង​ចំណោម​អ្នក​ទាំងនោះ មិន​មាន​នរណា​ម្នាក់ កើត​ជំងឺឃ្លង់​ទេ ព្រមទាំង​មាន​សុខភាព​ល្អ​ទៀត​ផង ដូច្នេះ​ពាក្យ​ថា ឃ្លង់​បន្ត​ពូជ​គឺ​មិន​ពិត​ទេ ។

លោក ជិន យ៉េន ប្រធាន​មន្ទីរពេទ្យ​ត្រើង មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា កាលពី​សម័យ​សង្គមរាស្ត្រនិយម​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ខេត្ត ដែល​កើត​ជំងឺឃ្លង់ ត្រូវ​នាំ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​លោក ។ ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ ប្រជាពលរដ្ឋ​ស្ទើរតែ​គ្រប់​ខេត្ត​បាន​មក​ទទួល​សេវា​ព្យាបាល​ជំងឺឃ្លង់​នៅ​ទី​នេះ​ដោយ​មិន​យក​កម្រៃ​នោះ​ទេ ព្រមទាំង​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត​គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​ផង​ដែរ ។

លោក​ប្រធាន​មន្ទីរពេទ្យ​ត្រើង​មាន​ប្រសាសន៍​បន្ត​ថា សព្វថ្ងៃ​ថ្នាំ​ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺឃ្លង់ គឺ​MDT ដែល​ព្យាបាល​ឱ្យ​អ្នកជំងឺ​បានជា​ដាច់ ហើយ​ករណី​លាប់​ឡើង​វិញ​មាន​ចំនួន​តិចតួច​បំផុត ។ ជាមួយ​នោះ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ស្ថាប័ន​ក្រសួងសុខាភិបាល និង​អង្គការ​អូរ​ម៉ា​ល់ ចំពោះ​អ្នកជំងឺ​ដែល​មក​ទទួល​ថ្នាំ​គ្រាប់​១​បន្ទះ អាច​ប្រើ​បាន​រយៈពេល​១​ខែ រួម​នឹង​ការ​ព្យាបាល​លាងមុខ​របួស​ដំបៅ​ដៃជើង តម្រូវ​ឱ្យ​អ្នកជំងឺ​វិល​ត្រឡប់​ទៅ​រស់នៅ ក្នុង​សហគមន៍​វិញ​ដើម្បី​បញ្ចៀស​ពី​ការ​រើសអើង ។

សព្វថ្ងៃ​នៅ​ត្រើង​នេះ មិន​មាន​ដាក់​ផ្លា​កភូមិ​ត្រើង​នោះ​ទេ ដោយនៅ​មាត់​ច្រកចូល​ខ្លោងទ្វារវត្ត​ត្រើង គឺ​ដាក់​មន្ទីរពេទ្យ​ហង់​សិន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ បានឃើញ​និង​ស្គាល់ ។ ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​លើក​ឡើង​ថា​កូនក្រមុំ​អ្នក​ត្រើង ដែល​មាន​រូបឆោម​ស្អាត​ពេល​ដែល​មានកូន​មួយ​នឹង​កើត​ជំងឺឃ្លង់ នោះ​ជា​រឿង​មិន​ពិត​ទេ គ្រាន់តែ​ជា​ការ​និយាយ​ត​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ​តែ​ប៉ុណ្ណោះ ។

លោក​ថា តាម​ដែល​រូប​លោក​បានដឹង ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ មក​ដល់​សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺឃ្លង់ សរុប​មាន​ចំនួន​ប្រមាណ​មិន​ដល់​១.០០០​នាក់​ទេ ដែល​បាន​មក​ទទួលយក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហង់​សិន​នេះ ។ អ្នក​ធ្ងន់​ដេក​ព្យាបាល អ្នក​កើត​ថ្មី​ៗ​បាន​ផ្តល់​ថ្នាំ​ឱ្យ​យក​ទៅ​ព្យាបាល ។ ចំណែក​ចាស់​ៗ​ដែល​នៅ​សល់​ពី​ការ​ព្យាបាល​ជំងឺឃ្លង់ កំពុង​រស់នៅ​ក្នុងភូមិ​ត្រើង​សព្វ​ថ្ងៃនេះ​មាន​ក្នុង​រង្វង់ ចន្លោះ​ពី​៣០​ទៅ​៤០​នាក់​តែ​ប៉ុណ្ណោះ ហើយ​ជំងឺ​នេះ​មិនមែន​ជា​ប្រភេទ​ជំងឺតពូជ​ពី​ឪពុក​ទៅ​កូន​និង​ចៅ​នោះ​ទេ សូមកុំ​យល់​ច្រឡំ ៕

អត្ថបទសរសេរ ដោយ