ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់ម្នាក់​ធ្លាក់​ពីលើ​រន្ទារបួស​ដេក​នៅ​ផ្ទះ​៣​ឆ្នាំ ទាល់​តែឈឺធ្ងន់​ទើប​ចូល​ពេទ្យដោយ​សារ​គ្មាន​ប្រាក់​ព្យាបាល

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ដោយសារ​តែ​ជីវភាព​ក្រីក្រ​មាន​តែ​ម្តាយ​ចាស់​ដើរ​រើស​អេ​ត​ចាយ​យក​ប្រាក់​ចិញ្ចឹម​កូនប្រុស​ដែល​ជា​កម្មករ​សំណង់​ធ្លាក់​ពីលើ​រន្ទា​កម្ពស់​២​ជាន់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ដេក​នៅផ្ទះ

រាជ​ធានីភ្នំពេញ ៖ ដោយសារ​តែ​ជីវភាព​ក្រីក្រ​មាន​តែ​ម្តាយ​ចាស់​ដើរ​រើស​អេ​ត​ចាយ​យក​ប្រាក់​ចិញ្ចឹម​កូនប្រុស​ដែល​ជា​កម្មករ​សំណង់​ធ្លាក់​ពីលើ​រន្ទា​កម្ពស់​២​ជាន់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ដេក​នៅផ្ទះ ទាល់តែ​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ទើប​សម្រេចចិត្ត​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ កាលពី​១៦ ​មករា កន្លង​មកនេះ ។

បើ​តាម​សម្តី​លោកយាយ​ឈ្មោះ វ៉ា ស៊ីវ អាយុ​៧៦​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ​ និង​ដើរ​បេះ​ត្រកួន​លក់ ស្នាក់​នៅ​ក្នុង​ខ្ទម​ធ្វើ​ពី​ស័ង្ក​សី​ទំហំ​៣​គុណ​៤​ម៉ែត្រ នៅ​ជាប់​របង​មន្ទីរពេទ្យ​ព្រះកុសុមៈ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹង​ថា ជីវភាព​គាត់​ក្រីក្រ​ណាស់ អត់​ផ្ទះ សម្បែង​ស្នាក់​នៅទេ កូនខ្ទម​ដែល​រស់នៅ​រស់​ថ្ងៃ​សុំ​ដី​គេ​ស្នាក់​នៅ​បណ្តោះអាសន្ន​ទេ ហើយគាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​២​នាក់ ដែល​កូនប្រុស​បង​ឈ្មោះ វ៉ា គង់ អាយុ​៥២​ឆ្នាំ អតីតជា​កម្មករ​សំណង់ មាន​ប្រពន្ធ ប៉ុន្តែ​ពេល​ដែល​ប្តី​​ទៅ​ធ្វើការ​សំណង់​ហើយ​​​ធ្លាក់​ពីលើ​រន្ទា​កម្ពស់​២​ជាន់​បណ្តាល​ឲ្យ​រង​របួស​ធ្វើការ​លែង​កើត​ប្រពន្ធ​បាន​រត់​ចោល​​ ។

ម្តាយ​ចាស់​បាន​ឲ្យ​ដឹង​ទៀត​ថា​ កូន​ទី​២​ដែល​ជា​កូនប្រុស​ពៅ​របស់​គាត់​ឈ្មោះ វ៉ា ឌី អាយុ​៣២ឆ្នាំ ​​រយៈពេល​ជាង​២​ខែ​មក​ហើយ​បាន​ទៅ​ឈរ​មើល​គេ​វាយ​គ្នា​ត្រូវ​បាន​គេ​ចោទ​ថា កូន​របស់​គាត់ជា​អ្នក​បង្ក​បាន​ចាប់​ដាក់​ពន្ធនាគារ​ព្រៃ​សទៀត ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​កាន់តែ​ដុនដាប​ដោយសារ​តែ​នៅ​ក្នុង​គ្រួសារ​មាន​តែ​គាត់​ម្នាក់​ខំ​ដើរ​រើស​អេ​ត​ចាយ ដើរ​បេះ​ត្រកួន​យកប្រាក់​ទិញ​ថ្នាំ​ព្យាបាល​ជម្ងឺ​កូន​នៅផ្ទះ មិន​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ដោយសារ​តែអត់​មាន​លុយ រហូត​កូន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ទើប​គាត់​សម្រេចចិត្ត​យក​កូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

កូន​លោក​យាយ​សម្រាក​នៅ​មន្ទីរ​ពេទ្យដោយ​មិន​មាន​បង់​ថ្លៃ​ពេទ្យទេ ប៉ុន្តែ​លោក​យាយ​អត់មាន​លុយទិញ​អាហារ​ហូប​ទេ បាន​អ្នកជម្ងឺ​នៅ​គ្រែ​ជិត​គ្នា​ឲ្យ​ម្នាក់​បន្តិច​យក​ទៅ​ទិញ​អាហារ​ឲ្យ​កូនហូប ។ ដូន​ចាស់​សូម​អំពាវនាវ​ឲ្យ​សប្បុរសជន​ទាំងអស់​មេត្តា​ជួយ​គាត់​ និង​កូនប្រុស​របស់គាត់​ផង ៕