ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានករណីផ្ទុះជម្ងឺគ្រុនឈីក នៅក្រុងប៉ោយប៉ែត អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវវិធានការដល់គ្រប់អាជ្ញាធរក្រុង-ស្រុកទាំង៩ ក្នុងខេត្តចុះយុទ្ធនាការចុះចែកថ្នាំអាប៊ែត និងធ្វើការកម្ចាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លង ជំងឺគ្រុនឈាម ឬគ្រុនឈីក។ ដោយក្នុងនោះរដ្ឋបាលស្រុកមង្គលបូរី ដឹកនាំដោយឯកឧត្តម លី សារី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំធ្វើការចុះចែកថ្នាំ អាប៊ែត សម្អាតបរិស្ថានកាប់ឆ្ការព្រៃដែលជាជម្រកមូសខ្លា តាមដងផ្លូវសាធារណៈ។
ដោយមានការចូលពីថ្នាក់ដឹកនាំមន្ទីសុខាភិបាល ថ្នាក់ដឹកនាំស្រុក កងកម្លាំងប្រដាប់អាវុធ យុវជនកាកបាទក្រហមកម្ពុជា យុវជនសសយកបានស្រុកចូលរួម។ នាឱកាសនោះនោះដែរ ឯកឧត្តម លី សារី ក៏បានចុះដាក់ថ្នាំអាប៊ែត តាមខ្នងផ្ទះរបស់បងប្អូនពលរដ្ឋ នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរីនោះផងដែរ។ ជាមួយគ្នានោះអភិបាលរងខេត្តក៏បានណែនាំ ដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ឬជំងឺគ្រុនឈីក ដែលកំពុងកើតមាននៅក្នុង ប្រទេសកម្ពុជាយើងនេះ ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត មានករណីផ្ទុះជម្ងឺគ្រុនឈីក ដោយសារតែទីតាំងរបស់ពួកគាត់រស់នៅ មិនមានអនាម័យ ពិសេសជាសម្បូរទៅដោយជម្រករបស់មូសខ្លា។
ហើយជំងឺនេះវាបណ្តាលមកពីមូសខ្លាញីខាំនៅពេលថ្ងៃ ដែលវាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ឬគ្រុនឈីក។ ដូច្នេះដើម្បីជាវិធានការការពារពីការចម្លងជំងឺនេះ លោកបានអំពានាវដល់បងប្អូនពលរដ្ឋ អាជ្ញាធរទាំងអស់ ត្រូវរួមគ្នាលុបបំបាត់ជម្រកមូសខ្លា តាមរយៈការដាក់ថ្នាំ អាប៊ែតក្នុងពាង ឬអាងទឹកជាដើម លុបបំបាត់កន្លែងដែលមានដក់ទឹកដូចជា ៖ សម្បកកង់ឡាន សម្បកដូង សំបកកំប៉ុង កាប់ឆ្ការព្រៃដែលជាជម្រកមូសខ្លាចេញ។ ពិសេសត្រូវដេកក្នុងមុងជាប្រចាំមិនថាពេលថ្ងៃ ឬពេលយប់ឡើយ បន្ទប់ត្រូវមានអនាម័យ បើកបង្អូចឲ្យខ្យល់ចេញចូលល្អ ត្រូវស្លៀកពាក់ខោអាវ វែងៗកុំឲ្យមូសខ្លាខាំ។
និងត្រូវចូលផ្សព្វផ្សាយបន្តទៅគ្រប់មូលដ្ឋាន ដើម្បីឲ្យពលរដ្ឋបានដឹង និងអនុវត្តរួមគ្នាលុបបំបាត់ជំងឺគ្រុនឈាម ឬគ្រុនឈីកកុំឲ្យកើតមាន។ គូបញ្ជាក់ផងដែរថា ៖ ការដាក់នូវវិធាន និងបើកយុទ្ធនាការចុះចែកថ្នាំ អាប៊ែតនេះ ត្រូវបានធ្វើឡើងទូទាំង៩ក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ក្នុងន័យបំផុសឲ្យបងប្អូនពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ឬគ្រុនឈីក ដោយរដូវនេះជារដូវស្សា ហើយក៏សម្បូទៅដោយជម្រកមូសខ្លាផងដែរ។ ដូច្នេះហើយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តក៏បានដាក់ចេញវិធានការភ្លាមៗផ្តល់ថ្នាំ អាប៊ែត ទៅដល់ក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីចុះចែកជូនដល់ពលរដ្ឋនៅមូលដ្ឋាន៕ ដោយ ៖ ណុប រក្សា
ចែករំលែកព័តមាននេះ