ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​អាច​រក​ប្រាក់​ចំណេញ​ក្នុង​១​ឆ្នាំ​ៗ​ពី​ការ​ចិញ្ចឹម​កង្កែប និង​ត្រី​អណ្តែង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះវិហារ ៖ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បានឱ្យ​ដឹង​ថា ប្រជា​កសិករ​ម្នាក់​ឈ្មោះ កសិករ អ៊ុ ហុ​ក​លី…

ខេត្តព្រះវិហារ ៖ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បានឱ្យ​ដឹង​ថា ប្រជា​កសិករ​ម្នាក់​ឈ្មោះ កសិករ អ៊ុ ហុ​ក​លី រស់នៅ​ក្នុងភូមិ​ពោធិ៍​ឃឿ​ន ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ដែល​គាត់​បាន​ចាប់ផ្តើម​សាកល្បង​ចិញ្ចឹម​កង្កែប ក្នុង​តង់​ផ្លា​ស្ទិ​ក តាំងពី​ឆ្នាំ​២០១៨ ចំនួន ០៥​តង់ សរុប ៦០​ម៉ែត្រក្រឡា និង​ចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​តង់​ប្លា​ស្ទិ​ក​ចំនួន ០២​តង់ សរុប ៤០​ម៉ែត្រក្រឡា​។

នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បន្ត​ថា ជា​មធ្យម​កសិករ​រូប​នេះ អាច​ចិញ្ចឹម​កង្កែប និង​ត្រី​អណ្តែង​បាន​ក្នុង​មួយ​ឆ្នាំ​៣​ដង ក្នុង​នោះ​កង្កែប​ចាប់​លក់ ១៨០០​គីឡូក្រាម ក្នុង​មួយ​ឆ្នាំ ទទួល​បាន​ប្រាក់​ចំណេញ ប្រមាណ ១០,៥​លាន​រៀល និង​ត្រី​អណ្តែង​ចាប់​លក់​បាន ២៧០០​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​ជាង ២៤​លាន​រៀល​។

លោក​ប្រធាន​មន្ទីរ បន្ថែម​ទៀត​ថា ក្រៅពី​នេះ​ក៏​នៅ​មាន​គម្រោង​ដៃគូ​ផ្សេង​ទៀត បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្តល់​នូវ​បច្ចេកទេស ដល់​កសិករ​ចិញ្ចឹម​ត្រី​ចំនួន ២៥០​គ្រួសារ និង​ចងក្រង​ជា​បណ្តុំ​កសិករ​ចំនួន ០២​បណ្តុំ ដើម្បី​ងាយស្រួល​ក្នុង​ការ​ចរចា​ជាមួយ​ទីផ្សារ​។ នៅ​ក្នុង​បរិការណ៍​នៃ​ការ​រាលដាល​ជំងឺ​កូ​វី​ដ ១៩ នេះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​ទទួល​កញ្ចប់​ថវិកា​ពិសេស​ពី​រាជរដ្ឋាភិបាល តាម​រយ​:​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្រាប់​ចុះ​អនុវត្ត​សកម្មភាព​គាំទ្រ​ទុន និង​បច្ចេកទេស​ចិញ្ចឹម​ត្រី​អណ្តែង​ចំនួន ១០០​គ្រួសារ កសិករ​ចិញ្ចឹម​កង្កែប​ចំនួន ៧០​គ្រួសារ និង​កសិករ​ផលិត​កូន​ត្រី​ចំនួន ០៥​គ្រួសារ​។

នៅ​ក្នុង​ឳ​កាស​ចុះ​ជួប​សំណេះសំណាល ជាមួយ​ប្រជា​កសិករ​ក្នុង​ខេត្ត​នេះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក ប្រាក់ សុវណ្ណ អភិបាល​នៃ​គណ​:​អភិបាល​ខេត្តព្រះវិហារ និង​សហការី ក៏​បាន​ចែក​តង់​ផ្លា​ស្ទិ​ក កូន​ត្រី​អណ្តែង កូន​កង្កែប និង​ចំណី​ត្រី ដល់​កសិករ​ចំនួន ៥០​គ្រួសារ នៅ​ក្នុងភូមិ​ពោធិ​ឃឿ​ន ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​នេះ​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បាន​សម្តែង​សេចក្តី​រីករាយ ដែល​វា​ជា​ការ​បង្កើន​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជា​កសិករ​។ ជាក់ស្តែង​នៅ​ព្រឹក​នេះ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​នាំ​យក​មក​នូវ សម្ភា​:​មួយ​ចំនួន​ដើម្បី​ចែក​ជូន​កសិករ​ជា​និម្មិតរូប​ចំនួន ៥០​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួល​បាន កូន​ត្រី​អណ្តែង ៧០០​ក្បាល ឬ​កូន​កង្កែប ៤០០​ក្បាល និង​ចំណី​ចំនួន ១០០​គីឡូក្រាម​។

លោក​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ដល់​កសិករ​គ្រប់​រូប​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចិញ្ចឹម​ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ទីផ្សារ​របស់​យើង​ឱ្យ​បាន​ពេញលេញ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អាជ្ញាធរ​ខេត្ត មេត្តា​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស​ឱ្យ​បាន​ពេញលេញ និង​តាមដាន​ពិនិត្យ​ក្នុង​ករណី​កសិករ​ជួប​បញ្ហា​ប្រឈម​នានា ដើម្បី​ដោះស្រាយ​បាន​ទាន់​ពេលវេលា ហើយ​ក៏​ត្រូវ​រៀបចំ​យន្តការ​ដោះស្រាយ​ទីផ្សារ​ជូន​កសិករ ជៀសវាង​បញ្ហា​អ​ស្ថេ​រ​ភាព​តម្លៃ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ