ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​បញ្ជាក់​ពី​មូលហេតុ​ផ្អាក​ជើងហោះហើរ​ពី​ម៉ា​ឡេ​ស៊ី​និង​ឥណ្ឌូ​នេ​ស៊ី​មក​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​អនុញាតិ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ឥណ្ឌូ​នេ​ស៊ី និង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ខែសីហា​នេះ​តទៅ ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី ២៥ កក្កដា ឆ្នាំ ២០២០…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​អនុញាតិ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ឥណ្ឌូ​នេ​ស៊ី និង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ខែសីហា​នេះ​តទៅ ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី ២៥ កក្កដា ឆ្នាំ ២០២០ បាន​បញ្ជាក់​ថា​មូលហេតុ​គឺ​ដោយសារ​តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គឺ​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ ១៩ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ចេញពី​ជើងហោះហើរ​នៃ​ប្រទេស​ទាំង​ពីរ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា «​ក្នុង​រយៈពេល​ចុង​ក្រោយ​ចាប់ពី​ថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី ២៥ ខែកក្កដា ឆ្នាំ ២០២០​នេះ ក្រសួងសុខាភិបាល សង្កេត​ឃើញ​ថា មាន​អ្នកដំណើរ​តាម​ជើងហោះហើរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី បាន​រក​ឃើញ​ករណី​ឆ្លងវីរុស​កូ​វី​ដ ១៩ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្តែង​ចំនួន​អ្នក​វិជ្ជមាន​នៃ​វីរុស​កូ​វី​ដ ១៩ មាន ១០៨​នាក់ ក្នុង​នោះ​ភាគច្រើន​តាម​ជើងហោះហើរ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី (៥៥​នាក់ លើ​១០៨​នាក់​) និង​ឥណ្ឌូ​នេ​ស៊ី លើ​អ្នកដំណើរ​សរុប​ចំនួន ២៣,៥៦៧​នាក់​» ។

ក្រសួងបានបន្ត​ថា «​ម្យ៉ាងវិញទៀត ចាប់ពី​ខែសីហា និង​ខែកញ្ញា តទៅ ប្រទេស​យើង​នឹង​មានការ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ជាតិ​ជា​ច្រើន​ថ្ងៃ ដែល​តម្រូវ​ឲ្យ​យើង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​កិច្ច​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ ១៩» ។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល ដោយ​ក្នុង​នោះ​ក្រសួង​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ «​ត្រូវ​បន្ត​អនុវត្ត​វិធាន​ការពារ​ខ្លួន​ជា​ចាំបាច់ ដើម្បី​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត និង​កុំ​ឲ្យ​មាន​រលក​ទី​ពីរ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ ១៩» ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៥ កក្កដា កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ សរុប ២២៥​នាក់ (​ស្រី ៤៦ នាក់​និង​បុរស ១៧៩​នាក់​) ដែល​ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​បាន​ចំនួន ១៤៣ នាក់ ឬ​ស្មើនឹង ៦៣,៥៥% ធៀប​នឹង​ចំនួន​ឆ្លង​សរុប​ទូ​ទាំង​ប្រទេស និង​ករណី​ស្លាប់ «​គ្មាន​» ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ