ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ នៅ​កម្ពុជា​កាន់តែ​ធ្ងន់​បន្ទាប់​ពី​ការ​បើក​ការ​ហោះហើរ​កាន់តែ​ទូលាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្ថានភាព​កូ​វី​ដ​១៩ នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ការ​បើក​អោយ​មានការ​ហោះហើរ​ចូល​ប្រទេស​កម្ពុជា​ដោយ​ជំរុញ​អោយ​មន្ត្រី​ជំនាញ​ព្រមាន​ថា ការ​ឆ្លង​រាលដាល​ជា​សហគមន៍​មិនមែន​មិន​អាច​កើត​នៅ​កម្ពុជា​ឡើយ ហើយ​អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ។ ក្រសួងសុខាភិបាល​បានអោយ​ដឹង នៅ​ថ្ងៃ​សៅរ៍​នេះ​ថា បាន​រក​ឃើញ​អ្នកមាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ចំនួន​២៣​នាក់​ទៀត ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​១៩​នាក់…

ស្ថានភាព​កូ​វី​ដ​១៩ នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ការ​បើក​អោយ​មានការ​ហោះហើរ​ចូល​ប្រទេស​កម្ពុជា​ដោយ​ជំរុញ​អោយ​មន្ត្រី​ជំនាញ​ព្រមាន​ថា ការ​ឆ្លង​រាលដាល​ជា​សហគមន៍​មិនមែន​មិន​អាច​កើត​នៅ​កម្ពុជា​ឡើយ ហើយ​អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ។

ក្រសួងសុខាភិបាល​បានអោយ​ដឹង នៅ​ថ្ងៃ​សៅរ៍​នេះ​ថា បាន​រក​ឃើញ​អ្នកមាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ចំនួន​២៣​នាក់​ទៀត ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​១៩​នាក់ និង​ឥណ្ឌូ​នេ​ស៊ី​ចំនួន​៤​នាក់ ។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ ក្រសួងសុខាភិបាល​និយាយ​ថា ក្នុង ចំណោម​២៣​នាក់​នោះ គឺ​មាន​៨​នាក់​បាន​​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​ពី​ឥណ្ឌូ​នេ​ស៊ី ដោយ​ឆ្លងកាត់​ម៉ា​ឡេ​ស៊ី និង​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ។

ចំណែក​១៥​នាក់​ទៀត គឺ​ធ្វើ​ដំណើរ​មក​ពី​រុ​ស្សី និង​អា​រ៉ាប់​ប៊ី​សា​អូឌីត​ហើយ​មក​ដល់​កម្ពុជា​កាល ពី​ថ្ងៃ​ទី​១៩ ខែកក្កដា ។ ការ​រក​ឃើញ​ថ្មី​នេះ បាន​ធ្វើ​អោយ​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​បាន​រក​ឃើញ​សរុប​មាន​ចំនួន​២២៥​នាក់ ក្នុង​នោះ​ជា​សះស្បើយ​ចំនួន​១៤៣​នាក់ ។ ខែកក្កដា​នេះ គឺជា​ខែ​ដែល​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ច្រើន​ជាងគេ​បំផុត ដោយ​ករណី​ទាំងអស់ គឺ​ទាក់ទង​នឹង​ការ​នាំ​ចូល​ពី​ក្រៅប្រទេស​មក ។

ខណៈ​ដែល​ក្រសួងសុខាភិបាល​បាន​ព្យាយាម​ទប់ទល់​អស់​លទ្ធភាព តាម​ព្រ​លាន​យន្តហោះ​នោះ គេ​ត្រូវ​តែ​ទទួលស្គាល់​ការ​ពិត​ដែល​ថា ការ​ទប់ទល់​នឹង​កូ​វី​ដ​១៩ មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ ហើយ​តម្រូវ​អោយ​មានការ​ចូលរួម​ទាំងអស់​គ្នា​នៅ​ក្នុង​យុ​ទ្ឋ​នា​ការ​មួយ​នេះ ។ ប៉ុន្តែ​តើ​យើង​ទាំងអស់​គ្នា​ប្រយ័ត្ន​គ្រប់គ្រាន់​ហើយ ឬ​នៅ ? ចម្លើយ​នោះ​វា​ប្រហែលជា​មិន​ទាន់​គ្រប់គ្រាន់​ទេ​នៅ​ពេល​ដែល​យើង​សម្លឹង​មើល​សកម្មភាព​នានា​នៅ​ក្រុងភ្នំពេញ និង​កន្លែង​កម្សាន្ត​មួយ​ចំនួន ។

ខណៈ​ដែល​ភោជនីយដ្ឋាន​មួយ​ចំនួន​អនុវត្ត​បាន​ល្អ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ ភោជនីយដ្ឋាន ឬ​ក៏​កន្លែង​លក់ដូរ​ជា​ច្រើន មិន​ទាន់​អនុវត្ត​បាន​ល្អ​នៅឡើយ ។ ដូច​ជា អ្នក​លក់ដូរ ឬ​អ្នកបម្រើ​សេវាកម្ម​មិន​មានការ​ពាក់​ម៉ាស កន្លែង​អង្គុយ​មិន​រក្សា​គម្លាត​ពីរ​ម៉ែត្រ មិន​មានការ​ពិនិត្យ​កំ​ដៅ ឬ​ក៏​ដាក់​អាល់កុល ឬ​ជែ​ល​សម្រាប់​សម្លាប់​មេរោគ​អោយ​ភ្ញៀវ​ប្រើប្រាស់​ឡើយ ។

ចំណែក​ប្រជាជន​ជា​ច្រើន​ក៏​មិន​បាន​ពាក់​ម៉ាស​ហើយ មិន​ខ្វល់​អ្វី​ដែល​ហៅ​ថា គម្លាត​សង្គម​ឡើយ ។ ឥរិយាបថ​ទាំង​អស់នេះ​បង្ក​ជា​ហានិភ័យ​ច្រើន ដែល​អាច​នាំ​អោយ​មានការ​ឆ្លង​រាលដាល​ជា​សហគមន៍​បាន បើសិនជា​យើង​ទាំងអស់​គ្នា​នៅ​តែ​ភ្លេចខ្លួន ហើយ​មិន​គោរព​គោលការណ៍​ពាក់​ម៉ាស លាងដៃ​អោយ​ស្អាត និង​រក្សា​គម្លាត​សង្គម ។

កំណើន​នៃ​ការ​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ គួរតែ​អាច​ដាស់តឿន​ប្រជាជន​កម្ពុជា​ទាំងអស់​អោយ​បង្កើន​ការ​ប្រយ័ត្ន ។ ជាមួយ​ការ​ចូលរួម​របស់​ប្រជាជន​ទាំងអស់​កម្ពុជា​នឹង​មិន​រង​ទុក្ខ​ខ្លាំង​ដោយសារ​កូ​វី​ដ​១៩​ឡើយ ។ ប៉ុន្តែ​បើ​យើង​ប្រហែស​នោះ​យើង​នឹង​មើលឃើញ​អនាគត​មួយ​ដែល​យើង​មិន​ចង់​ឃើញ ។ នោះ គឺ​ការ​រាល​គួរ​អោយ​ខ្លាច​នៃ​កូ​វី​ដ​១៩ ដែល​ឆ្លង​ដល់​មនុស្ស​ជិត​១៦​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង​៦៤ ម៉ឺន​នាក់​ទូ​ទាំង​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ