ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន និង​ការពារ​ពី​ជំងឺ​នេះ​ទាំងអស់​គ្នា​បងប្អូន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន និង​ក្រសួងសុខាភិបាល​សហការ​គ្នា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​ជន​បង្គោល ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ពី​ការ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ម​ជ្ឍ​មណ្ឌល​ជាតិ​ប្រយុទ្ធ និង​ជំងឺគ្រុនចាញ់…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន និង​ក្រសួងសុខាភិបាល​សហការ​គ្នា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​ជន​បង្គោល ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ពី​ការ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ម​ជ្ឍ​មណ្ឌល​ជាតិ​ប្រយុទ្ធ និង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មក​ពី​ខេត្ត​ព្រះ​សីហ​នុ កំពង់ស្ពឺ និង​កោះកុង ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន ។

លោក​អ៊ុ​ក ណា​វ៉ា​ន់ អគ្គនាយករង​នៃ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជន​បង្គោល​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​ព្រោះថា ពួក​គាត់ គឺជា​អ្នក​ប្រឈម​ខ្លាំង​នៅ​ក្នុង​ការ​កើត​នូវ​ជំងឺគ្រុនចាញ់ ដោយសារ​តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស គឺជា​អ្នក​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ទប់ស្កាត់​បទល្មើស​ខុសច្បាប់​ផ្សេង​ៗ ដែល​កើត​មាន​ឡើង​នៅ​តំបន់​ការពារ​ធនធានធម្មជាតិ ពិសេស​នៅ​តំបន់​ភ្នំ និង​ក្នុង​ព្រៃ​ជាដើម ដូច្នេះ​ការ​យល់​ដឹង​ពី​បញ្ហា​ជំងឺគ្រុនចាញ់​កត្តា​សំខាន់​បំផុត ។

ក្នុង​ឱកាស​នោះ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុ​ល ប្រធាន​ម​ជ្ឍ​មណ្ឌល​ជាតិ​ប្រយុទ្ធ និង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បាន​បង្ហាញ​ថា វគ្គ​បណ្តុះបណ្តាល​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្លាយ​ខ្លួន​ទៅ​ជា​ជន​បង្គោល ដើម្បី​ផ្តល់​សេវា​ចែក​ជូន​សម្ភារៈ (​មុង ថ្នាំលាប​) និង​ធ្វើតេស្ត (​ព្យាបាល​) ឬ​អប់រំ​ប្រជាជន និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​រស់នៅ និង​ប្រតិបត្តិ​ការងារ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ និង​យល់​ដឹង​វិធី​បង្ការ និង​លុប​បំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​ចេញពី​កម្ពុជា​នៅ​ឆ្នាំ​២០២៥ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុប​បំបាត់​ជំងឺគ្រុនចាញ់ ឆ្នាំ​២០២១-២០២៥ របស់​ក្រសួងសុខាភិបាល ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០១៨​មក​មិន​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​នោះ​ទេ នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ឆ្ពោះទៅ​រក​ការ​លុប​បំបាត់​ជំងឺគ្រុនចាញ់ ឱ្យ​បាន​ទាំងស្រុង​នៅ​ឆ្នាំ​២០២៥​ខាង​មុខ ។

សូម​បញ្ជាក់​ថា ជំងឺគ្រុនចាញ់ គឺជា​ជំងឺ​ដែល​ឆ្លង​ពី​ប្រភព​មូស​ដែកគោល​ខាំ ហើយ​នៅ​ប្រទេស​កម្ពុជា ជំងឺគ្រុនចាញ់​តែង​កើតឡើង​នៅ​រដូវវស្សា ហើយ​ភាគច្រើន​កើនឡើង​នៅ​តំបន់​ដែល​មានព្រៃ​ច្រើន សំបូរ​មូស​ដែកគោល ដូច​ជា ខេត្តរតនៈគិរី មណ្ឌលគិរី កំពង់ចាម ព្រះ​វិហារ ប៉ៃលិន និង​ពោធិ៍សាត់​ជាដើម​៕