ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រៀម​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​ពីរ​ខ្សែ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​អ៊ុត​កៅស៊ូ​បេ​ទី​មី​ណឺ​ចំនួន​ពីរ​ខ្សែ​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន L N S k ខន​ស្ត្រា​ក់សិន…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​អ៊ុត​កៅស៊ូ​បេ​ទី​មី​ណឺ​ចំនួន​ពីរ​ខ្សែ​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន L N S k ខន​ស្ត្រា​ក់សិន ដែល​មានបទពិសោធន៍ និង​ស្នាដៃ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក ដើម្បី​សម្រួល ចរាចរណ៍​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល និង​ជា​ការ​លើក​សោភ័ណ​ភាព​រាជធានី ភ្នំពេញ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។

ការ​សម្រេច​ឲ្យ​មានការ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ណឺ​ខាងលើ​នេះ ធ្វើ​ឡើង​ខណៈ​ដែរ លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ខណ្ឌទួលគោក​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០២០ ពោល​គឺ​ក្រោយ​ពី​លោក​អភិបាល​រាជធានី បញ្ចប់​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​ថ្មើរជើង​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ជាប់​ព្រំប្រទល់​សង្កាត់​បឹង​សាឡា​ង ខណ្ឌ ទួល​គោក រាជធានី​ភ្នំពេញ​។

កំណាត់​ផ្លូវ​ទាំង​២​ខ្សែ​ដែល​គ្រោង​នឹង​អ៊ុត​កៅស៊ូ​បេ​ទី​មី​ណឺ​នេះ​រួម​មាន ផ្លូវ​លេខ​១៨៦ និង​ផ្លូវ​លេខ​២៤៧ នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។ លោក ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ខណៈ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ ទាំង​២​ខ្សែ​នេះ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​អ៊ុត​កៅស៊ូ លើ​បណ្ដោយ​ផ្លូវ​២​ខ្សែ ក្នុង​នោះ​មាន​ផ្លូវ​លេខ​១៨៦ និង​ផ្លូវ​លេខ​២៤៧ ដោយ​អ៊ុត ជា​ប្រភេទ​កៅស៊ូ​បេ​ទី​មី​ណឺ ក្នុង​នោះ​សម្រាប់​ផ្លូវ​២៤៧ គឺ​ចាប់ផ្ដើម​ពី​ផ្លូវ​លេខ​១៨៦ ដល់​មុខ​សាលា​បឋម​សិក្សា​ទឹកល្អក់​។

ចំណែក​ផ្លូវ​លេខ​១៨៦​វិញ​នឹង​អ៊ុត​ចាប់ពី​ផ្លូវ​លេខ​២៤៧ ដល់ ២៦១​។ ការ​អ៊ុត​កៅស៊ូ​ផ្លូវ​ទាំង​ពីរ​ខាងលើ​នេះ គឺ​ដើម្បី​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍ ការ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាព​ងាយស្រួល ហើយ​ក៏​ជា​ការ​លើក​សោភ័ណ​ភាព រាជធានី​ភ្នំពេញ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ