ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ រក្សា​ទុក​សាកសព​ឃាតករ ស៊ីសាច់​ក្មេង​៧​នាក់ កាល​៦០​ឆ្នាំ​មុន ទើប​បូជា​ម្សិលមិញ

3 ឆ្នាំ មុន

ក្រុងបាងកក ៖ សាកសព​របស់​ឃាតករ​មានឈ្មោះ ស៊ី គ្វី (Si Quey) ត្រូវ​បាន​គេ​បូជា នៅ​ទីក្រុង Nonthaburi…

ក្រុងបាងកក ៖ សាកសព​របស់​ឃាតករ​មានឈ្មោះ ស៊ី គ្វី (Si Quey) ត្រូវ​បាន​គេ​បូជា នៅ​ទីក្រុង Nonthaburi កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ កក្កដា ២០២០​នេះ បន្ទាប់​ពី​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ ក្នុង​ទូកញ្ចក់​នៅ​សារមន្ទីរ​វេជ្ជសាស្ត្រ អស់​រយៈពេល​ជាង​៦​ទស​វត្ស​មក​ហើយ ប៉ុន្តែ​សម្រាប់​ផេះ​នៃ​ធាតុ​របស់​ឃាតករ មិន​ទាន់​ដឹង​ថា គេ​សម្រេច​យក​ទៅ​ទីណា​នៅឡើយ​ទេ ។

ការ​បូជាសព គឺ​ធ្វើ​នៅ​វត្ត បាង​ប្រាំង​តៃ ជិត​ពន្ធនាគារ​បាង​កាង ក្នុង​សង្កាត់​មឿង ក្រុង​បាងកក ។

លោក Naras Savestanan អគ្គនាយក​មណ្ឌល​កែប្រែ បាន​និយាយ​ថា នាយកដ្ឋាន​របស់លោក ​ទទួលខុសត្រូវ​ចំពោះ​ការ​បូជាសព​នៃ​ពិរុទ្ធជន​នេះ ព្រោះ​គ្មាន​សាច់ញាតិ​ណាមួយ​ចេញ​មុខ ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​មន្ទីរពេទ្យ Siriraj កាលពី​មួយ​ខែ​មុន នោះ​ទេ ។

លោក Naras បាន​មាន​ប្រសាសន៍​ថា “Si Quey គឺជា​អ្នកទោស​ប្រហារជីវិត ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​ច្រើន ។ យើង​ធ្វើ​នេះ​ចាត់​ទុក Si Quey ដូច​អ្នកទោស​ដទៃ​ទៀត ដែល​គ្មាន​សាច់ញាតិ​” ។

មន្ទីរពេទ្យ Siriraj បាន​ថែរក្សា​សាកសព​បាន​ល្អ និង​បាន​ឧទ្ទិស​កុសល​ឲ្យ Si Quey ជា​រៀង​រាល់​ឆ្នាំ ។ សាកសព​ដែល​គេ​រក្សា​ទុក ត្រូវ​បាន​ប្រើ ដើម្បី​បង្រៀន​និស្សិត​ពេទ្យ ។

នៅ​ក្នុង​ពិធី​បូជាសព មាន​បុរស​ម្នាក់​ឈ្មោះ Jeerarote Jeerapornsawat អាយុ​៧៨​ឆ្នាំ លោក​បាន​និយាយ​ថា រូប​គាត់ស្គាល់​ឃាតករ ស៊ី​គ្វី ច្បាស់​ណាស់ នៅ​ពេល​រូប​គាត់​មាន​អាយុ​១០​ឆ្នាំជាង។ ស៊ី​គ្វី ធ្លាប់​ធ្វើការ​នៅ​ចម្ការ​ម្រេច និង​ម្ទេស របស់​ជីតា​របស់​លោក នៅ​ស្រុក​ថាប​សា​កា​។

លោក​ Jeerarote បន្ត​ថា “​ស៊ី​គ្វី​ រកបាន ៣០​បាត​ក្នុង​មួយ​ថ្ងៃ ។ គាត់​មាន​ធ្មេញ​ដុះ​វែង ហើយ​មិន​អាច​និយាយ​ភាសា​ថៃ បាន​ទាល់តែ​សោះ​ ដូច្នេះ​គាត់​ធ្វើការ​ជា​កម្មករ ដោយ​ធ្វើការ ដូច​ជា​ដឹក​ទឹក និង​ថែ​សួន ជាដើម ។

លោក​ Jeerarote ដែល​សព្វថ្ងៃ​រស់នៅ​ទីក្រុង​បាងកក បាន​និយាយ​ទៀត​ថា “​ខ្ញុំ​បាន​ហៅ ស៊ី​គ្វី ថា ពូៗ ទៅ​តាម​ទំនៀមទម្លាប់​អ្នកស្រុក ។ ស៊ី​គ្វី ចូល​ចិត្ត​សាច់​ជ្រូក​ចៀន មាន​រសជាតិ​ប្រៃណាស់ ហើយ​តែងតែ​រក​ម្ហូប​ដដែល​ៗ ពី​ចុងភៅ បន្ទាប់​ពី​បញ្ចប់​ការងារ នៅ​ម៉ោង​៥​ល្ងាច ។

ស៊ី​គ្វី ត្រូវ​បាន​ផ្តន្ទាទោស​ ពី​បទ​សម្លាប់​កុមារ​៧​នាក់ ដោយ​យក​គ្រឿង​ខាងក្នុង​ចេញ ហើយ​ស្ងោរ​ស៊ីសាច់ ។ ស៊ី​គ្វី ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ត​រ៉ា​ក់​យ៉ង ក្នុង​ឆ្នាំ​១៩៥៨ និង​បាន​សារភាព​ចំពោះ​ឃាតកម្ម​នេះ ។

ស៊ី​គ្វី ត្រូវ​ប្រហារជីវិត ដោយ​គ្រាប់កាំភ្លើង នៅ​ពន្ធនាគារ​បាង​កាង កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​១៩៥៩ ។ កាលនោះ​គាត់​មាន​អាយុ ៣២​ឆ្នាំ ។ មន្ទីរពេទ្យ Siriraj បាន​យក​សាកសព ទៅ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ នៅ​ខែ​ឆ្នាំ​ដដែល ។

សាកសព​កុមារ​៤​នាក់ ដែល​ឃាតករ​បាន​សម្លាប់​យក​សាច់​មក​ស្ងោរ​ស៊ី ប៉ុន្តែ​សរីរាង្គ​ខាងក្នុង ត្រូវ​បាន​គេ​រក​ឃើញ នៅ​ស្រុក​ថាប​សា​កា ។ ឃាតកម្ម​ប្រព្រឹត្ត​ឡើង​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ដូច​ជា​នៅ​ទីក្រុង​បាងកក​, ណា​ខុន​ផា​ធុម និង​រ៉ា​យ៉ង ។

ឈ្មោះ​របស់ ស៊ី​គ្វី ត្រូវ​បាន​ឪពុក​ម្តាយ ឫ​ចាស់​ៗ​ជំនាន់​នោះ ប្រើ​ជា​ញឹកញាប់​នៅ​ក្នុង​ការ​ព្រមាន​ក្មេង​ៗ ដូច​ជា​ថា “​ប្រសិនបើ​កូន​ប្រព្រឹត្ដ​ខុស ស៊ី​គ្វី នឹង​មក​ចាប់​យក​ទៅ​ស្ងោរ​ស៊ី​ហើយ​” ។

សូម​ជម្រាប​ថា វត្ត​បាង​ប្រាំង​តៃ ជា​កន្លែង​បូជា និង​កន្លែង​ធ្វើ​ពិធី​សាសនា សម្រាប់​អ្នកទោស​ដែល​ត្រូវ​បាន​ប្រហារជីវិត​ដោយ​បាញ់​សម្លាប់ នៅ​ពន្ធនាគារ ។ វត្ត​ស្ថិត​នៅ​ជាប់ នឹង​តំបន់​ទី​១១ នៃ​ពន្ធនាគារ​បាង​កាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ