មក​ដឹង​ពី​ជីវិត​ឯកជន​ខ្លះ​ៗ និង​បច្ចុ​ប្បន្ន​ភាព​​​របស់​កីឡាការិនី ​ហែម​ថុ​ន វិ​ទិ​នី


រាជធានី​ភ្នំពេញ ៖ ហែម​ថុ​ន វិ​ទិ​នី ជា​កូនស្រី​ទោល​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ​មួយ ដែល​មាន​ម្ដាយ​ឈ្មោះ​ហែម សេ​ដា វ័យ​៤២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ។ នាង​កើត​នៅ​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​១៩៩៣ នៅ​សង្កាត់​​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ នាង​ប្រឈម​នឹង​ជីវិត​បាក់បែក​ឪពុក​តាំងពី​ខ្លួន​មិន​ទាន់​ដឹងក្ដី​ម៉្លេះ និង​សុំ​មិន​រំលឹក​ដល់​ឪពុក​ឡើយ ដោយសារ​នាង​បាន​ធំ​ដឹងក្ដី​ក្រោម​ការ​តស៊ូ​របស់​ម្ដាយ និង​ជីតា រហូត​ក្លាយជា​កីឡាការិនី​ហែល​ទឹក​ឆ្នើម​នា​ពេល​នេះ​។

ទោះបី​ខ្វះ​ភាព​កក់ក្ដៅ​ពី​ឪពុក ប៉ុន្តែ​នាង​នៅ​តែ​បង្ហាញ​ភាពរឹងមាំ និង​ជោគជ័យ​ក្នុង​ជីវិត​។ ក្នុង​វ័យ​កុមារភាព វិ​ទិ​នី បាន​បោះ​ជំហាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​សំពៅ​មាស និង​បាន​បន្ត​ទៅ​រៀន​នៅ​វិទ្យាល័យ​បាក់​ទូក ។ នាង​បាន​ប្រឡង​បញ្ចប់​ថ្នាក់បាក់ឌុប​ក្នុង​ឆ្នាំ​២០១០ ដោយ​ទទួល​បាន​និទ្ទេស​មធ្យម ។ មក​ដល់​ពេល​នេះ នាង​មិន​ទាន់​មានឱកាស​ចូលលុក​លុយ​ក្នុង​កម្រិត​ថ្នាក់​មហាវិទ្យាល័យ​នៅឡើយ ដោយសារ​តែ​ជាប់​ហាត់​ហែល​ទឹក និង​មមាញឹក​នឹង​ការ​ប្រកួត​នៅ​ក្រៅប្រទេស​សឹង​ដកឃ្លា​មិន​រួច ។

ទោះបីជា​យ៉ាងណា កីឡាការិនី​រូប​នេះ បាន​ឆ្លៀត​រៀន​ភាសា​អង់គ្លេស ដែល​អាច​ឱ្យ​នាង​ប្រើ​ការ​បាន​គ្រប់ពេល​នាង​តំណាង​ប្រទេស​ចេញ​ប្រកួត​ម្ដង​ៗ ។ នាង​បាន​ទាំង​ចាត់​ទុក​ថា ភាសា​អង់​គ្លេស​គឺជា​ភាសា​ទំនាក់ទំនង​ដ៏​សំខាន់​មួយ មិន​អាច​ខ្វះ​បាន​នោះ​ផង ដោយសារ​តែ​នាង​ជា​ញឹកញយ​គឺ​ត្រូវ​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​។

ម្យ៉ាង​ក៏​ដើម្បី​បង្កើន​កម្រិត​ចេះ​ដឹង​ឲ្យ​ប្រដំប្រសង​នឹង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ផង ទើប​នាង​តែង
ស្រវា​ស្រទេញ​លើ​ជំនាញ​ភាសា​។ នាង​និយាយ​ថា​«​ខ្ញុំ​ឧស្សាហ៍​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ដូច្នេះ​មាន​តែ​ជំនាញ​ភាសា​ទេ ដែល​ចាំបាច់​សម្រាប់​ខ្ញុំ​ប្រើ​ការ ហើយ​ទោះ​អាច​ប្រើ​ភាសា​បាន​ទៅ​ហើយ ក៏​ខ្ញុំ​នៅ​តែ​បន្ត​ស្វែង​យល់​ទៀត​ដែរ ដើម្បី​កុំឱ្យ​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​»​។

ពាក់ព័ន្ធ​នឹង​ដំណើរ​វិវត្តន៍​ឆ្ពោះទៅ​រក​អាជីព​ហែល​ទឹក ហែម​ថុ​ន វិ​ទិ​នី និយាយ​ថា គឺ​កើត​ចេញពី​ការ​បណ្ដុះបណ្ដាល និង​ឆន្ទៈ​របស់​នាង​តែ​ម្ដង ។ នាង​ថា ជីតា​របស់​នាង​(​ហែម ថុ​ន​) ជា​គំរូ​តែ​ម្នាក់​គត់​ដែល​នាំ​ឲ្យ​នាង​បោះ​ជំហាន​ក្លាយជា​កីឡាការិនី​ផ្នែក​នេះ ។ នាង​ថ្លែង​ថា «​កាល​ខ្ញុំ​នៅ​តូច ខ្ញុំ​តែង​ត្រូវ​លោកតា​យក​ទៅ​ហែល​ទឹក ហើយ​បង្ហាត់​ឲ្យ​ចេះ​ហែល​ទឹកជា​ប្រចាំ ។ គាត់​មិន​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​ដើរ​ផ្លូវ​នេះ​ទាំងស្រុង​ទេ ប៉ុន្តែ​ដោយសារ​គាត់​បង្ហាត់​ឱ្យ​ស្ទាត់​ហែល​ទឹក និង ទៅ​មើល​គេ​ហែល​ប្រកួត​គ្នា​យូរ​ៗ ក៏​មានចិត្ត​ចង់​ក្លាយជា​កីឡាការិនី​នៅ​ពេល​នោះ​ទៅ​»​។

យុវតី​រូប​នេះ បាន​បង្ហាញ​ទេព​កោសល្យ​ក្នុង​នាម​ជា​កីឡាការិនី​ហែល​ទឹក កាន់តែ​លេចធ្លោ​ក្រោយ​ពី​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​លោក​ហែម ថុ​ន ។ នាង​ត្រូវ​បាន​ជីតា​លើកទឹកចិត្ត​ឲ្យ​ចូល​ជា​សមា​ជិក​ថ្មី​ក្នុង​កីឡាហែលទឹក​នា​ឆ្នាំ​១៩៩៩ ក្នុង​ពេល​ដែល​នាង​មាន​អាយុ​ទើបតែ​៥​ឆ្នាំ ។ ក្នុង​រយៈ​ពេល​នោះ នាង​មិន​បាន​រំលេច​ចេញ​ស្នាដៃ​ណាមួយ ក្នុង​អាជីព​ជា​អ្នក​ហែល​ទឹក​ឡើយ ។ ប៉ុន្តែ​ត្រឹម​អំឡុង​ពីរ​បី​ឆ្នាំ បន្ទាប់​ពី​ពេញ​សិទ្ធិ​ក្នុង​ឋានៈ​ជា​កីឡាការិនី នាង​បែរជា​ប្រឡង​ជាប់​ចំណាត់ថ្នាក់​ក្នុង​កម្រិត​នៃ​ការ​ប្រកួត​ថ្នាក់​ជាតិ​ជា​បន្តបន្ទាប់ រហូត​ទទួល​បាន​កិត្តិយស​ឲ្យ​បញ្ចូល​ឈ្មោះ​ជា​កីឡាការិនី​ជម្រើសជាតិ​ក្នុង​ឆ្នាំ​២០០៣ ។

នាង​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ញឹកញាប់ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​មេដាយ ឬ​ចំណាត់ថ្នាក់​ល្អ​ត្រឡប់​មក​វិញ​ឡើយ ។ យ៉ាងណាមិញ នាង​គឺជា​កីឡាការិនី ដែល​ទទួល​បាន​មេដាយមាស ស្ទួន​ៗ​លើ​គ្រប់​វិញ្ញាសា​ផ្នែក​ហែល​ទឹក គ្រប់​វេទិកា​ប្រកួតប្រជែង​ក្នុងស្រុក​ជា​រៀង​រាល់​ឆ្នាំ ពិសេស​លើ​វិញ្ញាសា​ហែល​ទឹក​ផ្នែក​សេរី ហែល​មេអំបៅ និង​ហែល​មិន​កំណត់​ចម្ងាយ​។

ជំហាន​ចេញ​ទៅ​ក្រៅប្រទេស បើ​ទោះជា​មិន​ធ្លាប់​ជាប់​ពានរង្វាន់ ឬ​មេដាយ​ពី​ការ​ប្រកួត​នៅ​ប្រទេស​​ក្រៅ តែ​ហែម​ថុ​ន វិ​ទិ​នី គឺជា​កីឡាការិនី​ហែល​ទឹក​ល្បីល្បាញ​តែ​ម្នាក់​គត់ ដែល​តំណាង​ឲ្យ​កម្ពុជា ហើយ​តែង​លេចមុខ​នៅ​គ្រប់​ព្រឹត្តិការណ៍​ប្រកួត​នៅ​ឯនាយ​សមុទ្រ ។ នាង​បាន​ចេញ​ទៅ​ប្រកួត​បើក​ឆាក​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៥​ក្នុង​កម្មវិធី​ប្រកួត​កីឡាហែលទឹក​អន្តរជាតិ​នៅ​ថៃ ដោយ​ទទួល​បាន​លទ្ធផល​បរាជ័យ ។ ក្នុង​ឆ្នាំ​២០០៦ នាង​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​កា​តា ដោយ​ជួប​វាសនា​ធ្លាក់​ចេញពី​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដូច​គ្នា ។ ក្នុង​ឆ្នាំ​២០០៧ នាង​បាន​ចេញ​ទៅ​ស៊ី​ហ្គេ​ម​នៅ​ថៃ និង​ចាកចេញ​ទៅ​ប្រកួត​នៅ​ជប៉ុន នា​អំឡុង​ចុងឆ្នាំ​សា​ជា​ថ្មី ។

ជាមួយ​សំណាង​ដូច​មុន តែ​នាង​អាច​ឡើង​ដល់​ជុំ​ល្អ​ជាង​មុន ខណៈ​ដែល​ឆ្លង​ចូល​ដល់​វគ្គ​ទី​ពីរ​ទើប​ធ្លាក់​ចេញពី​ការ​ប្រកួត ។ ក្នុង​ឆ្នាំ​២០០៨ នាង​ចេញ​ទៅ​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ចិន ហើយ​ឆ្នាំ​២០០៩ បាន​ចេញ​ទៅ​បី​ប្រទេស​ព្រម​គ្នា គឺ​សិង្ហ​បុរី ឡាវ និង​អុ​ី​តា​លី ។ ដោយឡែក ក្នុង​ឆ្នាំ​២០១០​មុន​នេះ នាង​បាន​លេចមុខ​សា​ជា​ថ្មី នៅ​ទីក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន ក្នុង​កម្មវិធី​អាស៊ាន​ហ្គេ​ម​៤៥​ប្រទេស និង​ចេញ​ទៅ​ទីក្រុង​ឌូ​បៃ កាលពី​ចុងឆ្នាំ​ដដែល​នោះ ខណៈ​ដែល​ឆ្នាំ​ក្រោយ​ៗ នាង​ក៏​ជា​បេក្ខភាព​មិន​អាច​ខ្វះ​បាន គ្រប់ការ​ប្រកួត​ហែល​ទឹក​។

កីឡាការិនី​រូប​នេះ​និយាយ​ថា ដំណើរ​ចាកចេញ​ទៅ​ក្រៅប្រទេស​របស់​ខ្លួន ដ្បិតថា​មិន​ធ្លាប់​ជោគ​ជ័យ តែ​បាន​ផ្ដល់​នូវ​បទ​ពិសោធន៍​ច្រើន​ដល់​នាង​ដែល​អាច​ឲ្យ​នាង​ប្រឹង​ឈោង​យកជ័យ​ជម្នះ​នា​ពេល​ខាង​មុខ​បាន ។ នាង​និយាយ​ថា​«​ខ្ញុំ​គិត​ថា កីឡាករ​ហែល​ទឹក​នៅ​ក្រៅប្រទេស​គេ​មាន​វាសនា​ល្អ​ជាង​យើង ព្រោះ​នៅ​ស្រុក​គេ​មិន​ត្រឹមតែ​មាន​អាង​ហែល​ទឹកធំ​ៗ ចូល​ស្ដង់ដា​ប៉ុណ្ណោះ​ទេ គឺ
សូ​ម្បី​តែ​ឧបករណ៍ និង​សម្ភារ​ហ្វឹកហាត់ ក៏​មាន​ភាព​ទំនើប​ខុស​ពី​នៅ​កម្ពុជា​ដែរ​»​។

ជំហរ​ថ្ងៃ​អនាគត​នាង​នៅ​តែ​ប្រកាស​ថា ធ្វើ​ជា​អ្នកឯកទេស​ផ្នែក​ហែល​ទឹក បើ​ទោះ​មិន​ធ្វើ​ជា​កីឡា​ការិនី ក៏​ធ្វើ​ជា​គ្រូបង្វឹក ដើម្បី​ចែករំលែក​បទ​ពិសោធន៍ ដល់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ​។ វិ​ទិ​នី ថ្លែង​ថា «​ខ្ញុំ​មិន​ឈប់​អាជីព​កីឡា​នេះ​ទេ ព្រោះ​វា​ជួយ​ឲ្យ​ខ្ញុំ​មានមុខមាត់ និង​មាន​សុខភាព​ល្អ ហើយ​បើ​ទោះជា​ខ្ញុំ​មាន​ស្វាមី ក៏​ប្រហែល​មិន​ឈប់​ដែរ យ៉ាងច្រើន​ខ្ញុំ​ចេញ​ធ្វើការ​មួយ​រយៈ គឺ​ប្រាកដជា​វិល​មក​កាន់​អាជីព​ជា​គ្រូបង្វឹក​នោះ​វិញ​ហើយ ព្រោះ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់បាន​»​។

ទាក់ទង​នឹង​រឿង​ស្នេហា​វិញ នាង​ថា ទំនាក់ទំ​នាង​រវាង​នាង​ជាមួយនឹង​កីឡាករ​បាល់ទាត់​មួយ​រូប​គឺ​នៅ​តែ​ល្អូកល្អិន​នឹង​គ្នា​ជា​ធម្មតា ។ ឯការចូល​រោងការ​ថ្ងៃ​ណា​នោះ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដោយសារ​តែ​នាង​ចង់​ទុក​ពេល​ស្វែង​យល់ចិត្ត​គ្នា​សិន និង​ចង់ឱ្យ​មានបាន​ជាង​នេះ​សិន ។ មក​ទល់​ពេល​នេះ ក្រៅពី​សកម្ម​នឹង​ការ​ហ្វឹកហាត់ និង​បង្ហាត់​ដល់​អ្នក​ចង់​រៀន​ហែល​ទឹក នាង​ក៏​ជា​អ្នកលក់​អន​ឡាញ​ដ៏​ជោគជ័យ​មួយ​រូប​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ