ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនផ្កា​ឈូករ័ត្ន និង​ផ្កា​ជា​ច្រើន​រីក​ស្រស់​បំព្រង​ទាក់ទាញ​មនុស្ស​ជា​ច្រើន (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោយ​ពី​ស្ងប់ស្ងាត់​ជំងឺ​កូ​វី​ដ​១៩ បន្តិច នៅ​សួនផ្កា​ឈូករ័ត្ន ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ជា​រៀងរាល់ថ្ងៃ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី បាន​ធ្វើ​ដំណើរ​មក​ពី​ទី​ជិត…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោយ​ពី​ស្ងប់ស្ងាត់​ជំងឺ​កូ​វី​ដ​១៩ បន្តិច នៅ​សួនផ្កា​ឈូករ័ត្ន ក្នុង​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ជា​រៀងរាល់ថ្ងៃ​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី បាន​ធ្វើ​ដំណើរ​មក​ពី​ទី​ជិត ទី​ឆ្ងាយ​តាម​មធ្យោបាយ​ម៉ូតូ និង​រថយន្ត​មក​លេង​កំសាន្ត​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សំណង់​ភាគច្រើន​ស្ទើរតែ ១០០% គឺ​បង្កើត​ពី​ឬ​ស្សី​ទាំងអស់ នឹង​មាន​ផ្កាឈូករ័ត្ន ផ្កាស្បៃរឿង រួម​ទាំង​ផ្កា​ជា​ច្រើន​ប្រភេទ​ទៀត​បាន​រីក​ស្រស់បំព្រង ដែល​មើលទៅ​គួរ​ឱ្យ​គយគន់ និង​ចាប់អារម្មណ៍​គ្រប់​ៗ​គ្នា​។

បើ​តាម​អ្នកស្រី​សេង ផល្លា មាន​វ័យ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ក្រឡា ឃុំ​ក្រឡា ស្រុក​កំពង់សៀម បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​មានការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ការ​និយាយ​ត​ៗ​គ្នា នៅ​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ មាន​សួនផ្កា​ឈូករ័ត្ន ដែល​ត្រូវ​គេ​បាន​ច្នៃ​ឡើង​ស្អាត​គួរ​ឱ្យ​ទាក់ទាញ​។ ដោយ​មូលហេតុ​នេះ​ហើយ ទើប​គាត់ និង​សមាជិក​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​មក​លេង​ជា​លើក​ទី​១ ឃើញ​មិនសូវ​មានការ​កែ​ច្នៃ​ច្រើន​ប៉ុន្មាន​ទេ​។

អ្នកស្រី​សេង ផល្លា រៀបរាប់​បន្ត​ថា លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៩ ខែកក្កដា ២០២០ ពេលទំនេរ​ពី​ការងារ​ក៏​បាន​នាំ​សមាជិក​ក្រុម​គ្រួសារ ព្រមទាំង​សាច់ញាតិ​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​មក​លេង​នៅ​ផ្កាឈូករ័ត្ន​ម្ដងទៀត​។ ឃើញ​ថា ម្ចាស់​សួនផ្កា​ឈូករ័ត្ន បាន​ខិតខំ​ប្រឹងប្រែង​កែ​ច្នៃ ដោយ​បាន​លើក​ជាទី​ទួល​ខ្ពស់ មាន​បង្កើត​ជា​រូប​ផ្សេង​ៗ​ដាក់​តាំង​លំអរ សម្រាប់​ទាក់ទាញ​ប្រជាពលរដ្ឋ ដែល​មក​កម្សាន្ត​លេង ដើម្បី​ថតរូប​ទុកជា​អនុស្សាវរីយ៍ ព្រមទាំង​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង​។

អ្នកស្រី​បន្ត​ទៀត​ថា ដោយ​ល្ងាច​ណាស់​ទៅ​ហើយ ក្រុម​គ្រួសារ​គាត់​បានក​ម្មង់​ម្ហូបអាហារ ដើម្បី​ទទួលទាន​ជុំ​គ្នា ពិតជា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​តម្លៃ​វិញ​ក៏​ធូរ​ថ្លៃ​ទៀត​។ តែ​មុន​នឹង​ហូប​ពួក​គាត់​បាន​នាំ​គ្នា​លាងដៃ​ជាមួយនឹង​អាលកុល ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ជាមួយ​គ្នា​នោះ​ដែរ ក៏​បាន​ទិញ​ននោង ដែល​គេ​ដាំ​ផ្លែ​តាម​បែប​ធម្មជាតិ​មិន​ប្រើប្រាស់​ជីគីមី គឺ​ទិញ​ច្រើន​គីឡូ ដោយ​ក្នុង​មួយ​គីឡូ​តម្លៃ ១.០០០ រៀល ចំណែក​ល្ហុង​ឃើញ​ផ្លែ​ធំ​ៗ​ដែល​សុទ្ធ​សឹង​ជា​របស់​ធម្មជាតិ ។ តាម​គំនិត​របស់​គាត់​ទី​នេះ ក្រៅពី​ការ​កែ​ច្នៃ​ស្អាត​គួរ​ឲ្យ​ទាក់ទាញ ហើយ​ថែម​ទាំង​ដាំ​បន្លែ​លក់​ជូន​ភ្ញៀវ​ក្នុង​តម្លៃ​ថោក​ទៀត​ផង​។ នា​ពេល​ខាង​មុខ បើសិនជា​ទំនេរ គាត់​នឹង​នាំ​សមាជិក​ក្រុម​គ្រួសារ​មក​លេង​ទី​នេះ​ជា​លើក​ទី​៣ ព្រោះថា ពេល​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ មាន​ខ្យល់ជំនោរ​បក់​សាយ​រសាត់ ធ្វើ​ឲ្យ​អារម្មណ៍​របស់​គាត់​បាន​ធូរស្រាល​ពី​ទុក្ខ​កង្វល់​ផ្សេង​ៗ​។

ចំណែក​អ្នកស្រី​ណូ ប៉ូ​លី​ន មាន​វ័យ​៤១​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​សួនផ្កា​ឈូករ័ត្ន បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា កាលពីដើម​ឡើយ ដំបូង​សួនផ្កា​ឈូករ័ត្ន ត្រូវ​បាន​ប្ដី​របស់​គាត់​ឈ្មោះ​សុផល ដាំ​ដុះ​នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ​សម្រាប់​ប្រយោជន៍ ដើម្បី​ចិញ្ចឹម​ឃ្មុំ តែ​ការ​បង្កើត​ឡើង​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មានការ​ចាប់អារម្មណ៍​ក៏​នាំ​គ្នា​មក​កម្សាន្ត​លេង​ហើយ​កាន់តែ​ល្បី​ឡើង​ៗ​។

អ្នកស្រី​ប៉ូ​លី​ន រៀបរាប់​បន្ត​ទៀត​ថា ក្រោយមក​ប្ដី​របស់​គាត់ បាន​មក​រក​ទីតាំង​ថ្មី​នៅ​ឆ្ងាយ​ពី​កន្លែង​ចាស់​ប្រមាណ​៥០០​ម៉ែត្រ ដើម្បី​ដាំ​ផ្កាឈូករ័ត្ន រួម​នឹង​ចិញ្ចឹម​ឃ្មុំ​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​។ ជាមួយ​នោះ បាន​បង្កើត​ជា​អាហារ​ដ្ឋា​ន​លក់​ម្ហូបអាហារ​ជា​ច្រើន​មុខ​សម្រាប់​ឲ្យ​ភ្ញៀវ​ជិត​ឆ្ងាយ​ដែល​មក​កម្សាន្ត​លេង អាច​កម្ម​ង់​ទិញ​ពិសារ​អង្គុយ​នៅ​តាម​ខ្យូ​ស​ធ្វើ​ពី​ឬ​ស្សី​។ លុះ​មក​ដល់​ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ទី​៤ ដែល​នៅ​ទីតាំង​ថ្មី​នេះ គឺ​ពង្រីក​ការ​ដាំ​ដុះ​ផ្កាឈូករ័ត្ន រួម​ជា​មួយនឹង​ផ្កា​ជា​ច្រើន​ប្រភេទ​ទៀត កើន​ដល់​ទំហំ​៧​ហិ​កតា​ឯណោះ​។

អ្នកស្រី​បន្ត​ទៀត​ថា ដោយសារ​តែ​ភ្ញៀវ​មក​លេង​កាន់តែ​ច្រើន​នោះ ក្រោម​គំនិត​ច្នៃប្រឌិត​ពី​សំណាក់​​ប្តី​របស់​គាត់ គឺ​បាន​បង្កើត​រូប​មាន​ដូច​ជា ៖ រូប​បេះដូង រូប​បាតដៃ​មនុស្ស ទោង​ធ្វើ​ពី​ឬ​ស្សី​សម្រាប់​អង្គុយ​លេង ដែល​ស្ថិត​នៅ​លើ​ទីទួល​ខ្ពស់ ទើប​បង្កើត​ថ្មី ។ នៅ​កន្លែង​របស់​គាត់ គឺ​មាន​មនុស្ស​មក​ពី​ទី​ជិត ទី​ឆ្ងាយ​នាំ​គ្នា​មក​លេង​កំសាន្ត​ជា​រៀងរាល់ថ្ងៃ ពិសេស​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ គឺ​មាន​មនុស្ស​មក​លេង​ច្រើន​ជាង​ថ្ងៃ​ណា​ៗ​ទាំងអស់​។

អ្នកស្រី​បន្ត​ថា ចំណែក​ទឹកឃ្មុំ​ធម្មជាតិ គឺ​នៅ​តែ​មាន​លក់ ព្រោះ​បាន​មក​ពី​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ នៅ​តំបន់​ផ្សេង​ៗ​ដូច​ជា នៅ​ចំការ​គ ចំការ​តា​ងែ​ន ព្រមទាំង​កន្លែង​ផ្សេង​ៗ​ទៀត គឺ​អត្ថប្រយោជន៍​ឃ្មុំ ដែល​ចិញ្ចឹម​នៅ​ក្នុង​ប្រអប់ ហើយ​មក​ក្រេប​លំអង ពេល​ណា​ដែល​បាន​ទឹកឃ្មុំ ច្រើន គឺ​ប្រមូល​យក​មក​លក់​នៅ​សួនផ្កា​ឈូករ័ត្ន​នេះ មាន​ពេល​ខ្លះ​អ្នក​នៅ​ភ្នំពេញ​ឈាន​ចូល​មកនេះ ទិញ​ទឹកឃ្មុំ​របស់​គាត់​ដែល​បង្កើត​ឡើង​ពី​ធម្មជាតិ​១០០%​។ សម្រាប់​នៅ​ឆ្នាំ​២០២១ ខាង​មុខ គាត់​នឹង​បង្កើត​សួន​បន្លែ​ធម្មជាតិ ដើម្បី​ទុក ហើយ​ភ្ញៀវ​ដែល​មក​លេង​ទិញ​យក​ទៅ​ធ្វើ​ម្ហូបអាហារ​សម្រាប់​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​។

ដោយ​មានការ​ណែនាំ​ពី​សំណាក់​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​ស្ថាប័ន​មន្ទីរ​សុខាភិបាល​ខេត្ត នៅ​សួនផ្កា​ឈូករ័ត្ន​របស់​គាត់ មាន​ដាក់​ប្រដាប់​វាស់​កំ​ដៅ ទឹក​អាល់កុល​លាងដៃ ដាក់​នៅ​តាម​ខ្យូ​ស​សម្រាប់​អង្គុយ​លេង ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ជា​ចុង​ក្រោយ​សំណូមពរ​ដល់​ភ្ញៀវ ដែល​មក​លេង​សូម​មេត្តា​កុំ​បេះ​ផ្កា និង​ត្រូវ​ចេះ​អនាម័យ​ដាក់​សំរាម​នៅ​ក្នុង​ធុង​រួម​គ្នា​សម្អាត​បរិស្ថាន​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ