ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាច់​​.ក​ម៉ូតូ​១​គ្រឿង​​បាន​ដោយ​រលូន​​​នៅ​​«ផ្សា​របឹង​ឈូក»​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង  ៖ សកម្មភាព​ចោរ​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ ហាក់​បង្កើន​សន្ទុះ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង នៅ​ពេល​ដែល​សមត្ថកិច្ច​ហាក់​ធ្លាក់ដៃ ឬ​មាន​វិធានការ ក្នុង​ការ​​ទប់ស្កាត់​ឬ​បង្ក្រាប ដោយ​ជាប់​គិត​គូរពី​ការ​គ្រប់គ្រង​ទីតាំង​បទល្មើស ​«​ល្បែង​ហ្គេ​ម និង​ល្បែង​កន្ទុយលេខ​»…

ខេត្តបាត់ដំបង  ៖ សកម្មភាព​ចោរ​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ ហាក់​បង្កើន​សន្ទុះ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង នៅ​ពេល​ដែល​សមត្ថកិច្ច​ហាក់​ធ្លាក់ដៃ ឬ​មាន​វិធានការ ក្នុង​ការ​​ទប់ស្កាត់​ឬ​បង្ក្រាប ដោយ​ជាប់​គិត​គូរពី​ការ​គ្រប់គ្រង​ទីតាំង​បទល្មើស ​«​ល្បែង​ហ្គេ​ម និង​ល្បែង​កន្ទុយលេខ​» ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រមូល​ផល​ប្រ​យោ​ជ​ន៍ ។ ជាក់​ស្ដែង​នៅ​ម៉ោងជាង​៧​ព្រឹក ថ្ងៃ​ទី​២៤ កក្កដា នេះ ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់ (​ស្រី ប្រុស​) បាន​បន្លំ​កាច់​សោ.ក​លួច​យក​ម៉ូតូ​១​គ្រឿង នៅ​ខាងជើង​«​ផ្សា​របឹង​ឈូក​» ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង រួច​ជិះ​គេចខ្លួន​ដោយសារ​សុវត្ថិភាព មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម C125 ព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់​ដំបង 1AG-6090 របស់​ជន​រង​គ្រោះ ឈ្មោះ អុល ស៊ី​ណាត ភេទស្រី​ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ចារ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល​។ ឈ្មោះ អុល ស៊ី​ណាត បាន​និយាយ​ថា គាត់​បាន​ជិះ​ម៉ូតូ​យក​ទៅ​ទុក​នៅ​ខាង​មុខ ផ្ទះ​លក់​ថ្នាំពេទ្យ​មួយ​កន្លែង នៅ​ជ្រុង​ខាងជើង​ផ្សា​របឹង​ឈូក ហើយ​ដើរ​ចូល​ទៅ​រក​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ តែ​មិន​បាន​ផ្ញើ​គេ​ទេ​។ លុះ​ត្រឡប់​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ សាក្សី​នៅ​ទីនោះ​ ក៏​បាន​ប្រាប់​សមត្ថកិច្ច​ដែរ​ថា ដំបូង​គេ​ឃើញ​មនុស្ស​ប្រុស​ម្នាក់ និង ស្រី​ម្នាក់​បាន​ឈរ​នៅ​ក្បែរ​នោះ តែ​គេ​មិន​ចាប់​អារ​ម្ម​ណ៍​ទេ​។

សាក្សី​និយាយ​ទៀត​ថា ពេល​នោះ​គេ​ឃើញ បុរស​ម្នាក់​បាន​ដើរទៅ​ក្បែរ​ម៉ូតូ​ជន​រង​គ្រោះ បន្តិច​ក្រោយមក ​ក៏​ឡើង​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ ។ ប៉ុន្តែ​គេ​ឃើញ​ស្ត្រី​ម្នាក់​នៅ​ក្បែរ​នោះ​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​នោះ (​ម៉ូតូ​ជន​រង​គ្រោះ​) ដែល​ទំនង​បុរស​នោះ​កាច់​សោ​​រួច​ស្រេច បាន​ជិះ​ចេញពី​ទីនោះ​ភ្លាម​ៗ​ដែរ​។ ប៉ុន្តែ​គ្មាន​នរណា​ដឹង​ថា ជន​ទាំង​២​នាក់​នោះ​ជា​ចោរ​ទេ លុះ​ជន​រង​គ្រោះ​មក​រក​ម៉ូតូ​មិនឃើញ ផ្អើល​ឆោឡោ​ទើប​ដឹង​ថា ជន​ទាំង​២​នាក់​ប្រុស​ស្រី​នោះ​ជា​ចោរ តែ​បាន​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​ទៅ​ហើយ​។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ផ្សា​របឹង​ឈូក​ដដែល​នេះ ក៏​មាន​ករណី​ស្ត្រី​ម្នាក់​បន្លំ​លួច​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​ពី​ក្នុង​កាបូប​ស្ត្រី​ម្នាក់​ផង​ដែរ ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​នេះ តែ​ជន​ដៃដល់​ត្រូវ​ម្ចាស់​ទូរស័ព្ទ​និង​អ្នកផ្សារ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ស្ត្រី​ដៃដល់​នោះ​ឈ្មោះ អ៊ូច សុខ​លី​ន អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជូ​ល ក្នុងភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។ ប៉ុន្តែ​ក្រោយ​ពី​សួរនាំ​ចប់ មន្ត្រី​ស្នងការ​ខេត្ត ក៏​បាន​ដោះ​លែងចោរ​ស្រី​នោះ​វិញ ជា​ថ្នូ​និង​ប្រាក់​ត្រឹម​តែ​ប៉ុន្មាន​រយ​ដុល្លា​រប៉ុណ្ណោះ​។

ជាមួយនឹង​អំពើ​ចោរកម្ម​ដ៏​កក្រើក​នេះ គេ​មើលឃើញ​ថា បទល្មើស​ហាក់​បាន​កើតឡើង​ដដែល​ៗ នៅ​តាម​ទីផ្សារ និង​ទីប្រជុំ​នានា ក្នុង​ក្រុង​បាត់ដំបង​។ កាលពី​ខែ​មុន ករណី​កាច់​សោ​​លួច​ម៉ូតូ​នេះ​ បាន​កើតឡើង​ចំនួន​០៣​លើក ជា​បន្តបន្ទាប់​នៅ​ក្បែរ​ផ្សា​រលើ និង នៅ​ក្នុង​វត្ត​ពោធិ៍ក្នុង​។ ប៉ុន្តែ​ការ​ស្រាវជ្រាវ និង​ការ​បង្ក្រាប​ឬ​វិធានការ​ទប់ស្កាត់ ពី​សមត្ថកិច្ច​ហាក់​គ្មាន​សកម្មភាព​ឡើយ សូ​ម្បី​តែ​តម្រុយ​ក៏​គ្មាន​ដែរ​។ បន្ថែម​លើ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា មាន​សេចក្ដី​រាយ​ការ​ណ៍​​ថា មាន​ស្ត្រី​២​នាក់ បាន​ជិះ​ម៉ូតូ​ចូល​ទៅ​បន្លំ​លួច​ប្រាក់​អស់​ប្រហែល​១០​លាន​រៀល នៅ​ក្នុងផ្ទះ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ នៅ​ភូមិ​ដូនទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​ទៀត​។

សាច់ញាតិ​បាន​និយាយ​ថា ស្ត្រី​២​នាក់​នោះ​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ដល់ ធ្វើ​ជា​សួរនាំ​ជន​រង​គ្រោះ​ដែល​នៅ​ម្នាក់ឯង រួច​ម្នាក់​បន្លំ​ចូល​ក្នុងផ្ទះ​ប្រមូល​យក​ប្រាក់​អស់​គ្មាន​សល់​។ លុះ​ស្ត្រី​ដៃ​ឆើត​ទាំង​២​នាក់ ជិះ​ចេញ​ផុត ទើប​ជន​រង​គ្រោះ​ដឹង​។ រហូត​ដល់​ពេល​នេះ នៅ​តែ​គ្មាន​តំណឹង​ពី​ចោរ​ស្រី​នោះ​ដដែល​ ។ ខណៈ​សមត្ថកិច្ច​មិន​ទាន់​មាន​តម្រុយ ពីមុខ​សញ្ញា​ចោរ​ហារ​រយ​ខាងលើ​នេះ​ផង ស្រាប់តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ បែរជា​លេច​ចេញ​នៅ​មុខសញ្ញា​ថ្មី ដើរ​ប្រព្រឹត្ត​បទល្មើស​ថ្មី ត្រូ​ត​លើ​បទល្មើស​ចាស់​។

មុខសញ្ញា​ថ្មី​នេះ ត្រូវ​គេ​អះអាង​ថា ជា​មន្ត្រី​នគរបាល​ដែល​ទើប​ផ្លាស់​ចេញពី​អង្គភាព​កង​រាជអាវុធហត្ថ មក​នៅ​ស្នងការ​ខេត្តបាត់ដំបង​។ ជន​នោះ ​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ វី​រៈ មាន​​ភារកិច្ច​បើកបរ​រថយន្ត​ឲ្យ​លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង ទ​ទូល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការ​ខេត្តបាត់ដំបង ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី ហើយ​ក៏​ជា​ជំ​នួន​ការ​ផ្ទាល់​របស់​លោកស្នងការ​រង​រូប​នេះ​ដែរ​។ ប៉ុន្តែ​នៅ​ក្នុង​ស្នងការ​ខេត្ត គ្មាន​មន្ត្រី​នគរបាល​ណា​ម្នាក់​បាន​ស្គាល់ឈ្មោះ វី​រៈ នេះ​ថា ជា​មន្ត្រី​នគរបាល​នៅ​ស្នងការ​ខេត្ត​ឡើយ នៅ​ពេល​សួរនាំ​។

លោក​ជំនួយការ​ឈ្មោះ វី​រៈ នេះ ត្រូវ​គេ​និយាយ​ត​ៗ​គ្នា​ថា បាន​ដើរ​លុកលុយ​តាម​បណ្ដា​ទីតាំង​ល្បែង​ហ្គេ​ម​នានា ដែល​ជ្រក​ក្រោម​ស្លាក​អ៊ីនធឺណិត ក្នុង​ក្រុង​បាត់ដំបង ដើម្បី​បង្ខំ​ឲ្យ​ម្ចាស់​ទីតាំង​បង់ប្រាក់​សំណូក​ប្រចាំខែ ដោយ​អាងខ្នង​លោកស្នងការ​រង​។ លោក លឹ​ម ពុ​ទ្ធី​ឡា បាន​អះអាង​ថា ឈ្មោះ វី​រៈ បាន​ផ្លាស់​ចេញពី​អង្គភាព​កងរាជអាវុធហត្ថ មក​នៅ​ក្រប​ខណ្ឌ​នគរបាល​ជាតិ ហើយ​ពេល​នេះ​មានឈ្មោះ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្តបាត់ដំបង ដោយ​មាន​ចំណារ​ពី​ក្រសួងមហាផ្ទៃ​។

លោក​លឹ​ម ពុ​ទ្ធី​ឡា បាន​ប្រាប់​ថា ដោយសារ​ឈ្មោះ វី​រៈ នេះ​មិន​ទាន់​មាន​តួនាទី ទើប មិន​ទាន់​ប្រកាស​ជា​ផ្លូវការ តែ​លោក​បាន​យក​មក​បើករថយន្ត និង ធ្វើ​ជា​ជំនួយការ​លោក​សិន​។ ពាក់ព័ន្ធ​នឹង​លោក​ជំនួយការ ដើរ​ចូល​តាម​ទីតាំង​ល្បែង​ហ្គេ​ម ដើម្បី​បង្គាប់​ឲ្យ​ម្ចាស់ បង់ប្រាក់​សំណូក​ប្រចាំខែ​វិញ លោក ស្នងការ​រង​រូប​នេះ បាន​ទ​ទូល​ស្គាល់​ថា ពិតជា​មាន​មែន តែ​លោក​មិន​បាន​ឲ្យ​ឈ្មោះ វី​រៈ ដើរ​យក​លុយ​គេ​ទេ គឺ គ្រាន់តែ​ឲ្យ​ស្រង់​របាយ​ការ​ណ៏​ពី​ទីតាំង​ល្មើស​ទាំងនោះ ដើម្បី​ងាយ​ស្រូល​គ្រប់គ្រង​តែ​ប៉ុណ្ណោះ​។

មន្ត្រី​នគរបាល​មួយ​ចំនួន​បាន​រិះគន់ ចំពោះ​លោក​លឹ​ម ពុ​ទ្ធី​ឡា ដែល​បណ្ដែតបណ្ដោយ​ឲ្យ​ជំនួយការ​របស់​លោក​ដើរ​ប្រព្រឹត្ត​បែប​នេះ ខណៈ​ឈ្មោះ​វី​រៈ នេះ​គ្មាន​តួនាទី​ច្បាស់​លាស់​នៅ​ក្នុង​ស្នងការ​ខេត្ត​។ មន្ត្រី​នានា​បាន​និយាយ​ថា រឿង​ឈ្មោះ វី​រៈ នេះ​ មានឈ្មោះ​ក្នុង​ក្រប​ខណ្ឌ​នគ​បាល​ជាតិ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នោះ គឺ​មាន​តែ​លោកស្នងការ​រង​រូប​នេះ​ម្នាក់​ទេ​ដែល​ដឹង ក្រៅពី​នេះ​គ្មាន​មន្ត្រី​ណា​ម្នាក់​បានដឹង​ទេ​។ គេ​គ្រាន់តែ​ធ្លាប់​ដឹង​ថា ឈ្មោះ វី​រៈ នេះ​ ជា​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​ត្រូវ​លោក​លឹ​ម ពុ​ទ្ធី​ឡា សណ្ដោង​យក​មក​ឲ្យ​បើករថយន្ត និង ជួយ​រក​សេដ្ឋកិច្ច​ឲ្យ​លោក​ផ្ទាល់​តែ​ប៉ុណ្ណោះ​។

បើ​តាម​ការ​កត់សម្គាល់ ជុំវិញ​សកម្មភាព​របស់​លោក​ជំនួយការ​រូប​នេះ គឺ​បាន​កើតឡើង​ស្រប​ពេល​ដែល​បទល្មើស​នានា បាន​ផ្ទុះ​ឡើយ​ជា​បន្តបន្ទាប់ ខណៈ​សមត្ថកិច្ច​ហាក់​កំពុង​ធ្លាក់ដៃ​។ មហាជន​បាន​រិះគន់​យ៉ាង​ពេញទំហឹង​នូវ​ទ​ង្វើ​លោក​ជំនួយការ​នោះ ដែល​គ្មាន​ភារកិច្ច​និង​តួនាទី​អ្វី​ឲ្យ​ច្បាស់លាស់​បន្តិច​សោះ តែ​បែរជា​ដើរ​ធ្វើ​សកម្មភាព ពាក់ព័ន្ធ​នឹង​បទល្មើស​យ៉ាង​គ​គ្លើ​ន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​មន្ត្រី​ដទៃ​ទៀត និង អង្គភាព​ស្នងការ​ខេត្ត​ទាំងមូល​។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោកស្នងការ​ខេត្ត បាន​ចាត់​វិធាន​ទៅ​លើ​លោក​ជំនួយការ​នោះ បែប​ណា​នៅឡើយ​ទេ រហូត​ដល់​ពេល​នេះ ?