ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៤​ឆ្នាំ​កម្ពុជា​លក់​ឥណទាន​កាបូន​បាន​១១,៦ លាន​ដុល្លារ​ខណៈ​កាបូន​បំ​ភាយ​ចេញពី​ព្រៃឈើ​នៅ​មាន​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ទល់​នឹង​ឆ្នាំ ២០២០​នេះ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ថវិកា​ចំនួន ១១,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​កម្ពុជា​បាន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ទល់​នឹង​ឆ្នាំ ២០២០​នេះ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ថវិកា​ចំនួន ១១,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​កម្ពុជា​បាន និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​ផ្សេង​ៗ​ទៀត ដើម្បី​បន្ត​ទិញ​ឥណទាន​កាបូន​នេះ​បន្ថែម​ទៀត ខណៈ​កាបូន​ដែល​បាន​បំ​ភាយ​ចេញពី​ព្រៃឈើ​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា​ដែល​កម្ពុជា​មាន នៅ​សេស​បរិមាណ​ច្រើន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា អាស្រ័យ​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បាន​ល្អ​ប្រសើរ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ចូល​ទីផ្សា​ស្ម័គ្រចិត្ត​បានជា​បន្តបន្ទាប់ ។

លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា មាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សំបូរ​បែប ។ ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០% នៃ​ផ្ទៃ​ប្រទេស ដែល​ជា​អត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

មក​ទល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូត​ដល់​ប្រមាណ ៤១% នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,៣ លាន ហិ​កតា​ដែល​ក្នុង​នោះ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង តំបន់​រ៉ា​ម​សារ តំបន់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៦៩ កន្លែង និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១២៦០ នាក់​ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​នានា​បាន​និង​កំពុង​ឈរជើង​ការពារ​។

ជាមួយ​គ្នា​នេះ​ដែរ តំបន់ការពារធម្មជាតិ​មួយ​ចំនួន​កំពុង​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​អារម្មណ៍​ដូច​ជា​ខ្នង​ផ្សារ វាល​ធំ​ជាដើម​។ លោក បន្ថែម​ថា ដែនជម្រកសត្វព្រៃ​តា​តៃ ដែនជម្រកសត្វព្រៃ​កែវ​សីមា ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ខាងត្បូង​ជាទី​ដែល​បានការ​ពារ​ព្រៃឈើ​បាន​យ៉ាង​ល្អ​និង​បាន​លក់​ឥណទាន​កាបូន​។

មុន​នឹង​ទិញ​ឥណទាន​កាបូន​នេះ មានការ​វាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ​សមត្ថភាព​នៃ​ការ​ផលិត​កាបូន និង​យន្តការ​ផ្សេង​ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដើម្បី​ធានា​ការពារ​និង​គ្រប់គ្រង​ប្រកប​ដោ​ប្រសិទ្ធភាព លើ​តំបន់ការពារធម្មជាតិ​ដែល​សម្បូណ៌​ដោយ​ព្រៃឈើ សត្វព្រៃ​និង​ជីវៈចម្រុះ​ផ្សេង​ទៀត​។ ការ​សម្រេច​ទិញ​ឥណទាន​កា បូ​ន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា​គឺ​បាន​បង្ហាញ​ថា​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​បាន​នូវ​ធន ធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ ហើយ​ធនធានធម្មជាតិ​ត្រូវ​បាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​។

គួរ​បញ្ជាក់​ថា ក្រសួង​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ថែរក្សា​ឈើ​ឈរ​ដើម្បី​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភព​ផែនដី តាម​រយៈ​ការ​លក់ ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​ហើយ​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​ឥណទាន​កាបូន ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការ​បង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ​។ ក្រុម​មន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម ដើម្បី​លក់​កាបូន​ក្នុង ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ