ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​មក​លី​គ​កំពូល​ភ្លាម Leeds United បង្ហាញ​មហិច្ឆតា​ចង់បាន Zlatan និង Cavani

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ម្ចាស់​ក្លិប Leeds United លោក Andrea Radrizzani បាន​បង្ហាញ​ពី​ជំហរ​ចាប់អារម្មណ៍​ក្នុង​ការ​នាំ​យក​កីឡាករ​ជើង​ចាស់​លំដាប់​ពិភពលោក Zlatan…

ប្រទេស​អង់គ្លេស ៖ ម្ចាស់​ក្លិប Leeds United លោក Andrea Radrizzani បាន​បង្ហាញ​ពី​ជំហរ​ចាប់អារម្មណ៍​ក្នុង​ការ​នាំ​យក​កីឡាករ​ជើង​ចាស់​លំដាប់​ពិភពលោក Zlatan Ibrahimovic និង Edinson Cavani​។

បន្ទាប់​ពី​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ​លំដាប់​ទី​២ Championship រដូវ​កាល ២០១៩/២០ និង​ត្រូវ​ឡើង​មក​លេង​នៅ​ក្រប​ខណ្ឌ​កំពូល Premier League រដូវ​កាល​ក្រោយ បន្ទាប់​ពី​ខកខាន​អស់​រយៈពេល​១៦​ឆ្នាំ Leeds United ទើបតែ​ប្រកាស​ពី​ជោគជ័យ​ទី​២​របស់​ខ្លួន​គឺ ការ​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន Adidas ដើម្បី​ក្លាយជា​ដៃ​ផ្គត់ផ្គង់​ឯកសណ្ឋាន​រដូវ​កាល​ក្រោយ​។

លោក Andrea Radrizzani

ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ យោង​តាម​គេហទំព័រ Dailymail បាន​ចុះ​ផ្សាយ​ថា Leeds United ចាប់អារម្មណ៍​ចង់បាន Ibrahimovic របស់ AC Milan និង Cavani របស់ PSG មក​ជួយ​ក្រុម​រដូវ​កាល​ក្រោយ​។ ក្នុង​នោះ​លោក Radrizzani បាន​សារភាព​ថា​កុងត្រា​សម្រាប់ Ibrahimovic អាច​ជា​រឿង​ដ៏​លំបាក ប៉ុន្តែ​លោក​មាន​សុទិដ្ឋិនិយម​ថា ពួក​គេ​មាន​ភាគរយ​ច្រើន​អាច​ធ្វើការ​ចរចា​ដើម្បី​នាំ​យក Cavani មក​កាន់​ទឹកដី​អង់គ្លេស ។

សូម​បញ្ជាក់​ថា​ទាំង Ibrahimovic និង Cavani សុទ្ធតែ​ត្រៀម​ដើរ​ចេញពី​ក្លិប​បច្ចុប្បន្ន​របស់​ពួក​គេ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវ​កាល​នេះ ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer) ខណៈ​ដែល​មាន​ក្លិប​ជា​ច្រើន​ក៏​សុទ្ធតែ​ចាប់អារម្មណ៍​ចង់បាន​ពួក​គេ​ផង​ដែរ​។

លោក Andrea Radrizzani បាន​ប្រាប់​ទូរទស្សន៍ Sky Sport Italia ថា​«​សម្រាប់ Ibrahimovic ពិតជា​រឿង​ពិបាក​ណាស់​។ យើង​បាន​ព្យាយាម​ចុះហត្ថលេខា​ជាមួយ​គេ​កាលពី​ខែមករា ប៉ុន្តែ​គេ​បាន​ជ្រើសរើស AC Milan​។ ប៉ុន្តែ​សម្រាប់ Cavani គេ​អាច​ចូលរួម​ជាមួយ​យើង​បាន ដោយសារ​តែ​កាយសម្បទា និង​ការ​សម្រប​ខ្លួន​នៅ​ទី​នេះ​។ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​និយាយ​អំពី​គេ​ជាមួយ​គ្រូបង្វឹក​យើង​នៅឡើយ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ