កម្មករជាង​១០០នាក់​ផ្ទុះការ​តវ៉ា ក្រោយរោងចក្រ​ប្រកាសបិទទ្វារ​ (វីដេអូ​)


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​២២ ក​ក្កដា ឆ្នាំ​២០២០ កម្មករកម្មការិនីរោងចក្រកាត់ដេរវ៉ាយ​អូឡេស ដែលមានទីតាំង​នៅភូមិ​ត្រពាំង​ឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រមាណជា​១០០នាក់​ក្នុង​ចំណោម​កម្មករជាង១២០០០នាក់ បានលើកគ្នា​មកតវ៉ាដោយមានលើកបដានៅមុខ​ក្រសួង​ការ​ងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅ​តាម​បណ្តោយ​មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ដើម្បី​សុំ​ឱ្យ​ក្រសួងជួយអន្តរាគមន៍​ដោះស្រាយ​បញ្ហា​​ចំនួន៥ចំណុច ក្រោយរោងចក្រ​ខាងលើនេះ​ប្រកាសបិទទ្វារ ដោយមិន​បាន​ដោះស្រាយ​តាមច្បាប់ការ​ងារជូនពួកគាត់​​ ។​

តាម​ប្រភពពីក្រុមកម្មករ​បាន​ឱ្យ​ដឹង​ថា រោង​ចក្រខាងលើបានព្យួរការងារ​រយៈពេល២ខែ គឺខែឧសភា និង​ខែមិថុនា ដោយសន្យាថាចូលធ្វើការវិញ​នៅថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ដោយសារស្ថានភាពកូវីដ១៩ ។ បន្ទាប់ពីព្យួរការងារ រហូត​ដល់ថ្ងៃ​កំណត់ត្រូវចូលធ្វើការ​វិញ ស្រាប់តែ​រោងចក្រ​បានប្រកាសបិទ​ទ្វារតែម្តង ដោយ​ប្រាប់​មូលហេតុ​ថា មកពីបញ្ហា​ផ្ទុះជំងឺកូវីដ​១៩ ហើយគ្មានអ្នក​បញ្ជាទិញ​ ដោយមិនបានដោះស្រាយតាមច្បាប់ការងារជូនកម្មករ ទើបក្រុម​កម្មករក៏ធ្វើការតវ៉ាតាំងពីថ្ងៃទី​១ កក្កដា មកម៉្លេះ​ ។​

តាម​ប្រភពដដែលបានបន្ត​ថា រោងចក្រ​ខាងលើ​បាន​ដំណើរការ​​តាំង​ពីឆ្នាំ​២០០៣មកម៉្លេះ មិនដែលមានបញ្ហាអ្វីនោះទេ ស្រាប់តែ​ពេលនេះ​ថៅកែរោងចក្របានប្រកាសបិទទ្វារដោយសារ​បញ្ហា​កូវីដ​១៩ ដោយមិនបានជូនដំណឹង និង​ដោះស្រាយជូនកម្មករ​តាមច្បាប់ការ​ងារ​ឡើយ ។

តាមសេចក្តីរាយការណ៍បាន​ឱ្យ​ដឹង​ថា ​បន្ទាប់ពីមាន​​ក្រុម​កម្មករ​​លើកគ្នា​តវ៉ា​ខាងលើនេះដែរ ខាងក្រសួងក៏បាន​អនុញ្ញាត​ឱ្យ​តំណាងកម្មករ​ចំនួន១០នាក់​ចូលជួប ដើម្បី​យកញត្តិ​ទៅជូនក្រសួង ។

សូម​បញ្ជាក់​ផងដែរថា រោងចក្រខាងលើនេះមានសាខា​ចំនួន​៣ធំៗ ហើយ​​​សាខារោងចក្រ​ចំនួន​​៣នេះនៅដំណើរការជាធម្មតាទេ ។ ដោយឡែកក្រុមកម្មករអះអាង​ថា ថៅកែរោងចក្រ​យកលេសថា​ អត់មានអ្នកបញ្ជាទិញនោះ គឺផ្ទុយស្រឡេះ​ ដោយសារ​សាខារោងចក្រចំនួន​៣នោះ​នៅ​ដំណើរការ​នៅឡើយទេ ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា គិតមកត្រឹមវេលាម៉ោង​៩និង​៤២នាទីព្រឹកថ្ងៃ​ដដែល ក្រុមកម្មករ​បានធ្វើ​​​ដំណើរចេញពីក្រសួងការងារ ក្នុងគោលបំណងឆ្ពោះទៅ​កាន់ខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន ជាបន្តទៀត ដោយនៅ​តាម​ផ្លូវ​ក៏មាន​អាជ្ញាធរព្យាយាមរារាំងនៅ​ចំណុចមុខ​មន្ទីរពេទ្យកុមារជាតិ​ដែរ​ ប៉ុន្តែ​ក្រុមកម្មករ​នៅតែបន្តរុលទៅមុខទៀត ដោយធ្វើ​តាម​ផ្លូវ​តូចៗ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ