ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​បើក​កិច្ចប្រជុំ​ក្រុមការងារ​យន្តការ​ត្រីភាគី​បូក​ពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​ត្រីភាគី​បាន​បើក​កិ​ច្ខ​ប្រជុំ​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ ។ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ណ្ឌិ​ត អ៉ិ​ត…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​ត្រីភាគី​បាន​បើក​កិ​ច្ខ​ប្រជុំ​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ ។

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ណ្ឌិ​ត អ៉ិ​ត សំ​ហេង នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​យន្ដការ​ត្រីភាគី​បូក​សម្រាប់​បន្ត​កិច្ច​ពិភាក្សា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​សេចក្តីព្រាងច្បាប់​នេះ​ឱ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ទទួលយក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ ។

នា​ឱកាស​នោះ​លោក​បណ្ឌិត អ៉ិ​ត សំ​ហេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ស្ថិត​ក្នុង​បរិបទ​ដែល​វិស័យ​ឯកជន​កាន់តែ​ប្រឈម​កាន់តែ​ខ្លាំង​ទៅ​នឹង​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំ​ចេញ​នានា រាជរដ្ឋាភិបាល​បាន​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​វិស័យ​ឯកជន​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ដើម្បី​ធានា​ថា វិស័យ​ឯកជន​នៅ​តែ​អាច​បន្ត​ធានា​បាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​អាច​រក្សា​បាន​ដំណើរ​ផលិតកម្ម អាជីវកម្ម​របស់​ខ្លួន​ប្រកបដោយ​ចីរភាព ។

លោក​បន្ត​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​នៅ​ក្នុង​វេទិកា រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​លើក​ទី​១៨ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់​សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ជំរុញ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​លើ​ប្រធានបទ​ចំនួន​១៥ ដែល​ក្នុង​នោះ ការ​កែសម្រួល​ច្បាប់​ស្តី​ពី​ការងារ គឺជា​ការងារ​អាទិភាព​មួយ​នៅ​ក្នុង​វិស័យ​ការងារ ។

ស្រប​តាម​វិធានការ​កែទម្រង់​មុត​ស្រួច​របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្កើត​ក្រុមការងារ​សិក្សា​លទ្ធភាព​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ឱ្យ​ស្រប​តាម​បរិបទ​សេដ្ឋកិច្ច និង​សង្គម ដោយ​បាន​បញ្ចប់​ការ​សិក្សា​ជាបឋម​លើ​ភាព​ចាំបាច់​និង​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ ដោយ​បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី នា​ពេល​កន្លង​មក​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​នេះ​។

ក្នុង​បរិការណ៍​នេះ ការ​លើកកម្ពស់​ជំនាញ សមត្ថភាព និង​ផលិតភាព ព្រមទាំង​កិច្ច​គាំពារ​សង្គម ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជា​អាទិភាព​ខ្ពស់​នៅ​ក្នុង «​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤» និង​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដើម្បី​បន្ត​ពង្រឹង​ភាព​ប្រកួតប្រជែង ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ធានា​បាន​កំណើន​ខ្ពស់​បន្ត​ការ​បង្កើត​ការងារ​កាន់តែ​ប្រសើរ និង​បង្កើន​ប្រាក់​ចំណូល​ប្រកបដោយ​ស្ថិរភាព និង​បរិ​យា​ប័ន្ន ព្រមទាំង​បញ្ចៀស​បាន​នូវ​ហានិភ័យ និង​ផល​ប៉ះពាល់​អវិជ្ជមាន​ណាមួយ​ដែល​កើត​មាន​ឡើងជា​យថាហេតុ ។

សូម​បញ្ជាក់​ជូន​ថា ក្រសួង​ការងារ​បាន​សម្រេច​បង្កើត​ក្រុមការងារ​យន្តការ​ត្រីភាគី​បូក​សម្រាប់​ពិភាក្សា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​នេះ​ឡើង​ដែល​មាន​សមាសភាព​ត្រីភាគី​ក្នុង​ចំនួន​ស្មើ​ៗ​គ្នា ដើម្បី​បន្ត​ជំរុញ​កិច្ច​សន្ទនា​សង្គម​ក្នុង​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ សំដៅ​ជំរុញ​កំណើន​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ជាតិ និង​បង្កើន​ឱកាស​ការងារ​របស់​កម្មករនិយោជិត ស្រប​តាម​សេចក្ដី​ត្រូវការ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ