ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​វិវាទ​ដីធ្លីការ​កាត់​ឆ្វៀល​ដី​ត្រូវ​បាន​ដោះស្រាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ នា​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ស្តី​ពី​អំពី​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ការ​ចុះបញ្ជី​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ នា​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ស្តី​ពី​អំពី​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ការ​ចុះបញ្ជី​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ការ​ដោះស្រាយ​វិវាទ​ដីធ្លី ការ​កាត់​ឆ្វៀល​ដី និង​ការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដី ខេត្តមណ្ឌលគិរី ។

យោង​តាម​របាយការណ៍​មក​ទល់​ពេល​នេះ ក្រសួង​បាន​ចេញ​បណ្ណ​កម្ម​សិទ្ធ​លើ​ដី​រដ្ឋ​បាន​ចំនួន​២០០៨​ស្មើនឹង​៨៧​ម៉ឺន​ហិ​កតា ដែល​ក្នុង​នោះ​ដី​សម្បទាន​សេដ្ឋកិច្ច មាន​២០១១​បណ្ណ ស្មើនឹង ៧៤​ម៉ឺន​ហិ​កតា និង​ដី​រដ្ឋ​ផ្សេង​ៗ​ទៀត​បាន​១០៧​បណ្ណ​ស្មើនឹង ១៣ ម៉ឺន​ហិ​កតា ។

ដោយឡែក​នៅ​ខេត្តមណ្ឌលគិរី ក្រសួង​បាន​ចេញ​បណ្ណ​កម្ម​សិទ្ធ លើ​ដី​រដ្ឋ​បាន ចំនួន ១៦៧ បណ្ណ​ទំហំ​ប្រមាណ ១៥ ម៉ឺន​ហិ​កតា ។ មក​ទល់​ខែកក្កដា​ឆ្នាំ​២០២០ ការងារ​ចុះបញ្ជី​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី ទទួល​បាន​លទ្ធផល​ដូច​ជា ៤៦ ភូមិ​ត្រូវ​បាន​ចុះបញ្ជី និង​ចេញ​បណ្ណ​កម្ម​សិទ្ធ​រួចរាល់​លើ​ផ្ទៃដី​ទំហំ​១៩១​ពាន់​១៨​ហិ​កតា​ស្មើនឹង​២៤២១៨​បណ្ណ​ក្នុង​នោះ​ការ​ចុះបញ្ជី​ដី​ជូន​ប្រជាពលរដ្ឋ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៣៩២២៦​ហិ​កតា​ស្មើនឹង​២៣៧៥៥​បណ្ណ ចុះបញ្ជី​ដី​រដ្ឋ​ទំហំ​ប្រមាណ​១៤៥​ពាន់​៦៣៣​ហិ​កតា​ស្មើនឹង​១៦៧​បណ្ណ ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ចុះបញ្ជី​បាន ៧ សហគមន៍​លើ​ផ្ទៃដី​ទំហំ ៦១៥៦ ហិ​កតា ស្មើនឹង​២៧៨​បណ្ណ និង​មាន​១០​ភូមិ​កំពុង​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ ចំពោះ​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​៦​សហគមន៍​ដែល​កំពុង​ដំណើរការ​និង​បាន​បញ្ចប់​ការ​បិទ​ផ្សាយ​ជា​សា​ធារ​ណះ​រួចរាល់​។

ការ​ដោះស្រាយ​វិវាទ​ដីធ្លី គឺ​ដោះស្រាយ​បាន​២២​ករណី និង​កំពុង​បន្ត​ដោះស្រាយ​ចំនួន​៣៨​ករណី ។ ក្រសួង​បាន​បង្កើត​គណៈកម្មការ​គាំទ្រ​ការ​ចុះបញ្ជី​ដី​រដ្ឋ ដី​ឯកជន​របស់​ប្រជាពលរដ្ឋ ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្តមណ្ឌលគិរី​ដែល​មាន​សមាសភាព​សរុប​៣១៣​រូប​ចែក​ចេញ​ជា​៤​អនុ​គ​ណះ​កម្ម​ការ​និង​ក្រុមការងារ​ចុះបញ្ជី​ដី​មាន​១២​ក្រុម​ស្មើនឹង​២២៥​រូប ។

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​សហការ​ជាមួយ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ចាត់ចែង​ព​ន្លឿ​ន​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ការ​ដោះស្រាយ​វិវាទ​ដីធ្លី និង​ការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្តមណ្ឌលគិរី ។ គណៈកម្មការ​នេះ​នឹង​ចុះ​បំពេញការងារ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ជំរុញ​ព​ន្លឿ​ន​ការងារ​ចុះបញ្ជី​ដី​រដ្ឋ ចុះបញ្ជី​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី និង​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្តមណ្ឌលគិរី​ដែល​នៅ​សេសសល់​ក្នុងភូមិ​ទាំង​៤៦​ដែល​បាន​ចុះបញ្ជី​រួច ភូមិ​ចំនួន​១០​ដែល​កំពុង​ដំណើរការ​ចុះបញ្ជី​និង​ដំណើរការ​ចុះបញ្ជី​ក្នុងភូមិ​ចំនួន​៣៦​ផ្សេង​ទៀត​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​នេះ ហើយ​ក្នុង​កិច្ចប្រជុំ​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ