រាជធានីភ្នំពេញ ៖ តាំងពីថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២០ មកម្ល៉េះ ដែលអត្តពលិកដែលជាសមាសភាពថ្មីនៅក្នុងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានចូលហ្វឹកហាត់ ដោយសហព័ន្ធរំពឹងយ៉ាងខ្លាំងថា ពួកគេនឹងក្លាយជាធនធានដ៏សំខាន់របស់សហព័ន្ធនោះផង ។ មន្ត្រីជាន់ខ្ពស់សហព័ន្ធបានបង្ហាញសុទិដ្ឋិនិយមថា នឹងធ្វើឱ្យសមាសភាពថ្មី រដូវកាលថ្មី ដែលមានអត្តពលិកចាស់ខ្លះ ថ្មីខ្លះ មានសមត្ថភាពគ្រប់គ្រាន់។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឲ្យដឹងថា សមា សភាព កីឡាករ-កីឡាការិនីជម្រើសជាតិ កីឡាទ្រីយ៉ាត្លុង ដែលទើបតែប្រមូលផ្ដុំ គឺរួមមាន ក្រុមជម្រើសជាតិឈុតធំមានចំនួន៨នាក់ ដោយក្នុងចំណោមនោះគឺមានកីឡាការិនី ម្នាក់ និងថ្នាល៨នាក់ ។ ក្នុងចំណោមនោះ ក៏មានកីឡាករបម្រុងចំនួន៨នាក់ ដែលសុទ្ធតែជាធនធានចម្បងក្នុងការសម្រួចគោលដៅឆ្ពោះ ទៅរកឱកាសមួយនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកបញ្ជាក់ថា ឆ្នាំថ្មីនេះ សហព័ន្ធបានសម្រេចផ្លាស់ប្ដូរ ដាក់បញ្ចូលកីឡាករវ័យក្មេងជើងថ្មី២រូប ដោយសមាសភាពអ្នកទាំងពីរគឺបាន ជ្រើសរើសចេញពីក្រុមយុវជន២រូបដែល ជាប់ការធ្វើតេស្តក្នុងចំណោម១០រូបឲ្យចូលក្នុង ក្រុមជម្រើសជាតិឈុតធំ ។ សមាសភាពដែលបានប្រមូលផ្ដុំឱ្យមានការជួបជុំហ្វឹកហាត់នោះ ត្រូវបានបែងចែកម៉ោងពេលហ្វឹកហាត់ជា២ ពេលក្នុង១ថ្ងៃៗ គឺព្រឹកម៉ោង៦ដល់ម៉ោង៨ព្រឹក និងពេលល្ងាច ពីម៉ោង៤និង៣០នាទីដល់ ម៉ោង៧យប់ ។
ចំពោះទីតាំងហ្វឹកហាត់មាន៣ កន្លែង ទី១-ពហុកីឡដ្ឋានជាតិអូឡាំពិក ទី ២-ពហុកីឡដ្ឋានជាតិមរតកតេជោ និងទី៣-ជិះ កង់តាមផ្លូវជាតិ 6A ។ សហព័ន្ធកីឡាទ្រីយ៉ា ត្លុងកម្ពុជា បានត្រួតពិនិត្យសម្ភារ និងការបែងចែកកង់ សម្ភារ និងសំលៀកបំពាក់ឈុត ថ្មីដល់ជម្រើសជាតិទាំង២ក្រុម គឺឈុតថ្នាល យុវជន និងក្រុមឈុតធំ ។ លោកអគ្គលេខាធិការ រូបនេះ បញ្ជាក់បន្ថែមទៀតថា ការហ្វឹកហាត់ នេះនឹងបង្កើនបាននូវគុណភាព បច្ចេកទេស របស់កីឡាករ កីឡាការិនីជម្រើសជាតិទាំងពីរ ឈុតនេះ ដើម្បីត្រៀមការប្រកួតជើងឯកថ្នាក់ជាតិកីឡាទ្រីយ៉ាត្លុង នាចុងឆ្នាំ២០២០ នៅខេត្តកែប ។ ចំពោះការប្រកួតអន្តរជាតិនានា ត្រូវបានលុបចោលអស់ហើយសម្រាប់ឆ្នាំ ២០២០នេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបន្តរីករាលដាលនៅឡើយ ។
សូមបញ្ជាក់ថា ទ្រីយ៉ាត្លុង គឺជាប្រភេទកីឡាអូឡាំពិកដែលមានវិញ្ញាសាចំនួន៣បូកបញ្ចូល គ្នាគឺរត់ ជិះកង់ និងហែលទឹក ។ ប្រភេទកីឡាទ្រីយ៉ាត្លុង (Triathlon) មាន៣វិញ្ញាសាធំៗ ៖ ១-ទ្រីយ៉ាត្លុង គឺហែលទឹក១.៥០០ម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់១០គីឡូម៉ែត្រ ។
២-ឌូយ៉ាត្លុង (Duathlon) គឺរត់១០គីឡូម៉ែត្របូកជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ ។
ទី៣-អាគ័រត្លុង (Aquathlon) រត់២,៥គីឡូម៉ែត្រ បូកហែលទឹក១.០០០ម៉ែត្រ និងបន្តរត់២,៥ គីឡូម៉ែត្រ ។ ជាមួយនឹងយុទ្ធសាស្ត្រជាច្រើនដែលបានបង្ហាញនេះ មិនមែនតែមន្ត្រីសហព័ន្ធនោះទេ សូម្បីតែមហាជន ជាពិសេសអ្នកគាំទ្រកីឡាមួយនេះ ក៏មានការចាប់អារម្មណ៍ផងដែរថា សមាសភាពថ្មីដែលបានប្រមូលផ្ដុំនេះ ពិតជាអាចឱ្យកីឡាមួយនេះមានសក្តានុពលជាងមុនផងដែរ៕
ចែករំលែកព័តមាននេះ