ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ជំហាន​ក្នុង​ការ​អនុវត្ត​ធនាគារ​ដីធ្លី ដើម្បី​អ្នក​អាច​ចូល​និវត្តន៍​ក្នុង​រយៈពេល​១៥​ឆ្នាំ​មាន​លុយកាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​វិនិយោគ​ធនាគារ​ដីធ្លី ឬ​ហៅ​ថា Land Banking សញ្ជាតិ​អា​មេ​រិ​ក លោក John Jacob…

រាជធានី​ភ្នំពេញ ៖ អ្នក​វិនិយោគ​ធនាគារ​ដីធ្លី ឬ​ហៅ​ថា Land Banking សញ្ជាតិ​អា​មេ​រិ​ក លោក John Jacob Astor និង​លោក Songsakdi បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ Land Banking វិនិយោគ​រយៈពេល​វែង​ដោយ​ផ្តោត​លើ​ដីធ្លី​ដែល​មាន​សក្តានុពល​ខ្ពស់​នៅ​តំបន់​ជាយក្រុង បាន​ជោគជ័យ​រហូត​ក្លាយជា​មហាសេដ្ឋី​អចលនទ្រព្យ​ដែល​មានទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ​។

លោក ង៉ែត ជូ អ្នកជំនាញ​ខាង​វិស័យ​ហិរញ្ញវត្ថុ និង​អចល​ទ្រព្យ​មួយ​រូប​នៅ​កម្ពុជា បាន​លើក​ឡើង​ថា «​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​វិស័យ​ដីធ្លី​មាន​សក្តានុពល​ខ្លាំង​ដែរ ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា លោក​អ្នក ជា​ពិសេស​ប្អូន​ៗ​យុវជន​អាច​ប្រើ​យុទ្ធសាស្ត្រ​នេះ ដើម្បី​អាច​ចូល​និវត្តន៍​បាន​ដោយ​ធ្វើការ​ត្រឹមតែ​១៥​ឆ្នាំ​ប៉ុណ្ណោះ​» ។ លោក​បាន​បន្ត​ថា «​ឧទាហរណ៍ ប្រសិនបើ​អ្នកមាន​អាយុ​២៥​ឆ្នាំ ហើយ​អ្នក​សន្សំ​ប្រាក់​បាន​១​ខែ​៥០០​ដុល្លា ឬ​៦០០០​ដុល្លា​ក្នុង​១​ឆ្នាំ​ៗ ដើម្បី​វិនិយោគ​លើ​ដីធ្លី​ដែល​មាន​កំណើន​តម្លៃ​២០% ក្នុង​១​ឆ្នាំ នោះ​១៥​ឆ្នាំ​ក្រោយ (​នៅ​ពេល​ដែល​អ្នកមាន​អាយុ​៤០​ឆ្នាំ​) អ្នក​អាច​មានទ្រព្យ​សម្បត្តិ​ប្រហែល​កន្លះ​លាន​ដុល្លា ។

ទ្រព្យសម្បត្តិ​ត្រឹម​កន្លះ​លាន​ដុល្លា​មិន​ច្រើន​ទេ ប៉ុន្តែ​អាច​អោយ​អ្នក​ចូល​និវត្តន៍​បាន​ប្រសិនបើ​អ្នកចេះ​រស់នៅ​ក្នុង​ជីវិត​សាមញ្ញ (​ពោល គឺ​ចំណាយ​តិច​) ហើយ​ចេះ​ចាត់ចែង​ទ្រព្យ​ទាំងនោះ ដើម្បី​បន្ត​បង្កើន​ចំណូល ឬ​ជា​ទ្រព្យ​បន្ថែម ។ ឧទាហរណ៍​ខាងលើ​គ្រាន់តែ​ជា​ករណី​ដ៏​សាមញ្ញ​១ ប៉ុណ្ណោះ ជាក់ស្តែង​ប្រសិនបើ​អ្នកជា​បុគ្គល​ដែល​មាន​ភាព​អំណត់ ពូកែ​សន្សំ ឬ​ប្រើប្រាស់​ប្រភព​ទុន​ពី​ធនាគារ និង​មាន​ភាព​វៃឆ្លាត​ខ្លាំង​ក្នុង​ការ​វិនិយោគ​ក្នុង​រយៈពេល​១៥​ឆ្នាំ អ្នក​អាច​សន្សំទ្រព្យ​បាន​រាប់​លាន​ដុល្លារ​តាម​រយៈ​ធនាគារ​ដីធ្លី​» ។

ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ខាងលើ អ្នក​គប្បី​អនុវត្តន៍​នូវ​ជំហាន​ទាំង​៤​ខាងក្រោម ៖ ជំហាន​ទី​១ គឺ​កសាង​សមត្ថភាព (building skills) ៖ អ្នក​ត្រូវ​រៀនសូត្រ​ពី​ការ​វិនិយោគ និង​របៀប​ធ្វើ​ធនាគារ​ដីធ្លី​ពី​បុគ្គល​ដែល​មានបទពិសោធន៍ ស្វែង​យល់​ពី​ផ្លូវច្បាប់ ទីផ្សារ និង​ជំនាញ​ដទៃ​ទៀត​ដូច​ជា ការ​ចរចា​។​ល​។ ជា​ពិសេស​អ្នក​គួរ​មាន​បុគ្គល​ដែល​មានបទពិសោធន៍​អនុវត្ត​ផ្ទាល់​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់ (mentor) ដើម្បី​ជួយ​តំរង់​ទិស និង​ផ្តល់​យោបល់​ដល់​អ្នក ។ ជំហាន​ទី​២ គឺ​ធ្វើ​ផែនការ​វិនិយោគ (planning) ៖ អ្នក​ត្រូវ​ប្រើ​ពេលវេលា​រយៈពេល​វែង​របស់​អ្នក​អោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។

ក្នុង​១​ឆ្នាំ​ៗ តើ​អ្នក​នឹង​វិនិយោគ​ដីធ្លី​ប៉ុន្មាន​កន្លែង? ទំហំ​ដី​ប៉ុណ្ណា? នៅ​តំបន់​ណា?ទំហំ​ទុន​វិនិយោគ​ប៉ុណ្ណា ? តើ​អ្នក​បាន​ប្រភព​ទុន​ពី​ណា ? ក្នុង​១​ឆ្នាំ​ៗ អ្នក​ត្រូវ​គេ​តំឡើង​ប្រាក់ខែ​ប៉ុន្មាន​ភាគរយ ដើម្បី​បង្កើន​លទ្ធភាព​វិនិយោគ ? ជំហាន​ទី​៣ គឺ ការ​បង្កើន​ទ្រព្យ (wealth accumulation) ៖ អ្នក​ចាប់ផ្តើម​សិក្សា​ពី​ជំរើស​នៃ​ការ​វិនិយោគ​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។ ជា​រៀង​រាល់​ឆ្នាំ​អ្នក​អនុវត្ត​តាម​ផែនការ និង​មាន​ភាព​បត់បែន​ខ្លះ​ៗ​ទៅ​តាម​សភាពការណ៍​ជាក់ស្តែង ។ រួច​អ្នក​រង់ចាំ​មើល​កា​រវិ​វត្ត​តាម​រយៈ​ភាព​រីក​ចំរើន​នៃ​សេដ្ឋកិច្ច និង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដូច​ជា ផ្លូវ ទឹក ភ្លើង សំណង់​លំនៅ​ដ្ឋា​ន និង​រោងចក្រ​ជាដើម​។​ល ។ កំណើនប្រជាជន​ចាប់ផ្តើម​កើនឡើង​ខ្លាំង តំរូវការ​ដីធ្លី​ក៏​មាន​កាន់តែ​ខ្លាំង រីឯ​តម្លៃ​ក៏​ឡើង​តាម​នោះ​ដែរ​។

ជំហាន​ទី​៤ គឺ​ការ​បែងចែក​ទ្រព្យសម្បត្តិ (wealth distribution)៖ ប្រមាណ​១៥​ឆ្នាំ​ក្រោយ​ជា​ដំណាក់​កាលដែល​អ្នក​ប្រមូល​ផល​ពី​ការ​វិនិយោគ​លើ​ធនាគារ​ដីធ្លី​ប្រកបដោយ​ចក្ខុវិស័យ ។ អ្នក​អាច​លក់​ដីធ្លី​មួយ​ចំនួន ដើម្បី​បង្កើត​ជា​ចំណូល​ប្រចាំខែ ឬ​លក់​ដីធ្លី​ខ្លះ​ទៀត​យក​ទុន​ទៅ​វិនិយោគ​លើ​ឃ្លាំង ឬ​អគារ​សំរាប់​ជួល ឬ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នានា​យក​ភាគលាភ​ប្រចាំឆ្នាំ (annual dividend) ដើម្បី​ចិញ្ចឹម​គ្រួសារ និង​រីករាយ​ជាមួយ​ជីវិត​ដែល​មាន​សេរីភាព​ហិរញ្ញវត្ថុ ។ សកម្មភាព​វិនិយោគ​ទាំងនេះ​សុទ្ធតែ​ជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

ចំណែក​ដីធ្លី​ខ្លះ​ទៀត ដែល​នៅ​មាន​សក្តានុពល​កើន​តម្លៃ​ខ្ពស់​គួរ​បន្ត​រក្សា​ទុកជា​ការ​បង្កើន​ទ្រព្យ ។ សូម​បញ្ជាក់​ថា អត្ថបទ​ខាងលើ គឺជា​លទ្ធផល​នៃ​ការ​អនុវត្ត​ជាក់ស្តែង ការ​សិក្សា​ស្រាវជ្រាវ និង​ការ​វិភាគ​ទៅ​តាម​បរិបទ​នៃ​ទីផ្សារ និង​សេដ្ឋកិច្ច​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ