ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ក្រើនរំលឹក​លោក កឹ​ម សុខា កុំ​ដើរ​ហួស​បន្ទាត់​កំណត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការក្រុង​ភ្នំពេញ បាន​ក្រើនរំលឹក​ដល់ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ ថា «​កុំ​ឲ្យ​ធ្វើ​សកម្មភាព​ហួស​ព្រំដែន​កំណត់​»…

រាជធានី​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការក្រុង​ភ្នំពេញ បាន​ក្រើនរំលឹក​ដល់ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ ថា «​កុំ​ឲ្យ​ធ្វើ​សកម្មភាព​ហួស​ព្រំដែន​កំណត់​» ពីព្រោះ​លោក​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។

ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ក្រើនរំលឹក​បែប​នេះ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃនេះ​លោក កឹ​ម សុខា បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​លំនៅ​ដ្ឋា​ន​របស់​លោក ទៅ​កាន់​ខេត្តសៀមរាប ខេត្ត​ត្បូងឃ្មុំ​ជាដើម​។

តុលាការ​បាន​រំលឹក​លោក​ថា «​សកម្មភាព​មួយ​ចំនួន ជា​ពិសេស នៅ​តាម​បណ្តា​ខេត្ត ដោយ​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​ប្រមូលផ្តុំ ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន ក្រោម​រូបភាព​ផ្សេង​ៗ អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន ឬ​នាំ​ទៅ​ដល់​ការ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ តាម​ផ្លូវ​តុល​ការ ដែល​ត្រូវ​ដាក់​ជនជាប់ចោទ​» ។

នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ និង​ចុះហត្ថលេខា​ដោយ​លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការក្រុង​ភ្នំពេញ បាន​ប្រាប់​លោក កឹ​ម សុខា តាម​សេចក្តីសម្រេច​ដីកា​របស់​តុលាការ​កន្លង​មក លោក កឹ​ម សុខា​ដែល​ជា​ជន​ត្រូវ​ជាប់ចោទ​ជាប់​កាតព្វកិច្ច​ជាក់លាក់​មួយ​ចំនួន ជា​ពិសេស​មិន​ត្រូវ​សកម្មភាព​នយោបាយ​ឡើយ​។

លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្ដាលអធ្រាត្រ កាល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ឯ​គេហដ្ឋាន​របស់​លោក នៅ​ម្ដុំ​ខណ្ឌទួលគោក​។ តុលាការ​បាន​ចោទប្រកាន់​លោក ថា ក្បត់ជាតិ​និង​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​។ លោក​បាន​ជាប់​ឃុំ​នៅ​មន្ទីរឃុំឃាំង​ត្រពាំង​ថ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​ហើយ​ក្រោយមក​តុលាការ​កែប្រែ​សេចក្តីសម្រេច​ដោយ​អនុញ្ញាត​ឲ្យ​លោក មក​នៅ​ស្នាក់​ក្នុងផ្ទះ របស់​ខ្លួន ដោយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ជាមួយ​លក្ខខណ្ឌ មួយ​ចំនួន​ដូច​ជា​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ​ជាដើម​នោះ​។

នៅ​ពេល​ចុង​ក្រោយ​នេះ​លោក​បាន​ទទួល​ជួប​ជា​ឯកអគ្គរដ្ឋទូត រាជទូត​ប្រទេស​ច្រើន​ប្រចាំ​នៅ​កម្ពុជា នៅ​គេហដ្ឋាន​របស់​លោក មុន​លោក​ចេញពីផ្ទះ​ទៅ​ទី​សាធារណៈ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដែល​នាំ​ឲ្យ​តុល​ការ​ក្រើនរំលឹក​ពី​កាតព្វកិច្ច​របស់​លោក​នា​ពេល​នេះ​។

លោក​កឹ​ម សុខា តែងតែ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​របស់​តុលាការ​ថា​លោក​ក្បត់ជាតិ​នោះ​។ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក បាន​បង្ហោះ​គ្រប់​សកម្មភាព​ដែល​លោក​បាន​ទទួល​ជួប​ភ្ញៀវ​និង​ចេញ​ទៅ​ជា​សាធារណៈ​នោះ​។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ថា «​ខ្ញុំព្រះករុណា ខ្ញុំ សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះសង្ឃ និង​បងប្អូន​ជនរួមជាតិ​មក​ពី​រាជធានី ខេត្ត​មួយ​ចំនួន ដែល​កន្លង​មក​បាន​និមន្ត និង​អញ្ជើញ​មក​សួរសុខទុក្ខ​ខ្ញុំព្រះករុណា ខ្ញុំ​នៅ​គេហដ្ឋាន​ផ្ទាល់ និង​ចំពោះ​ព្រះសង្ឃ បងប្អូន​ដែល បាន​ស្កាត់​មក​ជួប​សួរសុខទុក្ខ ដោយ​សម្តែង​នូវ​មនោសញ្ចេតនា​នឹករលឹក​ក្រៃ​លែង​ចំពោះ​រូប​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នា​ពេល​ថ្មី​ៗ​នេះ ទោះបី​មិន​មានការ​ជូនដំណឹង ឬ​ផ្សព្វផ្សាយ​ក៏​ដោយ​» ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ