ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទៃដី​សរុប ៧,៣ លាន​ហិ​កតា​ស្មើ​ប្រមាណ ៤១%​នៃ​ផ្ទៃ​ប្រទេស​ត្រូវ​បាន​អភិរក្ស និង​ការពារ​ធម្មជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងបរិស្ថាន​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នេះ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​មាន​យុត្តាធិការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​ជាង ៦០​កន្លែង…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងបរិស្ថាន​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នេះ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​មាន​យុត្តាធិការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​ជាង ៦០​កន្លែង ដែល​មាន​ផ្ទៃដី​សរុប ៧,៣ លាន​ហិ​កតា ដែល​ស្មើ​ប្រមាណ ៤១%​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា ដែល​សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ​គ្រប់​ប្រភេទ ។

ក្នុង​ការ​ទទួល​ជួប​ក្រុម​អេកូ​យុវ​ទូត ដែល​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ និង​មក​ពី​តាម​ខេត្ត​ដែល​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បន្ត​ថា ក្រុម​អេកូ​យុវ​ទូត មាន​បំណង​ស្វែង​យល់​ពី​តួនាទី​ភារកិច្ច​ក្រសួងបរិស្ថាន​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​អភិរក្ស​តំបន់ការពារធម្មជាតិ ស្ថិត​នៅ​ក្នុង​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​អភិរក្ស​សត្វព្រៃ​ក៏​ដូច​ជា ការងារ​អប់រំ និង​ផ្សព្វផ្សាយ​បរិស្ថាន ។

លោក នេត្រ ភក្ត្រា បាន​បន្ថែម​ថា ពួក​គាត់​ពិតជា​រីករាយ​ដែល​បាន​ទទួល​ព័ត៌មាន​សំខាន់​ៗ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បាន​ចោទ​សំណួរ​ជា​ច្រើន ដើម្បី​ជា​ការ​យល់​ដឹង​បន្ថែម ។

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ប្រាប់​ដល់​ក្រុម​អេកូ​យុវ​ទូត អំពី​សរសរ​ស្តម្ភ​ទាំង ៤ របស់​ក្រសួងបរិស្ថាន គឺ​កិច្ច​គាំពារ​បរិស្ថាន ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​រស់នៅ​ដោយ​ចីរភាព ។

ជាមួយ​គ្នា​នេះ ក្រុម​អេកូ​យុវ​ទូត​ក៏​បាន​ស្តាប់​បទ​បង្ហាញ​ពី​កិច្ចការ​អភិរក្ស​ជីវៈចម្រុះ​ពី​លោក ស្រី ស៊ុន​លាង ប្រធាន​នាយកដ្ឋាន​អភិរក្ស​ដី​សើម​ទឹកសាប និង​ការ​អបរំ​បរិស្ថាន​ពី​សំណាក់​លោកស្រី មាស ច័ន្ទ​ធីតា អគ្គ​នាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ