ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដឹក​ជ្រូក​ថៃ​ឆ្លង​ដែន​ទៅ​វៀត​ណាម​ បើ​​ងាប់​ពន្លះសាច់​លក់​ឱ្យ​អ្នក​ភូមិ​(វីដេអូ)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ដឹក​ជ្រូក​ពី​ប្រទេស​ថៃ​ឆ្លងកាត់​ខេត្តស្វាយរៀង ដើម្បី​ដឹក​បន្ត​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ ក្នុង​១​ថ្ងៃ​ៗ​ចាប់ពី​៦០០​ក្បាល​ទៅ​១.២០០​ក្បាល ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ គឺ​ជ្រូក​ដែល​ឈឺ​និង​ងាប់ ខាង​​វៀត​ណាម​មិន​ទទួល​ឲ្យ​យក​ចូល​ទៅ​ប្រទេស​របស់​គេ​ទេ…

ខេត្តស្វាយរៀង ៖ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ដឹក​ជ្រូក​ពី​ប្រទេស​ថៃ​ឆ្លងកាត់​ខេត្តស្វាយរៀង ដើម្បី​ដឹក​បន្ត​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ ក្នុង​១​ថ្ងៃ​ៗ​ចាប់ពី​៦០០​ក្បាល​ទៅ​១.២០០​ក្បាល ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ គឺ​ជ្រូក​ដែល​ឈឺ​និង​ងាប់ ខាង​​វៀត​ណាម​មិន​ទទួល​ឲ្យ​យក​ចូល​ទៅ​ប្រទេស​របស់​គេ​ទេ ម្ល៉ោះហើយ​ក្រុម​ឈ្មួញ​ក៏​លក់​ឲ្យ​ខាង​ឡ​សត្តឃាត កាប់​ពន្លះ​យក​សាច់​ចែក​ចាយ​តាម​ផ្សារ លក់​បន្ត​ទៅ​ឲ្យ​អ្នក​ខេត្ត​ស្វាយ​រៀង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកទិញ​យក​ទៅ​បរិភោគ ។

ការ​បែកធ្លាយ​រឿង​អាជីវករ​ទិញ​ជ្រូក​ឈឺ និង​ងាប់​ដឹក​ដាក់​តាម​ឡ​សត្តឃាត​លក់​ចែកចាយ​តាម​ផ្សារ​​នេះ គឺ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ២០២០ នៅ​ភូមិ​ព្រៃ​វល្លិ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ។

​ទាក់ទិន​នឹង​ករណី​នេះ លោក យស់ ស៊ី​ម​អាយុ​៥៥​ឆ្នាំ ជា​ម្ចាស់​ចំណត​ផ្ទេរ​ជ្រូក​ឆ្លង​ដែន​ទៅ
ប្រទេស​វៀតណាម នៅ​ចំណុច​ប្រឡាយ​ទាហាន​ស្ថិត​ក្នុងភូមិ​ព្រៃ​វល្លិ ឃុំ​ថ្មី បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ឧកញ៉ា ជឹ​ម សុខ គឺ​មានច្បាប់​អនុញ្ញាត​ដឹក​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា និង​ដឹក​ឆ្លង​កាត់​ព្រំដែន​ទៅ​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​ដឹក​ជ្រូក​មក​ចូល​ចំណត​ដើម្បី​ពិនិត្យ​សុខ​ភាព រួច​ផ្ទេ​រថយន្ត​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម តែបើ​មាន​ជ្រូក​អន់ និង​ងាប់ ខាង​វៀតណាម​មិន​ទទួលយក​និង​មិន​ឲ្យ​ដឹក​ចូល​ទេ ។ ដូច្នេះ​ជ្រូក​អន់​និង​ងាប់ ដែល​វៀតណាម​មិន​យក គឺ​គេ​លក់​ទៅ​ឲ្យ​ឡ​សត្តឃាត​ស្រុក​ស្វាយ​ទាប ។

លោក ស៊ី​ម វ៉ា អាយុ​៣៧​ឆ្នាំ ម្ចាស់​ឡ​សត្ត​ឃាត​ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ក្រុម​អាជីវក​រដឹក​ជ្រូក​រស់​និង​ងាប់​ចូល​មក​ឡ​សត្តឃាត​របស់​គាត់​មែន ប៉ុន្តែ​មិនដឹង​ថា​គេ​ដឹក​មកពីណា​ទេ ។ រូប​គាត់​ជា​ម្ចាស់​ឡ​គ្រាន់តែ​មាន​ទីកន្លែង​ឲ្យ​អាជីវករ​យក​ជ្រូក​មក​កាប់​ប៉ុណ្ណោះ ដោយ​យក​តម្លៃ​ជ្រូក​១​ក្បាល​៨.០០០​រៀល គោ​១​ក្បាល​១៥.០០០​រៀល ។ គាត់​គ្មាន​សិទ្ធិ​សួរនាំ ដេញ​គេ​មិន​ឲ្យ​យក​ជ្រូក​ងាប់​ចូល​មក​កាប់​សាច់​នោះ​ទេ ។

លោក ស៊ី​ម វ៉ា និយាយ​ថា ម្ចាស់​ជ្រូក​គេ​យក​ជ្រូក​មក​ចូល​ឡ គឺ​មាន​កម្មករ​របស់​គេ ធ្វើ​ហើយ​គេ​ដឹក​យក​ទៅ​វិញ ឯ​គាត់​យក​តែ​ថ្លៃ​ឈ្នួលឡ ចំពោះ​ការ​ពិនិត្យ​សុខភាព​សត្វ​គឺ​ពេទ្យសត្វ​ស្រុក​ស្វាយ​ទាប​ជា​អ្នក​មក​ពិនិត្យ ។

ឡ​សត្តឃាត​ស្រុក​ស្វាយ​ទាប កាប់​ជ្រូក​ក្នុង១​ថ្ងៃ​១០​ក្បាល​ទៅ​១៥​ក្បាល ។ ចំណែក​កម្មករ​ពិឃាត​ជ្រូក​បាន​ឲ្យ​ដឹង​ថា ជ្រូក​រស់ ជ្រូក​ងាប់ ដែល​គេ​យក​មក​ឲ្យ​ធ្វើ​ទាំង​សម្លាប់ កោស និង​សម្អាត​គ្រឿងក្នុង ក្នុង​១​ក្បាល​២​ម៉ឺន​រៀល ។

ទាក់ទិន​នឹង​ករណី​នេះ លោក សុខ សានី មន្ត្រី​ពេទ្យសត្វ​ស្រុក​ស្វាយ​ទាប និយាយ​ថា លោក​ចុះ​ពិនិត្យ​នៅ​ឡ​សត្តឃាត ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ដល់​ម៉ោង​៨​ព្រឹក ប៉ុន្តែ​បើ​អាជីវករ​ពិឃាតសត្វ​បន្ថែម​លោក​មិន​បានដឹង​ទេ ។ ចំណែក​ជ្រូក​ក្រុម​អាជីវក​រដឹក​មកពីណា​ក៏​លោក​មិន​បានដឹង​ដែរ ក៏​ប៉ុន្តែ​កន្លង​មក​បាន​លេចឮ​ថា មាន​ឈ្មួញ​យក​ជ្រូក​ពី​ចំណត​ស្រុក​កំពង់​រោទ៍​មក​កាប់​នៅ​ក្នុង​ឡ​សត្តឃាត និង​កាប់​តាម​ផ្ទះ រួច​ចែកចាយ​ដឹក​លក់​តាម​ម៉ូតូ​នៅ​តាម​ភូមិ ។

ជាក់ស្តែង នៅ​ឡ​សត្តឃាត​ស្រុក​ស្វាយ​ទាប គឺ​មាន​កាប់​ជ្រូក​បន្ថែម​ដោយ​គ្មាន​មន្ត្រី​ពេទ្យសត្វ​ពិនិត្យ និង​ជ្រូក​ដឹក​ចេញពី​ចំណត​ជ្រូកព្រៃ​វល្លិ​ដាក់​ក្នុង​ឡ​សត្តឃាត​របស់​ឈ្មោះ ស៊ឹ​ម វ៉ា មាន​ច្រើន​ក្បាល ក៏​ប៉ុន្តែ​ជ្រូក​ងាប់​ជា​ច្រើន​ក្បាល​មិន​ឃើញ​មាន​ដឹក​ចូល​ឡ​ទេ ។

ចំណែក​លោក ប៉ែន ច​ន្ធី ប្រធាន​កា​រិ​យាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​គេ​មាន​អាជ្ញាប័ណ្ណ​ដឹក​ជ្រូក​ថៃ​ឆ្លងកាត់​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម មាន​លិខិត​បញ្ជាក់​ពិនិត្យ​សុខភាព​សត្វ​ពី​មន្ត្រី​ជំនាញ​ពេទ្យ
សត្វ​ថៃ​និង​មន្ត្រី​ជំនាញ​កម្ពុជា ហើយ​ពេល​ដឹក​ជ្រូក​មក​ដល់​ចំណត​ព្រៃ​វល្លិ យើង​មាន​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​កាត់​ស្តុក ។ ចំពោះ​ជ្រូក​អន់ និង​ជ្រូក​ងាប់​ខាង​វៀតណាម​គេ​មិន​ទទួល​ឲ្យ​ដឹក​ចូល​ប្រទេស​គេ​ទេ ហើយ​បើ​ដឹក​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ក៏​មិន​អាច​ដែរ ទើប​ក្រុមហ៊ុន​សម្រេច​លក់​ឲ្យ​ឡ​សត្ត​ឃាត​ស្រុក​ស្វាយ​ទាប កាប់​សាច់​ចែកចាយ​លើ​ទីផ្សារ​ប្រសូត ។ ជ្រូក​ដែល​អន់​សុខភាព​ខ្សោយ​នេះ​ពុំ​មាន​ជំងឺ​ទេ គឺ​ដឹក​ផ្លូវ​ឆ្ងាយ​ក្តៅ​ទើប​អន់ ។

ជ្រូក​ងាប់​ពី​៥​ទៅ​១០​ក្បាល​តែងតែមាន​គឺ​ងាប់​ដោយសារ​ដឹក​ឆ្ងាយ ចង្អៀត ក្នុង​រថយន្ត​មួយ​គ្រឿង​ដឹក​៣០០​ក្បាល ទើប​មាន​ងាប់ មិន​មែន​ងាប់​ដោយសារ​មាន​ជំងឺ​ទេ ទើប​មន្ត្រី​យើង​អនុញ្ញាត​ឲ្យ​កាប់​សាច់​លក់​បាន បើ​សាច់​ស្អុយ​ហើម​ខូច​ក៏​មិន​អនុញ្ញាត​ឲ្យ​កាប់​សាច់​លក់​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ