ឃាត់ខ្លួន​ប្រធាន​គណនេយ្យ​ក្រុមហ៊ុន​លក់​ដី​ឡូត៍​ម្នាក់​ ក្រោយយក​​អស់​​ជាង​៨​ម៉ឺន​ដុល្លារ


ខេត្តកណ្ដាល​ ៖ ជនសង្ស័យ​ជា​ប្រធាន​គណនេយ្យករ​របស់​ក្រុមហ៊ុន​លក់​ដី​ឡូត៍​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អង្គស្នួល ធ្វើការ​ឃាត់ខ្លួន ​កាលពី​​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​យក​លុយ​របស់​ក្រុមហ៊ុន​ដែល​អតិថិជន​បង់ថ្លៃ​ទិញ​ដី​ជាង​៨​ម៉ឺន​ដុល្លារ​ទៅ​លេងល្បែង​ចាញ់​អស់ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោ​ង២​និង​១០​នាទី​រសៀលថ្ងៃ​ទី​៧ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០ ចំណុច​ស្នាក់​ការ​ដី​ឡូត៍​ភូមិ​ចំការ​ត្រាច ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ ឃាត់ខ្លួន​ឈ្មោះ​គ្រី ស៊ី​ណាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជា​​ប្រធាន​ផ្នែក​គណនេយ្យ មាន​ទីលំនៅ​ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ស្រេង ណូ​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ មុខរបរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​NAY នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ដោយឡែក​វត្ថុ​តាង​ចាប់​យក​បាន​មាន​៖ ទូរស័ព្ទ​ដៃ​១​គ្រឿង​ និង​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ ព​ណ៍​ទឹកប្រាក់​ មួយ​​គ្រឿង ។ ដោយឡែក​លុយ​ចំនួន​៨៥.០០០​ដុល្លារត្រូវ​បាត់បង់​។

តាម​ប្រភព​ដដែល​បាន​​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ជា​ប្រធាន​ផ្នែក​គណនេយ្យ​ស្នាក់​ការ​លក់​ដី​ឡូត៍​ ​បាន​យក​លុយ​ដែល​អតិថិជន​បង់ថ្លៃ​ទិញ​ផ្ទះ​របស់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​ ​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧​ ខែ​ក​ក្ក​ដា​ ឆ្នាំ​២០២០ បន្ទាប់​ពី​បាន​ប្រាក់​ហើយ ជនសង្ស័យ​ក៏​គេចខ្លួន​បាត់​ ដោយ​ទំនាក់ទំនង​ទៀត​មិន​បាន​ទេ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០​ ទើប​ជន​រង​គ្រោះ​រក​ជនសង្ស័យ​ឃើញ ក៏​នាំ​មក​ប៉ុស្តិ៍​នគរបាល​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ បាន​​ឱ្យ​ដឹង​​ថា​ ​ខ្លួន​បាន​បន្លំ​យក​លុយ​របស់​ក្រុមហ៊ុន​ចំនួន​៣២.៣១០​ដុល្លារ​​ទៅ​លេងល្បែង​តាម​អន​ឡាញ​ចាញ់​អស់​។

ពាក់ព័ន្ធនឹង​ករណី​​ខាងលើ​នេះ​ដែរ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ