ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ព្រឹទ្ធាចារ្យ ព្រីង សា​ឃ​ន តួអង្គ​ តា​ជូជក ទទួលមរណភាព​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ ព្រីង សា​ឃ​ន ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​ដែល​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ ភាពយន្ត របាំ ល្ខោន យីកេ…

រាជធានី​ធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ ព្រីង សា​ឃ​ន ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​ដែល​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និង​ស្នាដៃ​ជា​ច្រើន​ទៀត បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ដោយសារ​ជំងឺ និង​ជរាពាធ ខណៈ​ពេល​ដែល​លោក​បាន​តស៊ូ​ជម្នះ​ជំងឺ​អស់​ជា​ច្រើន​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​សព​ព្រឹទ្ធាចារ្យ ព្រីង សា​ឃ​ន ត្រូវបាន​​​តំកល់​ធ្វើ​បុណ្យ​នៅ​វត្ត រឺ​ស្សី​ស្រស់ ស្ថិត​ក្នុង​សង្កាត់​និរោធ ខ​ណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ហ្វេ​ស​ប៊ុ​ក​ក្រុមព្រះ​សុរិយា ដែល​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​។

បើ​តាម​ការ​បង្ហោះ​ពី​ក្រុមព្រះ​សុរិយា បាន​បញ្ជាក់​ថា សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​មរតក​មនុស្ស​រស់ លោក​ព្រឹទ្ធាចារ្យ ព្រីង សា​ឃ​ន ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​ដែល​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និង​ស្នាដៃ​ជា​ច្រើន​ទៀត ជា​ពិសេស​បងប្អូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស បាន​ចាំ​ពី​ទេព​កោសល្យ​សម្តែង​របស់​លោកតា​យ៉ាង​ច្បាស់ ជា​តួ​ត្លុក​នៃ​ល្ខោន​ជាតិ​ប្រទេស​កម្ពុជា ក្នុង​ទស​វត្ស​៦០ និង​៧០ ពិសេស​លោកតា​បាន​សម្តែង​តួអង្គ «​តា​ជូជក» នៅ​ក្នុង​យីកេ​រឿង​ព្រះ​វេសន្តរ កាល​កំឡុង​ឆ្នាំ​៨០​ជាង ។

បើ​តាម​ក្រុមព្រះ​សុរិយា​ក្នុង​យុគមាស​នៃ​ភាពយន្ត​ខ្មែរ លោកតា​បាន​ចូល​សម្តែង​ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន​ដូច​ជា​រឿង ទុំ​ទាវ (១៩៦៥), រឿង ស្នេហា​ស្រុកស្រែ (១៩៦៧), រឿង ថ្ម​រាំ (១៩៧៣) និង​រឿង នាង​សក់​ពស់ (១៩៧៤)​។

យ៉ាងណា​ដំណឹង​ពី​មរណភាព​របស់​លោក​ព្រឹទ្ធាចារ្យ​ព្រីង សា​ឃ​ន គឺជា​ការ​សោកស្តាយ​ជាទី​បំផុត​​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ពេល​ដែល​លោក​បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយ​ជីវិត បម្រើ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ និង​បាន​ចូលរួម​លើក​ស្ទួយ និង​ថែរក្សា​កេរតំណែល​មរតក​វប្បធម៌​ខ្មែរ​ផង​ដែរ​។

គួរ​រំលឹក​ថា ព្រឹទ្ធាចារ្យ​សិល្បៈ ព្រីង សា​ឃ​ន កើត​នៅ​ចន្លោះ​ឆ្នាំ​១៩៣៦ និង​១៩៣៧ នៅ​ភូមិ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ នៅ​ឆ្នាំ​១៩៥៣ លោក​បាន​ចូល​រៀន​ផ្នែក​ល្ខោននិយាយ​នៅ​អតីត​សាលា​ល្ខោន​ជាតិ ដែល​ក្រោយមក​ប្ដូរ​ឈ្មោះ​មក​ជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ។ បន្ទាប់​ពី​រៀន​ចប់​ហើយ លោក​បាន​សម្ដែង​នៅ​លើ​ឆាក​ជា​ច្រើន​រឿង តែ​ក្នុង​តំណែង​ជា​តួ​រាយរង​ប៉ុណ្ណោះ ។

នៅ​ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​ទៅ លោក​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ដោយ​ប្រកប​អាជីព​ជា​អ្នក​សម្ដែង​ជា​តួ​រាយរង​ដដែល ។ តួអង្គ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​លោក​ច្បាស់​បំផុត​នោះ គឺ​ការ​សម្ដែង​ជា «​តា​ជូជក​» ក្នុង​រឿង​ព្រះ​វេស្សន្ដរ នៅ​ឆ្នាំ ១៩៩៣ ។ នៅ​ថ្ងៃ ០៩ មក​រា ២០១៣ លោក​បាន​ទទួល​ងារ​ជា​នាដ​កោសល្យ​វ​ដ្តី យោង​តាម​ព្រះរាជក្រឹត្យ ស្ដី​ពី​ប្រព័ន្ធ​មត៌ក​មនុស្ស​រស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​ការ​លះបង់ និង​ការ​ពុះពារ​ឥត​ខ្លាច​នឿយហត់ ក្នុង​ការ​ធ្វើ​ពលិកម្ម​ជា​ច្រើន​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ និង​ដោយ​ផ្អែក​លើ​តម្លៃ​គុណសម្បត្តិ ដូច​ជា ចំណេះដឹង ជំនាញ ទេព​កោសល្យ និង​បច្ចេកទេស ស្នាដៃឯក ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី ។ ជាមួយ​គ្នា​នេះ​ដែរ គាត់​ទទួល​បាន​មេដាយមាស​ការងារ ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ