អាជ្ញាធរ​ខេត្តកំពង់ចាម​ស្នើ​ឲ្យ​ដាំ​ដើម​ស្តៅ​៣.០០០​ដើម នៅ​តាម​ខ្នង​ទំនប់​បង្ហៀរទឹក


ខេត្តកំពង់ចាម ៖ ទំនប់​បង្ហៀរទឹក​១​ខ្សែ​ប្រវែង​៣.៩០០ ម៉ែត្រ ដែល​បន្សល់​ពី​សម័យ​ប៉ុ​ល​ពត ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​អភិវឌ្ឍ និង​ជួសជុល​ដាក់​ទ្វារ​ទឹក​ចំនួន​៣ សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ បាន​ទាំង​រដូវប្រាំង និង​វស្សា​ជាង​៣០០០​គ្រួសារ ស្ថិត​នៅ​ព្រំប្រទល់​ស្រុក​ព្រៃឈរ​-​ជើងព្រៃ ត្រូវ​បាន​កសាង​រួចរាល់​១០០%​។ ជាមួយ​នោះ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត គ្រោង​នឹង​ដាំ​ដើម​ស្ដៅ ប្រមាណ​៣.០០០​ដើម នៅ​តាម​ខ្នង​ទំនប់​សម្រាប់​ជា​ប្រយោជន៍ ផ្ដល់​ម្លប់​ហើយ​ទី​នេះ​ក៏​បាន​ប្រែ​ក្លាយជា​រមណីយដ្ឋាន​គួរ​ឲ្យ​ទាក់ទាញ​នៅ​ក្នុង​រដូវវស្សា​ផង​ដែរ​។

លោក សាំង ឆ​ន មេឃុំ​សំរោង មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​មក​កាលដែល​ទំនប់​បង្ហៀរទឹក មិន​ទាន់​ជួសជុល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​សំរោង​ស្រុក​ព្រៃឈរ ពេល​ដែល​បង្កបង្កើន​ផល​ដាំ​ដុះ ដំណាំ​ស្រូវ ក្នុង​រដូវប្រាំង​គឺ​ត្រូវ​ជួប​បញ្ហា​ខ្វះខាត​ទឹក​។ តែ​បាន​ថ្នាក់ដឹកនាំ​ស្រុក​ក៏​ដូច​ជា​ខេត្ត បាន​យកចិត្តទុកដាក់​ជួយ​ផ្ដល់​ប្រេង​សម្រាប់​បូមទឹក​ដាក់​ប្រឡាយ​មេ​មួយ​ខ្សែ រួច​បូម​បន្ត​ដាក់​ស្រូវ​រៀង​ៗ​ខ្លួន​។

លោក​មេឃុំ​សំរោង មាន​ប្រសាសន៍​បន្ត​ថា ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០២០ ឯកឧត្តម ឈា ប៊ុ​ន​រិ​ទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត អភិបាលរង​ខេត្ត ព្រមទាំង​សហការី​ជា​ច្រើន​នាក់ បាន​ចុះ​ពិនិត្យ​មើល​សមិទ្ធិ​ផល​ទំនប់​បង្ហៀរទឹក​ដែល​បាន​សាងសង់​រួច​។

បាន​ធ្វើ​ឱ្យ​ប្រជា​ពល រដ្ឋ​នៅ​ក្នុង​ឃុំ​សំរោង និង​ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ នាំ​គ្នា​ត្រេកអរ​ជា​ខ្លាំង​។ នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​សម្ដេច​តេ​ជោ​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​។ សម្រាប់​នៅ​ក្នុង​ឃុំ​សំរោង​ទាំងមូល ទំនប់​បង្ហៀរទឹក​នេះ​អាច​ស្រោចស្រព​ដំណាំ​ស្រូវ​ទាំង​ពីរ​រដូវ​បាន​ប្រមាណ​៤៥០​ហិ​កតា ហើយ និង​ផ្ដល់​អត្ថប្រយោជន៍​ទៅ​ដល់​ស្រែ​របស់​ប្រជា​កសិករ​បាន​ច្រើន លើស​ពី​នេះ​បន្ថែម​ទៀត​។

ជាមួយ​នោះ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន ខិតខំ​ជួយ​កសាង​ទំនប់​បង្ហៀរទឹក​មួយ​ខ្សែ​នេះ ដើម្បី​បម្រើ​ប្រយោជន៍​ជូន​ដល់​សង្គម​ជាតិ​។ ដោយឡែក​អាជ្ញាធរ​ខេត្ត​ដែល​គ្រោង​នឹង​ដាំ​កូន​ឈើ នៅ​តាម​ខ្នង​ទំនប់ ដូច្នេះ​រូប​លោក​នឹង​ឲ្យ​ប្រជាពលរដ្ឋ នាំ​គ្នា​ថែរក្សា និង​ពូន​ជ្រំ​ឲ្យ​កូន​ឈើ​នោះ​បាន​លូតលាស់​ល្អ និង​ផ្ដល់​អត្ថប្រយោជន៍​ជា​មនុស្ស​។

ពេល​ដែល​ទំនប់​នេះ​បាន​សាងសង់​រួច​ក្នុង​រដូវវស្សា ពេល​ដែល​ទឹក​ឡើង​មក ប្រៀប​នឹង​ខ្នង​ទំនប់​គឺ​បាន​ក្លាយទៅជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ មនុស្ស​មក​កម្សាន្ត​លេង​ទៀត​ផង​។ បើ​តាម​មន្ត្រី​ធនធានទឹក​មួយ​រូប​បាន​ឲ្យ​ដឹង​ថា អាង​ទឹក​នេះ​មាន​លទ្ធភាព​រក្សា​ទឹក​ទុក​បាន​ចំនួន​ប្រមាណ​១២​លាន​ម៉ែត្រគូប សម្រាប់​ស្រោច​ដំណាំ​ស្រូវ​ស្រូវ​រដូវវស្សា ចំនួន​៤៩២​ហិ​កតា ស្រូវ​រដូវប្រាំង​ចំនួន​១.២៥០​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​ចំនួន​៤០​ហិ​កតា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ពេល​ដែល​បាន​ទំនប់​បង្ហៀរទឹក​នេះ​ហើយ ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល ទទួល​អាស្រ័យ​ផល​ពី​ទំនប់​នេះ​ត្រូវ​នាំ​គ្នា​ថែរក្សា ធ្វើ​យ៉ាងណា​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​សម្រាប់ ស្រោចស្រព​ដំណាំ​ស្រូវ​។ ហើយ​រូប​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ដាំ​ដើម​ស្ដៅ​នៅ​តាម ខ្នង​ទំនប់​ចំនួន​៣.០០០​ដើម រួម​នឹង​ការ​ថែរក្សា​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​ក្នុង​រដូវវស្សា ធ្វើ​យ៉ាងណា​ខិតខំ​ប្រឹងប្រែង​ដាំ​ដុះ អភិរក្ស​បន្ថែម​ទៀត​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ