ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ​! បែកគំនិត​យក​សំបក​កង់​រថយន្ត​មក​កែ​ច្នៃ​ធ្វើ​សម្ភារៈ​ប្រើប្រាស់​(វីដេ​អូ​)

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សិប្បកម្ម​កែ​ច្នៃ​សំបក​កង់​រថយន្ត​ចាស់​ៗ​ធ្វើ​ជា​រូប​សត្វ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​របស់​ពលរដ្ឋ​១​គ្រួសារ ស្ថិត​នៅ​ភូមិ​ព្រៃ​ស្នៀត​ខាងជើង ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​ជិត​ឆ្ងាយ និង​បាន​ផ្តល់​នូវ​ប្រាក់​ចំណូល​ច្រើន​គួរសម​សម្រាប់​ម្ចាស់​សិប្បកម្ម​មួយ​នេះ​។…

ខេត្តព្រៃវែង ៖ សិប្បកម្ម​កែ​ច្នៃ​សំបក​កង់​រថយន្ត​ចាស់​ៗ​ធ្វើ​ជា​រូប​សត្វ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​របស់​ពលរដ្ឋ​១​គ្រួសារ ស្ថិត​នៅ​ភូមិ​ព្រៃ​ស្នៀត​ខាងជើង ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​ជិត​ឆ្ងាយ និង​បាន​ផ្តល់​នូវ​ប្រាក់​ចំណូល​ច្រើន​គួរសម​សម្រាប់​ម្ចាស់​សិប្បកម្ម​មួយ​នេះ​។

លោក សឿង សួគ៌ា ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​សំបក​កង់​រថយន្ត​នេះ បានអោយ​កោះសន្តិភាព​ដឹង​ថា កាលពីមុន គាត់​ធ្វើការ​ជា​មន្ត្រី​ឥណទាន​នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងស្រុក ប៉ុន្តែ​ដោយ​ការងារ​នេះ​ធ្វើ​យូរ​ទៅ​មិនឃើញ​រីក​ចំរើន ហើយ​ធ្វើ​ឱ្យ​គាត់​កាន់តែ​ធុញ​ទ្រាំ​ខ្លាំង គាត់​ក៏​សំរេចចិត្ត​បោះបង់​ការងារ​នោះ​ចោល ហើយ​ងាក​មក​ចាប់​យកមុខ​របរ​កែ​ច្នៃ​សំបក​កង់​រថយន្ត​ចាស់​ៗ ធ្វើ​ជា​សម្ភារៈ​ប្រើប្រាស់ និង​រូបសំណាក​សត្វ​ផ្សេង​ៗ​វិញ ដែល​វា​ជា​ចំណង់​ចំណូលចិត្ត​របស់​គាត់ តាំងពី​ក្មេង​ៗ​មក​ម្ល៉េះ​។

លោក សឿង សួគ៌ា បាន​បន្ត​ទៀត​ថា ការងារ​ថ្មី​នេះ គាត់​មិន​បាន​ទៅ​រៀន​ធ្វើ​គ្រូ​ណា​ម្នាក់ ឬ​រៀន​ពី​រោង​សិប្បកម្ម​ណា​ទេ គឺ​គាត់​គ្រាន់តែ​អង្គុយ​មើល​ទូរស័ព្ទ ឆែក​ហ្គោ​ហ្គ​ល ឃើញ​នៅ​ប្រទេស​គេ មាន​អ្នក​យក​សំរាម និង​សម្ភារៈ​ចាស់​ៗ​ទៅ​កែ​ច្នៃ​ធ្វើ​ជា​សម្ភារៈ​ប្រើប្រាស់​ឡើង​វិញ​បែប​នេះ គួប​ផ្សំ​គាត់​មាន​និស្ស័យ​ស្រលាញ់​ចូល​ចិត្ត ខាង​ការងារ​នេះ ដោយ​ធ្លាប់​បាន​យក​ដីឥដ្ឋ​មក​ដំ​សូន្យ​ធ្វើ​ជា​រូបសំណាក​ផ្សេង​ៗ​លេង​តាំងពី​ក្មេង​ៗ​ផង​មក​នោះ ទើប​គាត់​បែកគំនិត​សាកល្បង​ប្រមូល​យក​សំបក​កង់ និង​ពោះវៀន​កង់​រថយន្ត​ចាស់​ៗ​មក​កែ​ច្នៃ​ធ្វើ​ជា​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​។

លោក​បន្ត​ថា ក្រោយមក​គាត់​ក៏​បង្ហោះ​ដាក់​លក់​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ក៏​ឃើញ​ថា បាន​ជោគជ័យ ដោយ​​មាន​អ្នក​កុំម៉ង់​ទិញ​ជា​បន្តបន្ទាប់ ទើប​គាត់​បន្ត​សាកល្បង​ធ្វើ​ជា​រូបសំណាក​សត្វ​ផ្សេង​ៗ​ទៀត ហើយ​ក៏​ទទួល​បានការ​គាំទ្រ​ខ្លាំង​ទៀត ទើប​គាត់​សំរេចចិត្ត​ចាប់​យក​អាជីព​នេះ​តែ​ម្តង ហើយ​រហូត​មក​ដល់​ពេល​នេះ គាត់​ធ្វើ​បាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​។

លោក សឿង សួគ៌ា បាន​បញ្ជាក់​ថា ពី​ដំបូង​គាត់​ធ្វើ​ការងារ​នេះ​តែ​ម្នាក់ឯង​ទេ ប៉ុន្តែ​ក្រោយមក​ដោយ​សារ​តែ​មាន​អតិថិជន​កុំម៉ង់​ទិញ​កាន់តែ​ច្រើន ទើប​គាត់​បាន​ជួល​បុគ្គលិក​បន្ថែមចំនួន​២​នាក់​ទៀត ហើយ​សម្ភារៈ​ប្រើប្រាស់​ដែល​គាត់​បាន​ធ្វើ​លក់​ទៅ​អោយ​អតិថិជន​រួម​មាន ផើង​ធុងសំរាម ផើង​ដាំ​ដំណាំ​ដាំ​ផ្កា ផើង​ចិញ្ចឹម​ត្រី និង​តុ​កៅអី​គ្រែ​ជាដើម ចំណែក​រូបសំណាក​សត្វ​រួម​មាន​ដូច​ជា សត្វ​ក្ងោក ឥន្ទ្រី ខ្លា​ដំរី ននៀល ក្រពើ ក្តាម ស្ទាំង កុក ត្រី ។​ល​។ ចំណែក​ទីផ្សារ​របស់​គាត់ គឺ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ជា​ពិសេស​គឺ​រាជធានី​ភ្នំពេញ ដែល​គេ​បាន​កុំម៉ង់​ទិញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តាម​ទូរស័ព្ទ​។

ម្ចាស់​សិប្បកម្ម​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា ការងារ​កែ​ច្នៃ​សំបក​កង់​រថយន្ត​នេះ វា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ខ្លះ​ៗ​ដែរ ដោយសារ​តែ​គាត់​ត្រូវ​ប្រឈម​នឹង​ក្លិន​ជ័រ​សំបក​កង់ ពោះវៀន​កង់ និង​ជ័រកាវ​បិទ​ធ្វើ​ជា​រូប​នោះ ប៉ុន្តែ​គាត់​នៅ​តែ​ពេញចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​នេះ ព្រោះ​វា​មិន​ត្រឹមតែ​ផ្តល់​នូវ​ប្រាក់​ចំណូល​បាន​ច្រើន​សំរាប់​គ្រួសារ​គាត់​នោះ​ទេ ប៉ុន្តែ​វា​ក៏​រួមចំណែក​ជួយ​ដល់​សង្គម​បាន​ច្រើន​ផង​ដែរ ជា​ពិសេស​គឺ​បរិស្ថាន​របស់​យើង​ទាំងអស់​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ