ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​និង​ស្លាកស្នាម​ទាក់ទង​នឹង​ព្រះបាទ​ត្រសក់ផ្អែម

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ គោក​ព្រះរាជ​មន្ទីរ នៅ​ជិត​ភ្នំ​ជ្រាវ និង​ភ្នំ​ខ្ជោល មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿង​កាល​ព្រះបាទ​ត្រសក់ផ្អែម​បាន​ឡើង​សោយរាជ្យ ហើយ​ព្រះ​អង្គ​បានឱ្យ​សង់​ព្រះរាជ​មន្ទីរ​នៅ​ទីនោះ ដោយសារ​តែ​ព្រះ​អង្គ​រលឹក​ទី​ប្រសូត

ខេត្តកំពង់ស្ពឺ ៖ គោក​ព្រះរាជ​មន្ទីរ នៅ​ជិត​ភ្នំ​ជ្រាវ និង​ភ្នំ​ខ្ជោល មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿង​កាល​ព្រះបាទ​ត្រសក់ផ្អែម​បាន​ឡើង​សោយរាជ្យ ហើយ​ព្រះ​អង្គ​បានឱ្យ​សង់​ព្រះរាជ​មន្ទីរ​នៅ​ទីនោះ ដោយសារ​តែ​ព្រះ​អង្គ​រលឹក​ទី​ប្រសូត និង​ចម្ការ​ដែល​ព្រះ​អង្គ​ធ្លាប់​ដាំ​ត្រសក់ ។

លោកតា​គង់ អួន អាយុ​៨០​ឆ្នាំ ជា​ប្រធាន​ភូមិ​គោក ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​ពេល ថ្មី​ៗ​នេះ បាន​រៀបរាប់​ថា តាម​ឮ​ចាស់​ៗ​តំណាល ត​ៗ​គ្នា​ថា មាន​ប្រវត្តិ​រឿង​រា​៉​វ​តា​ត្រសក់ផ្អែម​ពាក់ព័ន្ធ​នឹង​ទីកន្លែង​ខាងលើ តែ​គាត់​មិន​ហ៊ាន​សន្និដ្ឋាន​ថា មាន​ពិត ឬ​មិន​ពិត​ទេ ។ រឿងតំណាល​ថា ក្នុង​ផែនដី (​រជ្ជកាល​) ព្រះ​សីហ​នុ​រាជ មាន​តាបស​មួយ​អង្គ​ព្រះ​នាម​ព្រះ​បទុម​តាបស ជា​ព្រះរាជ​បុត្រា​ព្រះបាទ​ចក្រពត្តិ​រាជ ។ ក្នុង​កាលដែល​ដំបងគ្រញូង​ជ្រែករាជ្យ​បិតា​ព្រះ​អង្គ «​ព្រះ​បទុម​តាបស​» បាន​ភៀស​ព្រះ​កាយ​ទៅ​បួស​ជា​មហាឥសី​នៅ​លើ​កំពូលភ្នំ​ខ្ជោល «​ក្នុង​ខេត្ត​សំរោង​ទង​» បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ​។ ដោយ​រស់​ក្នុង​នាម​តាបស យូរ​ៗ​ទៅ​ចម្រើន​ឈាន ស្តេច​នឿយណាយ​នឹង​ឈាន​ក៏​កើតរោគ​អផ្សុក​ពន់ពេក​ក្រៃ ។ សម័យ​ថ្ងៃមួយ​ស្តេច​ចេញ​ទៅ​ព្រៃ​ជួន​ជា​ព្រះ​សណ្តាប់​ឮ​ពពួកសត្វ​និយាយ​គ្នា​ថា «​តាបស​នេះ​ជា​មនុស្ស​ឥត​ភ័ព្វ មិន​មាន​ប្រពន្ធ​កូន​ត​វង្ស​ត្រកូល ។ ព្រះពុទ្ធ​ជា​ម្ចាស់ ព្រះ​អង្គ​មាន​ប្រពន្ធ​កូន​រួច​ហើយ​ទើប​មក​សាង​ផ្នួស​»​។ លុះ​ឮ​ពួក​សត្វ​និយាយ​គ្នា​ហើយ​នោះ ព្រះ​អង្គ​គិត​ថា រឿង​របស់​ព្រះ​អង្គ​ពិត​ដូច​ជា​សត្វ​និយាយ​មែន ទើប​ស្តេច​ចាក​ពី​ព្រះ​ផ្នួស​មក​មាន​ប្រពន្ធ ។

លុះ​ចំណេរ​តម​ក​សម័យ​ថ្ងៃមួយ​ព្រះ​បទុម​តាបស​នោះ​មាន​បុត្រ​មួយ​ព្រះ​អង្គ​ថ្វាយ​នាម​ថា «​ចៅ​តា​» ។ លុះ​ព្រះ​កុមារ​ចម្រើន​វ័យ​ធំ​ឡើង ដឹង​សេចក្តី មាន​រូបឆោម​លោម​ពណ៌​ស្រស់​ស្អាត មាន​ប្រាជ្ញា​ឈ្លាសវៃ ស្គាល់​ខុស​ត្រូវ​មក បិតា ទូន្មាន​យា​៉​ង​ណា​ក៏​ចាំ​បាន ទើប​បិតា​ត្រឡប់​ទៅ​បួស​វិញ ។ ចំណែក​ព្រះ​កុមារ​ចៅ​តា ក៏​នៅ​ជាមួយ​មាតា​រហូត​មក ។ វេលា​ថ្ងៃមួយ​ព្រះរាជ​កុមារ​ចៅ​តា​ក៏​លា​មាតា​ទៅ​រក​បិតា​ដែល​តាំងសីល​នៅ​ឯ​ព្រៃ​ភ្នំ ។ ពេល​ជួប​ព្រះ​បិតា​ហើយ ព្រះ​កុមារ​ចៅ​តា​ក៏​ទទូច​ចង់​ដឹង​ពី​ពូជពង្សវង្សត្រកូល​ថា​រូបគេ​ជា​ចៅ​របស់​អ្នក​ណា ទើប​បិតា​ដាក់​ឈ្មោះ​ឱ្យ​ចៅ​តា​បែប​នេះ ។ ដោយ​ទ្រាំ​នឹង​ការ​ទទូច​ចង់​ដឹង​របស់​ព្រះ​កុមារ​មិន​បាន ព្រះ​បទុម​តាបស​ក៏​បាន​ប្រាប់​ពី​ពូជពង្ស​ដែល​ជា​វង្ស​ក្សត្រ​តាម​ដំណើរ​សព្វគ្រប់ ។ ពេល​នោះ​តាបស​បាន​ទាយ​ថា ថ្ងៃក្រោយ​កូន​នឹង​បាន​ឡើង​សោយរាជ​សម្បត្តិ​មិន​ខាន ។ ពេល​និយាយ​ចប់​ហើយ តាបស​បានឱ្យ​ថ្ម​ដែក​មួយ​ដុំ និង​គ្រាប់​ត្រសក់​៣​គ្រាប់​ទៅ​ចៅ​តា ហើយ​ប្រាប់​ថា «​ចូរ​ឯង​យក​វត្ថុ​ទាំងនោះ​ទៅ​ដាំ​ចិញ្ចឹមជីវិត និង​រក្សាខ្លួន​ចុះ ។ ចៅ​តា​ទទួល​ហើយ​ក៏​លា​ព្រះ​បិតា​ទៅ​នៅ​ជាមួយនឹង​មាតា​វិញ ។ លុះ​ចំណេរ​ក្រោយមក​មាតា​ក៏​ដល់​នូវ​ជរាភាព​រួច​ក៏​អនិច្ចកម្ម​ទៅ ។ ចៅ​តា​ក៏​ធ្វើ​ចម្ការ​ដាំ​ត្រសក់​នៅ​ភ្នំ​ជ្រាវ​តែ​ម្នាក់ឯង​ដរាប​ដល់​មានរឿង​ក្របី​ស៊ី​ត្រសក់ ។

តំណាល​ពី​រឿង​ក្របី​ស៊ី​ត្រសក់ គឺ​មាន​វេលា​ថ្ងៃមួយ​ក្របី​អ្នកស្រុក​បាន​ទំលាយ​របងចម្ការ​ត្រសក់ ចូល​ស៊ី​ត្រសក់​របស់​ចៅ​តា​អស់​ជា​ច្រើន ។ ឃើញ​ដូច្នោះ​ចៅ​តា ក៏​យក​ដុំ​ដែក​ចោល​ដើម្បី​ឱ្យ​ក្របី​រត់​ចេញ​ក្រៅ​វិញ តែ​ជា​អកុសល​ដុំ​ដែក​នោះរ​ត់ទៅ​ត្រូវ​ក្របី​ងាប់​បាត់​ទៅ ។ ក្រោយ​ក្របី​ងាប់​ហើយ ម្ចាស់​ក្របី​បាន​ប្តឹង​ឱ្យ​ចៅ​តា​សង​ក្របី តែ​ចៅ​តា​និយាយ​ថា ខ្លួន​គ្មាន​បំណង​ធ្វើ​ឱ្យ​ក្របី​ងាប់​ទេ គ្រាន់តែ​ចោល​បង្អើល​កុំឱ្យ​ស៊ី​ត្រសក់​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក្តី ក៏​នៅ​តែ​មិន​ត្រូវ​គ្នា​ក៏​ឡើង​ដល់​ក្រុម​សេនាបតី ហើយ​នៅ​តែ​មិន​ត្រូវ​គ្នា​ទៀត​ក៏​ឡើង​ដល់​ស្តេច ដើម្បី​ទ្រង់​ព្រះរាជ​វិនិច្ឆ័យ​ឱ្យ ។ គ្រានោះ​ដោយ​ចង់​ដឹង​ថា តើ​ដុំ​ដែក​នោះ​ពេល​ចោល​ទៅ​ត្រូវ​សត្វ​ហើយ សត្វ​ណាខ្លះ​នៅ​រស់ និង​សត្វ​ណាខ្លះ​ទៀត​ងាប់ ។ ពេល​នោះ​កាលបើ​ចៅ​តា​ចោលដុំដែក​ទៅ​ត្រូវ​នឹង​ក្របី​ណា​ហើយ ក្របី​នោះ​ក៏​ធ្លាយ​ពោះ​ងាប់​ទាំងអស់​មែន ។ ព្រះរាជា​ទ្រង់​ពិសោធន៍​ឃើញ​ដូច្នេះ​ហើយ ទ្រង់​កាត់សេចក្តី​ថា ក្របី​ងាប់​មិនមែន​ចៅ​តា​មានចិត្ត​ចង់​សម្លាប់​ទេ ពីព្រោះ​ចៅ​តា​មិន​បានដឹង​ថា​ដុំ​ដែក​នោះ​ជា​ដែក​កាយ​សិទ្ធិ​ទេ ស្មានថា​ជា​ដុំ​ដែក​ធម្មតា ។ ហេតុនេះ​ក្របី​ងាប់​ទុកជា​កម្ម​របស់​វា និង​យកទោស​ចៅ​តា​មិន​បាន​ទេ ។ ក្រោយមក​ព្រះរាជា​បានឱ្យ​ពួក​ជាង​យក​ដុំ​ដែក​នោះ​ទៅ​រំលាយ​មើល​ក៏​ឃើញ​ថា​ជា​ដែក​កាយ​សិទ្ធិ​ពិតមែន ទើប​ទ្រង់​បង្គាប់​ឱ្យ​ក្រុម​ជាង​ធ្វើ​លំពែង​មួយ ហើយ​ប្រគល់​ទៅ​ឱ្យ​ចៅ​តា​កាន់​លំពែង​នោះ​ទុក​រក្សា​ចម្ការ​ត្រសក់ ជា​ចម្ការ​ហ្លួង ។

សម័យ​ថ្ងៃមួយ​ព្រះរាជា​ទ្រង់មាន​ព្រះរាជ​ហឫទ័យ​សង្ស័យ​ថា ចៅ​តា​ដាំ​ត្រសក់​សម្រាប់​ទុក​តែ​ជា​តង្វាយ​ទេ ឬ​មួយ​លប​ដាំ​ឱ្យ​គេ​ខ្លះ​ដែរ ។ លុះ​វេលា​យប់​ស្ងាត់ ព្រះ​អង្គ​ក៏​ត្រាស់​ហៅ​មន្ត្រី​ស្និទ្ធ​ព្រះ​អង្គ​ចំនួន​៧​នាក់ ហើយ​ឱ្យ​យក​សេះ​ដែល​លឿន​មក​ឱ្យ​ព្រះ​អង្គ​គង់​តម្រង់​ទៅ​ចម្ការ​ត្រសក់ ។ ពេល​ទៅ​ដល់​ហើយ​ព្រះ​អង្គ​លប​ចាំ​មើល​ក្រែង​ចៅ​តា​ឱ្យ​ត្រសក់​ទៅ​អ្នក​ផ្សេង ។ គាប់​ជួន​ចៅ​តា​ដែល​អង្គុយ​ក្នុង​រោង​ក្រឡេក​ទៅ​ឃើញ​មាន​ស្រមោល​មនុស្ស​លបចូល​ក្នុង​ចម្ការ ក៏​យក​លំពែង​គប់​តម្រង់​ស្រមោល​នោះ ដោយ​ពុំ​នឹក​ស្មានថា ជា​ព្រះរាជា​ទេ ។ ខណៈនោះ​លំពែង​ក៏​រត់​ទៅ​ត្រូវ​ចំ​ព្រះរាជា​បណ្តាល​ឱ្យ​ទ្រង់​សុគត​នៅ​ជើង​ដំបូក​ក្នុង​ចម្ការ​នោះ​ទៅ ។ ដំបូក​នោះ​ជាប់​ឈ្មោះ​ថា ជា​ដំបូក​ចាក់​ស្តេច​មក​ដល់​សព្វថ្ងៃ ។

លុះ​ព្រឹក​ឡើង​ក្រុម​សេនា​អាមាត្យ​បាន​រៀបចំ​ទុកដាក់​ព្រះ​បរមសព​ក្នុង​កោដិ ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ក៏​បាន​ជំនុំ​គ្នា​លើក​ចៅ​តា​ឱ្យ​ឡើង​គ្រង​រាជសម្បត្តិ ព្រោះតែ​មន្ត្រី​ទាំងនោះ​យល់​ឃើញ​ថា ចៅ​តា​មាន​កម្លាំង​ខ្លាំង ហើយ​លំពែង​ក៏​មុត​ស្រួច​ទៀត លើស​អាវុធ​ទាំងឡាយ​របស់​មនុស្ស​ទាំងពួង ។ ណាមួយ​យល់​ឃើញ​ថា ពូជពង្សវង្សត្រកូល​របស់​ចៅ​តា​ក៏​ជាប់​ព្រះរាជ​ត្រកូល​ផង​ដែរ មិនតែប៉ុណ្ណោះ​បណ្តារាស្ត្រ​ទាំងឡាយ​ក៏​ស្រលាញ់​ស្ម័គ្រស្មោះ​ជាមួយ​ចៅ​តា មិន​ថា អ្នកស្រុក​ជិត ឬ​អ្នកស្រុក​ឆ្ងាយ​នោះ​ទេ គួរតែ​យើង​អញ្ជើញ​គាត់​ឱ្យ​ឡើង​សោយរាជ្យ​ទៅ ។ លុះ​គិត​ស្រេច​ហើយ​ក៏​តាំង​នាំ​គ្នា​ហែ​ក្បួន​ទៅ​អញ្ជើញ​ចៅ​តា ឱ្យទៅ​សោយរាជ្យ​តំណ​ប្រយូ​វង្ស ។

កាល​ព្រះ​កុមារ​ចៅ​តា​បាន​ឡើង​សោយរាជ្យ​ហើយ ក្រុម​សេនា អាមាត្យ មន្ត្រី​តូច​ធំ បាន​ថ្វាយ​ព្រះ​នាម​ថា ព្រះបាទ​ត្រសក់ផ្អែម ។ កាល​ព្រះបាទ​ត្រសក់ផ្អែម​សោយរាជ្យ​បាន​បួន​ឆ្នាំ ស្តេច​មាន​សេចក្តី​រលឹក​ទី​ប្រសូត និង​ចម្ការ​ដែល​ដាំ​ត្រសក់ ស្តេច​ក៏​យាង​ទៅ​សាង​ព្រះរាជ​មន្ទីរ​នៅ​ទីនោះ ហើយ​សន្មត​ថា គោក​ព្រះរាជ​មន្ទីរ​ដែល​នៅ​ជិត​ភ្នំ​ជ្រាវ ។ ព្រះ​អង្គ​បាន​សាង​ព្រះ​បដិមា​ជា​ច្រើន​ព្រះ​អង្គ ហើយ​យក​ទៅ​តម្កល់​នៅ​ក្នុង​រូងភ្នំ​មួយ​ទុកជា​ព្រះ​កេរ ហើយ​ទ្រង់​សន្មត​ឱ្យ​ថា​ភ្នំ​ព្រះ ឯ​ចម្ការ​ត្រសក់​នោះ​មាន​មក​ដល់​សព្វថ្ងៃ ។

បច្ចុប្បន្ន​គោក​មន្ទីរ​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​គោក​មន្ទីរ ដែល​មាន​លោក​ជុន ចាន់​ថន ជា​ប្រធាន ហើយ​ភូមិ​ជ្រាវ​ទឹក​ចេញ និង​ភូមិ​គោក​មានឈ្មោះ​មក​ដល់​បច្ចុប្បន្ន​។ ចំណែក​ភ្នំ​ខ្ជោល​សម័យនេះ​អ្នកស្រុក​និយម​ហៅ​ថា ភ្នំ​ឱរ៉ាល់​ទៅ​វិញ រីឯ​ភ្នំ​ជ្រាវ​ដែល​មាន​ទឹកធ្លាក់​ខួប​ប្រាំង​វស្សា​នោះ​នៅ​ប៉ែក​ខាងក្រោម ។ ចំពោះ​ចម្ការ​ត្រសក់​មាន​ស្លាកស្នាម​មក​ដល់​សព្វ​ថ្ងៃនេះ​ខ្លះ​ដែរ ៕