រាជធានីភ្នំពេញ ៖ កូវីដ-១៩ ៖ មន្ត្រីស្ថានទូតអាមេរិកពីរនាក់ដែលធ្វើដំណើរមកពីអាមេរិកត្រូវបានរកឃើញថា មានមេរោគកូវីដ-១៩ ។ នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែសីហានេះ ។
ក្រសួងសុខាភិបាលបាននិយាយថា ករណីជនជាតិអាមេរិក០២នាក់ វិជ្ជមានវីរុសកូវីដ-១៩ ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកក កាន់វីសាប្រភេទ (A) មានអសយដ្ឋានស្នាក់នៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ ។
ជនជាតិអាមេរិកទាំងពីរនាក់បានធ្វើដំណើរពីសហរដ្ឋអាមេរិកបន្តជើងហោះហើរលេខ KE689 នៅកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ លទ្ធផលវិភាគវត្ថុសំណាករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។
បច្ចុប្បន្ននេះ អ្នកជំងឺទាំងពីរនាក់ ស្ថិតនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិក រាជធានីភ្នំពេញ ។ ក្រសួងបានឲ្យដឹងទៀតថា តាមជើងហោះហើរ ដែលរកឃើញជនជាតិអាមេរិកកាំងទាំងពីរនាក់នេះ មានអ្នកដំណើរសរុបចំនួន៩១នាក់ (ស្ត្រី៣៥នាក់ កុមារ ០៧នាក់ និងបុរស ៥២នាក់) ។
ដែលក្នុងចំនួនសរុបនេះ មានជនជាតិកូរ៉េ ២៨នាក់ ជនជាតិអាមេរិក១៩នាក់ (កុមារ ០២នាក់) ជនជាតិបារាំង ០២នាក់ ជនជាតិវៀតណាម ០២នាក់ ជនជាតិអូស្ត្រាលី ០៤នាក់ (កុមារ០២នាក់) ជនជាតិឥណ្ឌូណេស៊ី ០១នាក់ ជនជាតិណូវែលហ្សឺឡង់០៣នាក់ (កុមារ០១នាក់) ជនជាតិចិន ០៣នាក់ ជនជាតិអូទ្រីស ០១នាក់ ជនជាតិអង់គ្លេស ០៨នាក់ (កុមារ០២នាក់) ជនជាតិហ្វាំងឡង់ ០១នាក់ និងជនជាតិកាណាដា ០១នាក់។ ជនជាតិអាមេរិកទាំងពីរស្ថិតក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ប្រាំនាក់ប្រកាសដោយ ក្រសួងសុខាភិបាល នៅថ្ងៃសុក្រនេះ ៕
ចែករំលែកព័តមាននេះ