ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ជាង​១៦​ម៉ឺន​នាក់​បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មក​ស្នាក់​នៅ​កម្ពុជា​ត្រឹម ៦​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ក្រសួង​មា​ហ​ផ្ទៃ បាន​ឲ្យ​ដឹង​ថា រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ មាន​ជនបរទេស​ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មាន​ជាង​១៦​ម៉ឺន​នាក់​ ។ ចំនួន​នេះ​បាន​ថយ​ចុះ​ជាង​ឆ្នាំ​២០១៩ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១…

រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ក្រសួង​មា​ហ​ផ្ទៃ បាន​ឲ្យ​ដឹង​ថា រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ មាន​ជនបរទេស​ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មាន​ជាង​១៦​ម៉ឺន​នាក់​ ។ ចំនួន​នេះ​បាន​ថយ​ចុះ​ជាង​ឆ្នាំ​២០១៩ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា រយៈពេល​៦​ខែ​ឆ្នាំ​២០២០​នេះ មាន​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ជនបរទេស​មក​កម្ពុជា​មានការ​ថយ​ចុះ ហើយ​កម្ពុជា​ទទួល​ជនបរទេស​ជាង​១​លាន​នាក់ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នេះ​ឆ្នាំ​២០១៩ គឺ​ទទួល​បាន​ជាង​៣​លាននាក់​។

មន្ត្រីជាន់ខ្ពស់​ខាងលើ បាន​លើក​ឡើង​ថា «​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដែល​យើង​បាន​បង្កើត​ឡើង ហើយ​យើង​អនុញ្ញាត ឲ្យ​ម្ចាស់​គោលដៅ និង​ម្ចាស់​ទីតាំង ឬ​ម្ចាស់​លំនៅ​ដ្ឋា​ន ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន នៅ​ក្នុង​ប្រទេស ចុះ​វត្តមាន​ជនបរទេស​ស្នាក់​នៅ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ ។ មក​ដល់​ម៉ោង​នេះ យើង​ទទួល​បាន​ជាង​១៦​ម៉ឺន​នាក់ ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រព័ន្ធ​យើង ប៉ុន្ដែ​ប្រព័ន្ធ​ក៏​បាន​បញ្ជាក់​ថា វត្តមាន​ជាក់ស្ដែង ប្រហែល​ជាង​១១​ម៉ឺន​នាក់​ប៉ុណ្ណោះ​»​។

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ​ថា ប្រព័ន្ធ​ព័ត៌មានវិទ្យា​កំពុង​តែ​តាមដាន​បន្ដ​ទៀត ចំពោះ​ជនបរទេស​ស្នាក់​នៅ​កម្ពុជា ដូច្នេះ​ជនបរទេស​អាច នឹង​មានការ​កើនឡើង​បន្ថែម​ទៀត ដោយសារ​តែ​អគ្គនាយកដ្ឋាន​អន្ដោ​ប្រ​វរ​សន៍ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ ​។ លោក​សង្ឃឹមថា ការ​ចុះបញ្ជី​ជន​បទេស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា នឹង​កាន់តែ​ល្អ​បន្ថែម​ទៀត ព្រោះ​ការងារ​នេះ​ក៏​ជា​ជំហាន​ដំបូង​នៅ​កម្ពុជា ហើយ​ការងារ​នេះ​ក៏​បាន​ជួប​បញ្ហា​មួយ​ចំនួន​ផង​ដែរ​ ។

លោក​ក៏​បាន​សូម​ណូ​ពរ ដល់​ម្ចាស់​ទីតាំង ម្ចាស់​លំនៅ​ដ្ឋា​ន ម្ចាស់​អគារ ជាដើម ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ឲ្យ​ទទួល​បានការ​ងារ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ព្រោះ​ការងារ​ទាំងនេះ​ក៏​បាន​កំណត់​ដោយ​ច្បាប់​ផង​ដែរ​។

នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់​ថា ប្រសិនបើ​មាន​ម្ចាស់​ទីតាំង​ណាមួយ​ឲ្យ​ជនបរទេស​ស្នាក់​នៅ ហើយ​មិន​សហការ​ជាមួយ​សមត្ថកិច្ច នោះ​ម្ចាស់​ទីតាំង​នឹង​ទទួល​ពិន័យ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ