ខេត្តស្ទឹងត្រែង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៣នាក់បានបាត់បង់ជីវិត និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយគ្រឿង ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានសមត្ថកិច្ចសង្ស័យថា ទំនងជារថយន្តបើកបរក្នុងល្បឿនលឿន លុះបែកកង់ ក៏រ៉េចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យអ្នកបាត់បង់ជីវិត និងរបួសធ្ងន់ស្រាលបែបនេះ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិ៧៨ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែកជាប់ជ្រាយព្រំប្រទល់ឃុំក្បាលមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងនិងខេត្តមណ្ឌលគិរី។
តាមប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាសបានឱ្យដឹងថា ជនរងគ្រោះក្នុងរថយន្តមួយគ្រឿងខាងលើមានចំនួន៨នាក់រួមទាំងអ្នកបើកបរ ក្នុងនោះបានបាត់ជីវិតចំនួន៣នាក់ (បុរស២នាក់និងស្រី្តម្នាក់) ។ ចំណែក៥នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ។ ជនរងគ្រោះទាំង៨នាក់នេះមិនត្រូវស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា រស់នៅក្នុងភូមិមួយ ឃុំតាស៊ុយ ខេត្តរតនគិរី។
តាមប្រភពដដែលបានឱ្យដឹងបន្តទៀតថា រថយន្តមួយគ្រឿងដែលក្រឡាប់ខាងលើម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២w-២៤៩៨ មានដឹកអ្នកដំណើរចំនួន៨នាក់រួមនឹងអ្នកបើកបរ បានធ្វើដំណើរចេញពីខេត្តត្បូងឃ្មុំទៅកាន់ខេត្តរតនគិរី ទំនងជាបើកបរក្នុងល្បឿនលឿន លុះបែកកង់បណ្តាលអោយរថយន្តរ៉េចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ជាច្រើនត្រឡប់ បង្កអោយមានអ្នកបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល រីឯអ្នករងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពច្រប់ ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន រថយន្តមួយគ្រឿងខាងលើត្រូវបានសមត្ថកិច្ចយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ