ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ច្រាន​ចោលការ​ផ្សាយ​ថា ទាហាន​វៀតណាម​៣០​នាក់​ប្រដាប់​អាវុធ​មក​ធ្វើ​ទុក​បុក​ម្និញ​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ច្រាន​ចោលការ​ផ្សាយ​របស់​វិទ្យុ​បរទេស​និយាយ​ជា​ភាសា​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ថា ទាហាន​វៀតណាម​៣០​នាក់ មាន​ប្រដាប់​អាវុធ​មក​ធ្វើ​ទុក​បុក​ម្និញ​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន ។ លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ច្រាន​ចោលការ​ផ្សាយ​របស់​វិទ្យុ​បរទេស​និយាយ​ជា​ភាសា​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ថា ទាហាន​វៀតណាម​៣០​នាក់ មាន​ប្រដាប់​អាវុធ​មក​ធ្វើ​ទុក​បុក​ម្និញ​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ធ្វើស្រែ​លើ​ដី​របស់​ខ្លួន ។

លោក​ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ច្រាន​ចោលការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​វិទ្យុ​អាស៊ី​សេរី​ដែល​ថា ទាហាន​វៀតណាម​ប្រដាប់​អាវុធ​ចូល​ឈ្លានពាន​នៅ​ស្រុក​ពញាក្រែក ។

លោក ផៃ ស៊ី​ផា​ន បញ្ជាក់​ថា «​ពុំ​មាន​វត្តមាន​ទាហាន​វៀតណាម​ប្រដាប់​ដោយ​អាវុធ​ចូល​មក​ឈ្លានពាន និង​ធ្វើ​ទុក​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ស្រុក​ព​ញ​ក្រែក​នោះ​ទេ ។ សូម​ធ្វើការ​បដិសេធ និង​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​របស់​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី​បាន​ចុះ​ផ្សាយ​» ។

ចំណែក​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ដោយ​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​របស់​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី ដែល​ចុះ​ផ្សាយ​ថា «​មាន​យោធា​វៀតណាម​ប្រដាប់​ដោយ​អាវុធ និង​ដំបង​ឆក់​ប្រមាណ​៣០​នាក់ ចូល​មក​ឈ្លានពាន និង​ធ្វើ​ទុក​បុក​ម្នេញ លើ​ពលរដ្ឋ​ខ្មែ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មិន​ឱ្យធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន​តាម​បណ្ដោយ​ព្រំដែន​» ។

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​លើក​ឡើង​ថា កន្លង​មក​រដ្ឋបាល​ខេត្ត​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ប្រទេស​ជិតខាង​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ខិតខំ​យកចិត្តទុកដាក់​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នានា​ឈរ​លើ​ស្មារតី​មិត្តភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អ ការពារ​ឧត្តម​ប្រយោជន៍​ជាតិ ប្រជាជន​ប្តេជ្ញា​ការពារ​ឱ្យ​បាន​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ព្រមទាំង​រួមចំណែក​កសាង​តំបន់​ព្រំដែន សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។

រដ្ឋបាល​ខេត្ត​បាន​ដាក់​ចេញ​វិធានការ​រឹត​បន្ដឹង និង​ពង្រឹង​គ្រប់គ្រង​ការ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​ទាំង​មនុស្ស និង​ទំនិញ​យ៉ាង​ម៉ឺងម៉ាត់ ទប់ស្កាត់ និង​បង្ក្រាប​បាន​ទាន់​ពេលវេលា​រាល់​បទល្មើស​ឆ្លង​ដែន​ក៏​ដូច​ជា ដើម្បី​រាំង​ខ្ទប់​ការ​រីក​រាល ដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ទៀត​ថា ចំពោះ​ករណី​ដែល​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​បោះបង្គោល​កំណត់​ព្រំ​ដី នៅ​លើ​សំណល់​ដី​ពី​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន គឺជា​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ ។ ជា​គោលការណ៍​សំណល់​ដី​នោះ​នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ក្រោយ​ពី​មានការ​ផ្លាស់​ប្តូរ​សច្ចាប័ន​សន្ធិសញ្ញា​ព្រំដែន ពាក់ព័ន្ធ​រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា វៀតណាម​) ។

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​យល់​ថា «​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ខាងលើ គឺជា​ព័ត៌មាន​អុជអាល បំភ្លៃ​ការ​ពិត មិន​ឆ្លុះ​បញ្ចាំង​អំពី​ទិដ្ឋភាព​ជាក់ស្តែង គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ប្រឌិត​ឡើង​ដើម្បី​បម្រើ​ផល ប្រយោជន៍​នយោបាយ​បក្សពួក​របស់​ខ្លួន ដែល​បង្ក​ការ​ភ័ន្ត​ច្រឡំ​ក្នុង​ចំណោម​សាធារណ​មតិ និង​បង្កើត​ភាព ល្អក់កករ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាំង​ប្រ​ទេ​ទាំង​ពីរ​(​កម្ពុជា​-​វៀតណាម​)»​។

គួរ​ន​ញ្ជា​ក់ថា​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​រដ្ឋបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច​ខេត្ត​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ និង​បាន​ធ្វើការ​ណែនាំ​អប់រំ​ពន្យល់​ពី​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន និង​ចូលរួម​អនុវត្ត​តាម​គោលនយោបាយ​ដ៏​ភ្លឺស្វាង​របស់​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។ ជា​លទ្ធផល​ប្រជាពលរដ្ឋ​បាន​ទទួលយក​សំណូមពរ​របស់​ក្រុមការងារ រដ្ឋបាល​ខេត្ត និង​បាន​ធានា​អះអាង​ថា មិន​ចូល​ទន្ទ្រាន​កាន់កាប់​សំណល់​ដី ក្នុង​តំបន់​នោះ​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ