ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកទ្វារ​ព្រំដែន អាជីវករ​ខ្មែរត្រូវ​​បាន​អនុញ្ញាត​ចូល​ទៅ​មើល​ទំនិញ​ក្នុង​​​ផ្សារ​រុង​ក្លឿ

3 ឆ្នាំ មុន
  • ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ដូច​អ្វី​ដែល​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ស្នើ​សុំ​ទៅ​ភាគី​ថៃ​កន្លង​មក នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ២០២០ អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ ក៏​បាន​អនុញ្ញាត​ឲ្យ​អាជីវ​ករ​ខ្មែរ​​ចូល​ទៅ​ពិនិត្យ​មើល​ទំនិញ​របស់​ខ្លួន​ដែល​ដាក់​លក់​នៅ​ផ្សារ​រុង​ក្លឿ ឬ​អាច​ដឹក​ចេញ​មក​វិញ​បាន…

ខេត្តបន្ទាយមានជ័យ ៖ ដូច​អ្វី​ដែល​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ស្នើ​សុំ​ទៅ​ភាគី​ថៃ​កន្លង​មក នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ២០២០ អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ ក៏​បាន​អនុញ្ញាត​ឲ្យ​អាជីវ​ករ​ខ្មែរ​​ចូល​ទៅ​ពិនិត្យ​មើល​ទំនិញ​របស់​ខ្លួន​ដែល​ដាក់​លក់​នៅ​ផ្សារ​រុង​ក្លឿ ឬ​អាច​ដឹក​ចេញ​មក​វិញ​បាន ប៉ុន្តែ​មាន​កំណត់​ទៅ​តាម​ឈ្មោះ​ផ្សារ ។ អាជីវករ​ខ្មែរ​៦៨​នាក់​ជាមួយ​រថយន្ត​ចម្រុះ​៣៩​គ្រឿង ត្រូវ​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ផ្សារ​បេន​ចា​វ៉ា​ន់ ដើម្បី​ពិនិត្យ​ទំនិញ​តាម​តូប​រៀងខ្លួន​ៗ​តែ​លទ្ធផល​យ៉ាងណា​មិន​ទាន់​ដឹង​ទេ ។

តាម​មន្ត្រី​បម្រើ​ការងារ​នៅ​ទីតាំង​ទទួល​ពាក្យ​ស្នើ​សុំ​ចូល​ផ្សារ​រុង​ក្លឿ​នៅ​ស្ថានីយ​រថភ្លើង ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា តាម​គោលការណ៍​របស់​ថៃ​គេ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​ផ្សារ​រុង​ក្លឿ​មាន​កំណត់ គឺ​ក្នុង​១​ថ្ងៃ​រថយន្ត​៥០​គ្រឿង និង​មនុស្ស​១០០​នាក់​អាច​ចូល​បាន ពោល​គឺ​រថយន្ត​១​គ្រឿង មនុស្ស​២​នាក់ អ្នកបើកបរ​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់ ។

មន្ត្រី​ខាងលើ​បន្ត​ថា ការ​ចូល​ទៅ​ទីនោះ​ក៏​ត្រូវ​តាម​គោលការណ៍​គេ​តម្រូវ​ផង​ដែរ ។ ដូច​ថ្ងៃនេះ​អាច​ចូល​ទៅ​ផ្សារ​បេន​ចា​វ៉ា​ន់ ហើយ​ក្រៅពី​អាជីវករ​ផ្សារ​បេន​ចា​វ៉ា​ន់ គឺ​មិន​អាច​ចូល​បាន​ទេ ព្រោះ​គេ​មិន​អនុញ្ញាត​ឲ្យ​ដើរ​រហេតរហូត ឡើយ ។ ចំពោះ​អាជីវករ​ដែល​លក់​នៅ​ទីតាំង​ផ្សារ​ផ្សេង​ៗ​ទៀត ដូច​ជា​ផ្សារ​ឥណ្ឌូចិន ផ្សារ​ហ្គោ​ល​ដឹ​ន​ក្រែ​ន ផ្សារ​អ​,​ប​,​ច ផ្សារ​រ៉ាត់​តាន់​ណា​ក់​ថាំ និង​ផ្សា​រដែត​ថៃ ត្រូវ​ទៅ​បំពេញបែបបទ​ស្នើ​សុំ​នៅ​ទីតាំង​ខាងលើ​(​ស្ថានីយ​រថភ្លើង​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​) ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃនេះ​តទៅ ពោល​គឺ​មុន​ថ្ងៃ​ចូល​ដី​ថៃ​១​ថ្ងៃ ។

មុន​ពេល​កំណត់​ម៉ោង​៨​ព្រឹក​ដែល​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​រថយន្ត​អាជីវករ​ខ្មែរ ចូល​ទៅ​ដី​គេ​ឃើញ​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្ត លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត អម​ដោយ​មន្ត្រី និង​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​ជួប​និង​ជួយ​សម្រួល​ការងារ​ដោះស្រាយ​ជូន​អាជីវករ ហើយ​ក៏​មាន​វត្តមាន​អភិបាលស្រុក​អារញ្ញ អម​ដោយ​មន្ត្រី​និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ជួប​ចាប់ដៃ​គ្នា ដើម្បី​ស្វាគមន៍​អាជីវករ​ខ្មែរ​ផង​ដែរ ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កន្លង​មក​ភាគី​ថៃ​តម្រូវ​ឲ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​ទំនិញ​បាន​ត្រឹមតែ​មនុស្ស​១០០​នាក់ ជាមួយ​រថយន្ត​៥០​គ្រឿង ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ថ្មី​ៗ​នេះ​អាជ្ញាធរ​ខេត្ត​និង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ស្នើ​សុំ​ភាគី​ថៃ​បន្ថែមចំនួន​មនុស្ស ពី​រថយន្ត​១​គ្រឿង​២​នាក់ ទៅ​រថយន្ត​១​គ្រឿង មនុស្ស​៤​ទៅ​៥​នាក់ ដើម្បី​សម្រួល​ដល់​អ្នក​គ្មាន​រថយន្ត ចូល​ទៅ​ទឹកដី​ថៃ តែ​ភាគី​ថៃ​មិន​ទាន់​មានកា​ឆ្លើយ​តប​នៅឡើយ​ទេ ។

ឆ្លើយ​តប​និង​បញ្ហា​មួយ​ចំនួន​ដែល​មាន​គេ​បង្ហោះ​ហ្វេ​ស​ប៊ុ​កថា ចង់​ចូល​ទៅ​ទឹកដី​ថៃ​បាន​លឿន​ត្រូវ​បង់ប្រាក់​ម្នាក់​១០០០​បាត​ឬ​២០០០​បាត អភិបាលរង​ខេត្ត​រូប​នេះ​បាន​បដិសេធ​ថា មិនមែន​ជា​ការ​ពិត​ឡើយ ។ លោក​បញ្ជាក់​ថា នៅ​ទីតាំង​ទទួល​សំណើ​របស់​គណៈ​កម្មការ​ចំណុច​ស្ថានីយ​រថភ្លើង ក្នុងភូមិ​សង្កាត់​ប៉ោយ​ប៉ែ​ត​ក្រុម​មន្ត្រី​បំពេញ​បែបបទ​ជូន​អាជីវករ​ផ្សារ​រុង​ក្លឿ មិន​តម្រូវ​ឲ្យ​យក​ប្រាក់​មួយ​រយ​រៀល​ឡើយ ។

មិនតែប៉ុណ្ណោះ​លោក​បញ្ជាក់​ថា សូ​ម្បី​អ្នក​ដែល​មាន​លិខិតឆ្លងដែន ប័ណ្ណ​ព្រំដែន ឬ​កាត​ឆ្លង​ដែន​ផុត​សុពល​ភាព​ក៏​អាច​ចូល​ទៅ​ពិនិត្យ​ទំនិញ​បាន​ដែរ ព្រោះ​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​បាន​ឯកភាព​តាម​សំណើសុំ​របស់​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ហើយ តែ​ត្រូវ​បំពេញ​បែបបទ​ជា​មុន ។

តាម​ការ​សាកសួរ​ផ្ទាល់​មុន​ចេញដំណើរ​ពី​កម្ពុជា អាជីវករ​ភាគច្រើន​និយាយ​ថា នឹង​មិន​ដឹក​ទំនិញ​ចេញ​មក​ទឹកដី​កម្ពុជា​វិញ​ទេ គឺ​ពួក​គាត់​ត្រឹមតែ​ទៅ​ពិនិត្យ​មើល​ទំនិញ​តាម​តូប​រៀងខ្លួន​តែ​ប៉ុណ្ណោះ ។ តាម​អាជ្ញាធរ​ប្រាប់​ថា​ពេល​នេះ​អាជ្ញាធរ​ថៃ​បាន​ឯកភាព​តាម​សំណើ​​១​ករណី​ទៀត​ហើយ គឺ​អនុញ្ញាត​រាល់​រថយន្ត​អាច​ចូល​ទៅ​ដី​គេ​បាន មិន​ចាំបាច់​ថា​រថយន្ត​នោះ​ជា​របស់​អ្នក​ណា តែ​ចំពោះ​សំណើសុំ​បន្ថែម​មនុស្ស​ខាង​ថៃ​មិន​ទាន់​ឯកភាព​នៅឡើយ​ទេ ។

ចំពោះ​កសិផល​ដែល​ពលរដ្ឋ​ជាប់​ព្រំដែន​ជាប់​គាំង​មិន​អាច​ដោះ​ដូរ​ឬ​លក់​ឲ្យ​គ្នា​បាន ព្រោះតែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ភាគី​ទាំង​២​ក៏​បាន​ឯកភាព​គ្នា​រួច​ហើយ​ដែរ គឺ​អនុញ្ញាត​ឲ្យ​រថយន្ត​ថៃ​ចូល​មក​ដឹក​កសិផល​នៅ​ស្រុក​ខ្មែរ​បាន​ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​តាម​ច្រក​តំបន់​ម៉ា​ឡៃ និង​ច្រក​តំបន់​បឹង​ត្រកួន ក្នុង​ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ