ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN​ទម្លាក់​ថវិកា​១​លាន​ដុល្លារ​ឲ្យ​កម្ពុជា​យកចិត្តទុកដាក់​លើ​សុខភាព និង​សេដ្ឋកិច្ច​ពលករ​ចំណាកស្រុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការសហប្រជាជាតិ​បាន​ទម្លាក់​ថវិកា​១​លាន​ដុល្លារ​សម្រាប់​ការ​អនុវត្ត​កម្មវិធី​ពង្រឹង​សុវត្ថិភាព​សុខភាព និង​សេដ្ឋកិច្ច​ដល់​ពលករ​ចំណាកស្រុក​ក្នុង​ប្រទេស​កម្ពុជា ។ កម្ពុជា​ដែល​មាន​ពលករ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រទេស​កូរ៉េ ប្រទេស​ជប៉ុន ប្រទេស​ម៉ា​ឡេ​ស៊ី នោះ​មាន​មួយ​ចំនួន​បាន​វិល​មក​កម្ពុជា​វិញ​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នេះ…

រាជធានី​ភ្នំពេញ ៖ អង្គការសហប្រជាជាតិ​បាន​ទម្លាក់​ថវិកា​១​លាន​ដុល្លារ​សម្រាប់​ការ​អនុវត្ត​កម្មវិធី​ពង្រឹង​សុវត្ថិភាព​សុខភាព និង​សេដ្ឋកិច្ច​ដល់​ពលករ​ចំណាកស្រុក​ក្នុង​ប្រទេស​កម្ពុជា ។ កម្ពុជា​ដែល​មាន​ពលករ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រទេស​កូរ៉េ ប្រទេស​ជប៉ុន ប្រទេស​ម៉ា​ឡេ​ស៊ី នោះ​មាន​មួយ​ចំនួន​បាន​វិល​មក​កម្ពុជា​វិញ​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នេះ ។

លោកស្រី ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩​មករ​ហូត​មក​ដល់​ពេល​នេះ​មាន​ពលករ​រដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​ពិសេស​ប្រទេស​ថៃ ជាង​១០​ម៉ឺន​នាក់ បាន​វិល​ចូល​មក​ប្រទេស​វិញ ដោយសារ​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​គេ ។

លោកស្រី​បាន​បញ្ជាក់​ថា រោងចក្រ​សហគ្រាស និង​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​ផ្អាក​ដែល​ធ្វើ​ឲ្យ​ពលករ​បាត់បង់​ការងារ និង​បាន​រុញច្រាន​ឲ្យ​ពលករ​ទេសន្ដរប្រវេសន៍​មួយ​ចំនួន​សម្រេចចិត្ត​វិល​ត្រឡប់​មក​ស្រុក​ទេស​របស់​ខ្លួន​វិញ ទោះបីជា​ប្រឈម​នឹង​ការ​ហាមឃាត់ និង​បិទ​ព្រំដែន​ក៏​ដោយ ។ «​គិត​ចាប់ពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០ ក្រោយ​ការ​ប្រកាស​បិទ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ថៃ​មក​ដល់​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ ដែល​មាន​រយៈពេល​៣​ខែ ១៥​ថ្ងៃ មាន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​វិល​ត្រឡប់​ពី​ការ​ធ្វើ​ទេសន្ដរប្រវេសន៍​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​ថៃ​ចំនួន​សរុប​ចំនួន ជាង​១០០.៥៦៨​នាក់​» នេះ​ជា​ការ​ឲ្យ​ដឹង​របស់​លោកស្រី ជូ ប៊ុ​ន​អេ​ង ។

កម្មវិធី​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជន​នេះ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ឆ្លង​ពី​ពលករ​ចំណាកស្រុក​ដល់​សហគមន៍​របស់​គាត់ ។ ជាមួយ​គ្នា​នេះ តាម​រយៈ​កម្មវិធី​នេះ​នឹង​មាន​ប្រាក់​ឧបត្ថម្ភ​ដល់​ពលករ​ចំណាកស្រុក​ដែរ ដើម្បី​ធានា​ទ្រទ្រង់​ដល់​ជីវភាព​របស់​ពេល​គេ​នៅ​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ ។

លោកស្រី ជូ ប៊ុ​ន​អេ​ង បញ្ជាក់​ថា «​កម្មវិធី​ជំនួយ​នេះ ផ្ដោត​លើ​ការ​ទប់ស្កាត់​ការ​ចម្លង និង​ការ​ឆ្លង​ក្នុង​ចំណោម​ក្រុម ប្រជាពលរដ្ឋ​ដែល​ទើបនឹង​វិល​ត្រឡប់​ពី​ការ​ធ្វើ​ទេស​ន្ដ​ប្រវេសន៍ ដែល​អាច​បង្កើត​ស្ថានភាព​រាលដាល​ទ្រ​ង​ទ្រាយ​ធំ​នៅ​តាម​សហគមន៍ និង​រក្សា​ស្ថានភាព​នៃ​ការ​រស់នៅ​ប្រកបដោយ​ស្ថេ​រ​ភាព នឹង​ភាព​ចុះសម្រុង ជាមួយ​សហគមន៍​មូលដ្ឋាន ក្នុង​តំណាក់កាល​នៃ​ធ្វើ​សមាហរណកម្ម​» ។ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ភាគី​ពាក់ព័ន្ធ​នឹង​ដែល​នឹង​ត្រូវ​អនុវត្ត​កម្មវិធី​នេះ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​រក​វិធីសាស្ត្រ​ក្នុង​ការ​អនុវត្ត​កម្មវិធី​នេះ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​រួម​មាន ក្រសួង​ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​អង្គការ​ដៃគូ​ទាំងអស់ ត្រូវ​ចាត់ចែង​ប្រើប្រាស់​ថវិកា​នេះ​ឲ្យ​ចំ​គោលដៅ ដើម្បី​ប្រសិទ្ធភាព និង​មាន​តម្លាភាព​ផង​ដែរ ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ឲ្យ​ដឹង​កម្មវិធី​នេះ មាន​រយៈពេល​តែ​៦​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនជា​ជោគជ័យ គេ​អាច​ស្នើ​សុំ​ថវិកា​បន្ថែម​ទៀត​ពី​អង្គការសហប្រជាជាតិ​ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត​បន្ត ។ សម្តេច​បាន​ស្នើ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​រៀបចំ​កម្មវិធី​រួម​គ្នា​ក្នុង​ការ​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ហើយ​បាន​ដល់​មុខសញ្ញា និង​គោលដៅ ជា​ពិសេស​គឺ​ពលករ​ចំណាក់ស្រុក ឬ​ជន​ទេសន្តរប្រវេសន៍​ដែល​ជួប​បញ្ហា ។ សម្ដេច​ក្រឡាហោម បញ្ជាក់​ថា កម្មវិធី​ដែល​នឹង​ដាក់​ឲ្យ​អនុវត្ត​នា​ពេល​នេះ ជា​កម្មវិធី​មួយ​ដោយឡែក​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​កន្លង​មក​ពលករ​ចំណាកស្រុក​ក៏​ទទួល​បាន​កម្មវិធី​ឧបត្ថម្ភ​របស់​រដ្ឋ​នោះ​ដែរ ដូច្នេះ​ពលករ​ចំណាកស្រុក​អាច​នឹង​ទទួល​បាន​កម្មវិធី​ឧបត្ថម្ភ​ទាំង​ពីរ​នេះ​។

លោកស្រី លី អៃ​ឡាន ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​កោត​ស​សើរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ត្រៀមលក្ខណៈ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ព្រោះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​ទទួល​បាន​ជោគជ័យ​នា​ពេល​ខាង​មុខ ។ តំណាង​WHO ថា កាលពី​ស​ប្ដា​ហ៍​មុន​បាន​ចុះ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ និង​សៀមរាប ដើម្បី​ពិនិត្យ​មើល​ដោយ​ផ្ទាល់​អំពី​របៀប​ដែល​ខេត្ត​នីមួយ​ៗ​បាន និង​កំពុង​រៀបចំ​ត្រៀមលក្ខណៈ និង​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ឃើញ​ថា ការ​ត្រៀមលក្ខណៈ​នោះ​មាន​លក្ខណៈ​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ