ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​-​សង្កាត់​នឹង​ប្រើប្រាស់ «​ថា​ប្លេ​ត​» ដើម្បី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថា​ប្លេ​ត (tablets) ចំនួន​១៧០០ គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ក្រសួងផែនការ ដើម្បី​ចែក​ជូន​ឃុំ​/​សង្កាត់​មួយ​គ្រឿង​បន្ថែម​ទៀត ដោយ​បាន​ទទួល​ពី​អង្គការ UNDP…

រាជធានី​ភ្នំពេញ ៖ ថា​ប្លេ​ត (tablets) ចំនួន​១៧០០ គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ក្រសួងផែនការ ដើម្បី​ចែក​ជូន​ឃុំ​/​សង្កាត់​មួយ​គ្រឿង​បន្ថែម​ទៀត ដោយ​បាន​ទទួល​ពី​អង្គការ UNDP ដែល​សម្រេច​ផ្តល់​ជូន​តាម​ការ​សំណូមពរ​របស់​ក្រសួងផែនការ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ ។

លោក​ទេស​រដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ទទួល ថា​ប្លេ​ត​ថា «​ថា​ប្លេ​ត ទាំងអស់ គឺ​សម្រាប់​ប្រគល់​ជូន ឃុំ​/​សង្កាត់ ដែល​ប្រើប្រាស់​សម្រាប់​ប្រមូល​ទិន្នន័យ​ក្នុង​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដែល​ជា​ការ​បំពេញ​នូវ​ទិន្នន័យ​ចន្លោះ​ប្រហោង លើ​គ្រួសារ​ដែល​ក្រីក្រ តែ​មិន​ទាន់​មាន​បណ្ណ​សមធម៌ ។

គ្រួសារ​ខ្លះ អវត្តមាន​ពេល​សម្ភាសន៍​កន្លង​មក ឬ​គ្រួសារ​ខ្លះ​ទៀត​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ ដែល​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់ និង​ធ្វើ​អន្តរាគមន៍ ជា​ពិសេស​ធ្វើ​យ៉ាងណា ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌ សម្រាប់​ទទួល​បាន​សេវា​ផ្សេង​ៗ ដូច​គ្រួសារ​ក្រីក្រ​ផ្សេង​ៗ​ទៀត​ដែរ គឺ​មាន​ន័យ​ថា មិន​ទុក​នរណា​ម្នាក់​ចោល​នោះ​ទេ ដូចនេះ​ការ​ប្រមូល​ទិន្នន័យ ដោយ​ប្រើប្រាស់​ថា​ប្លេ​ត​ជា​ការ​ចាំបាច់​បំផុត​» ។

លោក​ទេស​រដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា វឌ្ឍនភាព​ជាក់ស្តែង​បង្ហាញ​ថា «​ថា​ប្លេ​ត​» ១​គ្រឿង របស់​ឃុំ​-​សង្កាត់ ប្រើ​កម្មវិធី​ចំនួន​៣ ៖ ទី​១-​ការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើ​សុំ ។ ទី​២-​កម្មវិធី​ចុះ​ឈ្មោះ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង ទី​៣-​ការ​ចុះ​ឈ្មោះ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ដែល​មិន​អាច​គាំទ្រ​ការងារ​បាន​ទាន់​ពេលវេលា ។ ផ្តើម​ចេញពី​បញ្ហា​លំបាក​នេះ ក្រសួងផែនការ​បាន​ធ្វើការ​ទំនាក់ទំនង​ស្នើ​សុំ​ថា​ប្លេ​ត ចំនួន​១ ៧០០​គ្រឿង ពី​អង្គការ UNDP ។

លោក ឆាយ ថន បាន​បន្ថែម​ថា «​ចាប់តាំងពី​ឆ្នាំ​២០០៥ មក ក្រសួងផែនការ​បាន​ដឹកនាំ​បង្កើត​នូវ នី​ត​ធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដែល​មាន​លក្ខណៈ​សុខដុម​នី​យ​កម្ម​មួយ​ដោយ​មានការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នៃ​ស្ថាប័ន​រាជរដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថាប័ន​ស្រាវជ្រាវ​ដែល​មានបទពិសោធន៍​ដោយ​បាន​សំយោគ​នូវ​នីតិវិធី និង​លក្ខណ​វិនិច្ឆ័យ​ទាំងឡាយ ដែល​ធ្លាប់​បាន​ដំណើរការ​ដោយ​ស្ថាប័ន​រាជរដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​បាន​ដំណើរការ​សាកល្បង ជា​ច្រើន​លើក​ច្រើន​សារ​រហូត​ដល់​ទទួល​បាន​នូវ​ការ​ឯកភាព​លើ​ទស្សនៈ​ការងារ ចង្វាក់​ការងារ យន្តការ​ការងារ កសាង​បាន​នូវ​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជាតិ មួយ​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​នៅ​តំបន់​ជនបទ និង​ផ្សារ​ភ្ជាប់​ជាមួយ​ស្ថាន ភាព​ជីវភាព​រស់នៅ​ជាក់ស្តែង​របស់​ប្រជាជន​នៅ​ជនបទ និង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រគល់​ថា​ប្លេ​ត ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​លោក Christian Berger ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង ប្រចាំ​ប្រទេស​កម្ពុជា ឯកឧត្តម Luke Arnold ឯកអគ្គរាជទូត​រង​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា លោក Nick Boresford ប្រធាន​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ