ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យ​ការ​សម្រេចហើយ រឿង​មេ​​ការ​ហាង​គុយទាវ​អង្គរជុំ​បង្ខំ​ស្ត្រី​ក្នុង​ឡាន (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំរឿង​មេការ​ហាង​គុយទាវ​អង្គរជុំ ដែល​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​ស្ត្រី​ម្នាក់​ថា វាយ និង​គំរាម​សម្លាប់​នៅ​ក្នុង​រថយន្ត ដោយ​ការ​បង្ខិតបង្ខំ តែ​នាង​មិន​ព្រមទៅ​រួម​ភេទ សម្រេច​ធ្វើការ​ចោទប្រកាន់​ពី​បទ​.​ហិង្សា ។

បុរស​ដែល​ជា​ជនជាប់ចោទ​ខាងលើ​ឈ្មោះ កៅ ណូ​រ៉ា ជា​មេការ​ហាង​គុយទាវ​អង្គរជុំ សាខា​បឹង​សាឡា​ង ស្ថិត​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ដល់​ដៃ​លោក ស្រី យិ​ច ឈា​ណា​វី ចៅក្រម​ស៊ើបសួរ ពេល​នោះ​លោកស្រី​កំពុង​បើក​ការ​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ថៅកែ​ហាង​គុយទាវ​អង្គរជុំ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

សូម​រំលឹក​ថា បុរស​ម្នាក់​ដែល​ជន​រង​គ្រោះ​អះអាង​ថា ជា​មេការ​ហាង​គុយទាវ​អង្គរជុំ ជាប់​ពាក់ព័ន្ធ​វាយ និង​គំរាម​សម្លាប់ ដោយសារ​ប្រកែក​នាង​មិន​ព្រមទៅ​រួម​ភេទ​ជាមួយ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិ​ជន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បាន​ហើយ និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា នេះ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ កក្កដា មាន​ស្ត្រី​រង​គ្រោះ​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​ស្វែងរក​យុត្តិធម៌ និង​ការ​ជួយ​អន្តរាគមន៍​ពី​មហាជន តាម​បណ្តាញ Tik Tok ដោយ​រៀបរាប់​ថា ខ្លួន​ត្រូវ​ថៅកែ​ហាង​គុយទាវ​អង្គរជុំ​វាយ និង​គំរាម​សម្លាប់ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ថែម​ទាំង​ទៅ​ជួប​អ្នក​សារព័ត៌មាន​ធ្វើការ​ផ្សាយ​ផ្ទាល់​អំពី​ដំណើររឿង​ដែល​នាំ​ឲ្យ​មាន​ហិង្សា​នោះ​ផង​ដែរ ។

ជន​រង​គ្រោះ​រៀបរាប់​ថា រូប​នាង​ត្រូវ​មិត្តភក្ដិ​ណែនាំ​ឲ្យ​ទៅ​អង្គុយ​ញ៉ាំ​បាយ​កំដរ​ភ្ញៀវ ដើម្បី​ទទួល​ប្រាក់​ធីប​២០​ដុល្លារ នៅ​ហាង​គុយទាវ​អង្គរជុំ ម្ដុំ​បឹង​សាឡា​ង ។ បន្ទាប់​ពី​ញ៉ាំ​បាយ​រួច​ភ្ញៀវ​២​នាក់​បាន​បើករថយន្ត​ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​នៅ​តាម​ផ្លូវ​លើ​រថយន្ត​មាន​ភ្ញៀវ​ម្នាក់​បាន​បបួល​នាង​ទៅ​រួម​ភេទ ដោយ​សន្យា​ថា ឲ្យ​ប្រាក់​១០០​ដុល្លារ តែ​នាង​បាន​បដិសេធ​មិន​ទៅ​ជាមួយ​នោះ​ទេ ក៏​បណ្តាល​ឲ្យ​មានការ​ប្រកែក​គ្នា​រហូត​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា បន្ទាប់​មក​នាង​ក៏​បើក​កញ្ចក់​រថយន្ត​ស្រែក​ឲ្យ​គេ​ជួយ ទើប​ជន​បង្ក​ឈប់​រថយន្ត និង​គេចខ្លួន​បាត់ ធ្វើ​ឲ្យ​នាង​មិន​អស់ចិត្ត​ក៏​បាន​បង្ហោះ​វី​ដេ​អូ​តាម​បណ្តាញ Tik Tok ជា​បន្តបន្ទាប់ និង​បន្ត​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ក្បែរ​កន្លែង​កើតហេតុ ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ផង​ដែរ ។

ដោយ​ការ​ស្វែង​ការ​អន្តរាគមន៍​ជា​ច្រើន​កន្លែង ពុំ​អាច​ទទួល​បាន​ដំណោះស្រាយ ទើប​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ នាង​បាន​សម្រេចចិត្ត​ទៅ​ប្ដឹង​បន្ត​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុវត្ត​តាម​នីតិវិធី រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ឈ្មោះ កៅ ណូ​រ៉ា ដែល​ជា​មេការ​ហាង​គុយទាវ​អង្គរជុំ សាខា​បឹង​សាឡា​ង នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ និង​ធ្វើការ​សាកសួរ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ