ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ក​សិ​ទេសចរណ៍​»​នឹង​ធ្វើ​ឲ្យ​ស្រុក​មួយ​នៅ​ខេត្តសៀមរាប​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ក​សិ​ទេសចរណ៍​» និង​ការ​ចិញ្ចឹមសត្វ​តាម​បែប​អ្នក​តំបន់​ភ្នំ បង្កើត​អត្តសញ្ញាណ​ថ្មី​នៃ​ម្ហូបអាហារ​ប្រចាំ​តំបន់ និង​បង្ហួត​បង្ហាញ​ពី​ចំនុច​ពិសេស​នៃ​ទំនៀមទម្លាប់​របស់​អ្នក​រស់នៅ​តាម​តំបន់​ភ្នំ​នៅ​ក្នុងស្រុក​បន្ទាយស្រី ដើម្បី​ជា​មូលដ្ឋាន​ដណ្តើម យក​ឧត្តមភាព​នៃ​ការ​ប្រកួតប្រជែង​ខាង​ផ្នែក​ទេសចរណ៍ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាលស្រុក…

រាជធានី​ភ្នំពេញ ៖ «​ក​សិ​ទេសចរណ៍​» និង​ការ​ចិញ្ចឹមសត្វ​តាម​បែប​អ្នក​តំបន់​ភ្នំ បង្កើត​អត្តសញ្ញាណ​ថ្មី​នៃ​ម្ហូបអាហារ​ប្រចាំ​តំបន់ និង​បង្ហួត​បង្ហាញ​ពី​ចំនុច​ពិសេស​នៃ​ទំនៀមទម្លាប់​របស់​អ្នក​រស់នៅ​តាម​តំបន់​ភ្នំ​នៅ​ក្នុងស្រុក​បន្ទាយស្រី ដើម្បី​ជា​មូលដ្ឋាន​ដណ្តើម យក​ឧត្តមភាព​នៃ​ការ​ប្រកួតប្រជែង​ខាង​ផ្នែក​ទេសចរណ៍ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាលស្រុក ។

យោង​តាម​បណ្តាញ​សង្គម​លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី​ដែល​ជា​ស្រុក មួយ​ស្ថិត​ក្នុង​ខេត្ត​សៀម​បាន​បញ្ជាក់​ថា​ថ្ងៃនេះ សុំ​លើកយក​ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ​រដ្ឋបាល​ស្រុក បន្ទាយស្រី​ចង់​ជម្រុញ​ការងារ​ក​សិ​ទេសចរណ៍​បន្តិច តែ​សូម​ផ្តោត​ជា​ពិសេស​លើ​ការ​ចិញ្ចឹមសត្វ​វិញ​ម្តង ។ លោក​បន្ត​ថា បើ​ធៀប​ជាមួយនឹង​ក្រុង​សៀមរាប ដែល​ជា​តំបន់​ទំនាប​កណ្តាល អ្នក​បន្ទាយស្រី​អាច​ចាត់​ទុក​ថា ជា​អ្នក​លើ រឺ​អ្នក​ភ្នំ ចំណែកឯ​អ្នក​រស់នៅ​តាម​បឹង​ទន្លេសាប អាច​ហៅ​ថា​អ្នក​ក្រោម រឺ​អ្នក​ទន្លេ ។

ការ​សិក្សា​ពី​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​បង្ហាញ​ថា ទំនៀមទម្លាប់​របស់​ពួក​គាត់​ទាំង​ពីរ​ក្រុម​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ណាស់ ជា​ពិសេស​ទៅ​លើ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ដោយ​អ្នក​ទន្លេ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ការ​នេសាទ និង​វារីវប្បកម្ម ចំណែកឯ​អ្នក​តំបន់​ភ្នំ​ច្រើន​ផ្តោត​លើ​ការ​ធ្វើ​ចម្ការ និង​ការ​ចិញ្ចឹមសត្វ​ទៅ​វិញ ។ ហេតុ​ដូច្នេះ​ហើយ​បានជា​ខ្ញុំ​យល់​ឃើញ​ថា អ្នក​បន្ទាយស្រី​គួរ​ផ្តោត​យកចិត្តទុកដាក់​ទៅ​លើ​មុខរបរ​ដែល​អាច​ផ្តល់​ភាព​មាន ប្រៀប​ដោយ​កត្តា​អំណោយផល​ពី​ធម្មជាតិ​ដែល​មាន​ស្រាប់ ជា​ជាង​ប្រឹង​ជម្នះ និង​ប្រដូច​ខ្លួន​ទៅ​នឹង​តំបន់​ដទៃ ព្រោះ​ការ​សម្រប​ខ្លួន​ទៅ​តាម​លក្ខខណ្ឌ​ធម្មជាតិ ងាយស្រួល​នឹង​ទទួល​បាន​ឧត្តមភាព​ប្រកួតប្រជែង​ខាង​ផ្នែក​សេដ្ឋកិច្ច​បាន​ឆាប់រហ័ស ។

លោក​ក៏​បាន​អះអាង​ថា ស្ថានភាព​ភូមិសាស្ត្រ​នៃ​ស្រុក​បន្ទាយស្រី​ស័ក្តិសម​នឹង​ការ​ធ្វើ​ចម្ការ និង​ការ​ចិញ្ចឹមសត្វ​យ៉ាង​ខ្លាំង ប៉ុន្តែ​បន្ទាយស្រី​ក៏​ជា​ស្រុក​ដែល​មាន​សក្តានុពល​ធំ​ខាង​ផ្នែក​ទេសចរណ៍​មួយ​ដែរ ដូច្នេះ​ហើយ​ប្រជា​កសិករ​នៅ​ក្នុងស្រុក​គួរ​ចាប់​យក​ការ​ចិញ្ចឹមសត្វ​ប្រភេទ​ណា ដែល​ចំនេញ​ផង និង​បម្រើ​អោយ​វិស័យ​ទេសចរណ៍​ផង ។ កន្លង​មក «​ការ​ចិញ្ចឹម​មាន់​ស្រែ​» បាន​បង្កើត​ទីផ្សារ​យ៉ាង​ធំ​ទូលាយ​រួច​មក​ហើយ​ដល់​កសិករ​នៅ​ក្នុងស្រុក ហើយ​ការងារ​នេះ​ក៏​នឹង​នៅ​តែ​បន្ត​ផង​ដែរ ក៏​ប៉ុន្តែ​ខ្ញុំ​ពិតជា​ចង់​ឃើញ​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​នានា មាន​ចំនុចខ្លាំង​ខាង​ផ្នែក​ម្ហូបអាហារ​របស់​ខ្លួន​ផ្សេង​ៗ គ្នា​ទៅ​តាម​តំបន់​នីមួយ​ៗ មិនមែន​ទៅ​កន្លែង​ណា​ក៏​មាន​តែ​«​មាន់​ដុត​» ដូច​ៗ​គ្នា​នោះ​ទេ ។

ជា​ឧទាហរណ៍ «​ជ្រូក​កណ្តុរ​» គឺជា​ប្រពៃណី​ចិញ្ចឹមសត្វ​មួយ​របស់​អ្នក​ភ្នំ​គូលែន ដោយ​យក​ជ្រូកស្រុក​បង្កាត់​នឹង​ជ្រូកព្រៃ រួច​ហើយ​ចិញ្ចឹម​នៅ​ក្នុង​ព្រៃ​មុន​នឹង​យក​វា​មក ធ្វើ​ជា​ម្ហូបអាហារ ហើយ​ជ្រូក​កណ្តុរ​មាន​រសជាតិ​គួរ​អោយ​ទាក់ទាញ​ខ្លាំង​ណាស់ ថែម​ទាំង​មាន​តម្រូវការ​ច្រើន និង​តម្លៃ​ទីផ្សារ​ខ្ពស់​ទៀត​ផង ។

ក្រៅពី​នេះ គេ​សង្កេត​ឃើញ​ការ ចិញ្ចឹមសត្វ​ប្រភេទ​ខ្លះ​ទៀត ក៏​មាន​ភាព​សម​ស្រប​ខ្លាំង​នឹង​តំបន់​ចម្រាក់​ភ្នំ​ដែរ ដូច​ជា​ការ​ចិញ្ចឹម សត្វ​ពពែ រឺ​សត្វ​ចៀម​ជាដើម ព្រោះ​តំបន់​ទាំងនេះ​ពិបាក​ក្នុង​ការ​ដាំ​ដំណាំ​រឺ​ធ្វើ​ចម្ការ ។ លោក​បញ្ជាក់​ថា​៖«​រដ្ឋបាល​ស្រុក​នឹង​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ផ្តល់​ការ​គាំទ្រ​ក្រោម​រូបភាព​ផ្សេង​ៗ ក៏​ដូច​ជា សហការ​ជាមួយ​អង្គការ​ដៃគូ​នានា ផ្តល់​ជា​ជំនួយ​ជំនាញ​បច្ចេកទេស ស្វែងរក​ទីផ្សារ និង​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ​ជូន​កសិករ​ទាំងឡាយ​ណា​ដែល​ចាប់អារម្មណ៍​លើ​ការងារ​ចិញ្ចឹមសត្វ​ប្រភេទ​ទាំងនេះ​ផង​ដែរ​» ។

លោក​បន្ថែម​ថា ភាព​ប្លែក​បង្កើត​ភាព​ទាក់ទាញ ដែល​ជា​ហេតុផល​ចម្បង​ដែល​ជំរុញ​អោយ​មានការ​រីក​លូតលាស់​នៃ​វិស័យ​ទេសចរណ៍ ហើយ​បើ​យើង​អាច​បង្កើត​ភាព​ទាក់ទាញ​នៅ​ក្នុង​តំបន់​នីមួយ​ៗ​បាន​នោះ​វា​នឹង​ផ្តល់​ហេតុផល​រឹតតែ​ច្រើន​ឲ្យ អ្នកទេសចរ​ដែល​មក​កាន់​ខេត្តសៀមរាប​ទៅ​ទស្សនា​តំបន់​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ខេត្ត ។

លោក​អភិបាលស្រុក​បាន​គូសបញ្ជាក់​ថា «​យើង​សង្ឃឹមថា​ថ្ងៃ​ណាមួយ យើង​នឹង​មាន​អត្តសញ្ញាណ​នៃ​ម្ហូបអាហារ​ឆ្ងាញ់​ៗ​ប្រចាំ​តំបន់​នីមួយ​ៗ​ច្បាស់លាស់ ដើម្បី​បម្រើ​ឲ្យ​ភាព​សម្បូរ​បែប​នៃ​វិស័យ​ទេសចរណ៍ ហើយ​យើង​នឹង​អាច​នាំ​គ្នា​និយាយ​ថា «​តោះ​! ទៅ​ញាំ​ជ្រូក​កណ្តុរ​នៅ​បន្ទាយស្រី​! តោះ​! ទៅ​ញាំ​ពពែ​អាំង​នៅ​ជើងភ្នំ​គូលែន​!» ដូចដែល​យើង​ធ្លាប់​និយាយ​ថា «​តោះ​! ទៅ​ញ៊ាំ​ក្តាម​នៅ​កំពត​!» រឺ «​តោះ​! ទៅ​ញ៊ាំ​នំ​បញ្ចុក​នៅ​ព្រះ​ដាក់​!»​ដូច្នោះ​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ