ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើបបំផុតនៅកម្ពុជា ចាប់ផ្ដើមផលិតកម្មរបស់ខ្លួនទោះបីជាប្រឈមបញ្ហាកូវីដ-១៩ ក៏ដោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០២០៖ ទោះបីជាអាជីវកម្ម និងវិនិយោគនៅកម្ពុជាខ្លះប្រឈមនឹងបញ្ហាវីរុសកូវីដ-១៩ ក៏ដោយ ក៏ក្រុមហ៊ុនក្នុងស្រុកមួយចំនួននៅតែបន្តចំណាយពេលវេលា និងធនធានរបស់ខ្លួនទៅលើគម្រោងអាជីវកម្មដែលខ្លួនបានគ្រោងទុកមុនពេលមានការផ្ទុះឡើងនៃវីរុសនេះ…

រាជធានីភ្នំពេញ, ថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០២០៖ ទោះបីជាអាជីវកម្ម និងវិនិយោគនៅកម្ពុជាខ្លះប្រឈមនឹងបញ្ហាវីរុសកូវីដ-១៩ ក៏ដោយ ក៏ក្រុមហ៊ុនក្នុងស្រុកមួយចំនួននៅតែបន្តចំណាយពេលវេលា និងធនធានរបស់ខ្លួនទៅលើគម្រោងអាជីវកម្មដែលខ្លួនបានគ្រោងទុកមុនពេលមានការផ្ទុះឡើងនៃវីរុសនេះ ។ ដូចជា គម្រោងអាជីវកម្មរបស់កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោដែលប្រើបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយគេបង្អស់ ក្នុងខេត្តតាកែវ ដែលបានឆ្លងកាត់ការអភិវឌ្ឍន៍ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ កសិដ្ឋានមានផែនការពន្លឿនសកម្មភាពផលិតនាដើមឆ្នាំ ២០២០ ក្នុងគោលដៅផ្គត់ផ្គង់ទឹកដោះគោសុទ្ធបំផុតពីធម្មជាតិ សម្រាប់ពលរដ្ឋកម្ពុជាឲ្យបាននៅចុងឆ្នាំនេះ ។

This image has an empty alt attribute; its file name is _MG_9334.JPG

ឈរនៅក្បែរសត្វគោញីផើម ប្រភេទ Holstein heifers ចំនួន ៥៥០ក្បាល ដែលបាននាំចូលពីប្រទេសអូស្រ្តាលី កាលពីខែកុម្ភៈ មីនា និងខែមេសាកន្លងមក លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និង ជាប្រតិបត្តិករកសិដ្ឋាននេះបានពន្យល់ថា៖ «យើងពិតជាសប្បាយចិត្តណាស់ដែលបាននាំចូលសត្វគោលំដាប់ពិភពលោក ប្រភេទ Holstein heifers ចំនួន ៥៥០ក្បាល មកកម្ពុជាពីអូស្រ្តាលី ។ បើគិតមកដល់ពេលនេះ គោដែលយើងបាននាំចូលបានបន្សុំាខ្លួនបានយ៉ាងល្អទៅនឹងបរិយាកាសថ្មី ហើយមានសុខភាពល្អ នៅក្នុងកសិដ្ឋានរបស់យើងដែលបានសាងសង់តាមបច្ចេកវិទ្យាទំនើប» ។

This image has an empty alt attribute; its file name is _MG_9231.JPG

លោក រិទ្ធី បានបន្ថែមទៀតថា ៖ «យើងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់យើងក្នុងការនាំចូលសត្វគោទាំងអស់ចូលមកកម្ពុជា ។ ដោយសារបញ្ហាកូវីដ-១៩ យើងបានជួបប្រទះភាពស្មុគស្មាញមួយចំនួននៅពេលដែលក្រុមអ្នកជំនាញផ្នែកដំាដុះ និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាអន្តរជាតិកំពូលៗចូល មកប្រទេសកម្ពុជា ។ យើងក៏សូមអរគុណដល់រាជរដ្ឋាភិបាល ដែលបានសម្រួលការផ្ដល់ទិដ្ឋាការដល់ក្រុមការងារអន្តរជាតិរបស់យើង ។ យើងសប្បាយចិត្តណាស់ដែលការងាររបស់យើងនៅតែសម្រេចបានតាមផែនការ ហើយពិតជាមានមោទនភាពដែលយើងអាចសម្រេចការងារស្ទើរតែទាំងស្រុងទៅតាមផែនការដែលយើងបានគ្រោងទុកមុនពេលមានកូវីដ-១៩» ។

This image has an empty alt attribute; its file name is _MG_9308.JPG

កសិដ្ឋានទំហំ ៣០០ហិកតានេះមានទីតាំងស្ថិតនៅជ្រលងភ្នំតាម៉ៅ នៅខេត្តតាកែវ ចម្ងាយជាង ៣០ គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ ។ កសិដ្ឋាននេះមានខ្យល់អាកាសបរិសុទ្ធ ដីសម្បូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អដែលអំណោយផលដល់ការចិញ្ចឹមគោដែលបាននាំចូលថ្មីទាំងអស់នោះ ។ គោទាំងនេះស៊ីពោត សណ្ដែក និងស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់តែម្តង ។

ក្រុមហ៊ុន Khmer Fresh Milk បានកកើតចេញពីការចាប់ដៃគូរវាង Cambodia-Laos-Myanmar Development Fund II ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី តំណាងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់ជប៉ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង ក្រុមស្ថាបនិកដែលទទួលបានជោគជ័យខ្ពស់ រួមមាន សហគ្រិនកម្ពុជា និងសហគ្រិនមកពីប្រទេសអ៊ីស្រាអែល ។ ដៃគូផ្នែកបច្ចេកវិទ្យាគឺក្រុមហ៊ុន Afimilk របស់ប្រទេសអ៊ីស្រាអែល ។ Afimilk ជាក្រុមហ៊ុន មួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតខាងបច្ចេកវិទ្យា និងគ្រប់គ្រងកសិដ្ឋានគោទឹកដោះនៅលើពិភពលោក ។

This image has an empty alt attribute; its file name is _MG_9275.JPG

ក្រុមហ៊ុន Afimilk បានទទួលជោគជ័យជាច្រើនមកហើយក្នុងការបង្កើត និងគ្រប់គ្រងគម្រោងអាជីវកម្មស្រដៀងគ្នានេះនៅទូទាំងពិភពលោក ក៏ដូចជាគម្រោងនៅប្រទេស វៀតណាម បង់ក្លាដេស និង ចិន ។ ក្រុមហ៊ុននេះប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត និងគោលការណ៍ការពារបរិស្ថាន ដើម្បីធានាថា កសិដ្ឋានរបស់ខ្លួនដំណើរការប្រកបដោយចីរភាព និងផលិតផលទឹកដោះគោរបស់ខ្លួនត្រូវបានផលិតឡើងស្របទៅតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត ដើម្បីធានាទំាងអនាម័យ និងគុណភាពផលិតផល ។

This image has an empty alt attribute; its file name is _MG_9254.JPG

លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានឲ្យដឹងថា ទោះបីមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃវីរសុកូវីដ-១៩ ទៅលើសុខភាព និងវិបុលភាពនៅប្រទេសកម្ពុជាក៏ដោយ ក៏ក្រុមការងារកសិដ្ឋាននេះមិនដែលគិតចង់ពន្យារពេលបើកដំណើរគម្រោងអាជីវកម្មនេះឡើយ សូម្បីតែម្ដង ហើយការបង្កើតស្តង់ដារថ្មីសម្រាប់កសិកម្ម និងផ្ដល់អាហារូបត្ថម្ភកាន់តែល្អនៅកម្ពុជា ។

This image has an empty alt attribute; its file name is _MG_9314.JPG

លោក សិលា បានមានប្រសាសន៍ថា ៖ «កសិដ្ឋានគិរីសួគ៌ (Kirisu Farm) មានចក្ខុវិស័យយូរអង្វែង ក្នុងការនាំយកទឹកដោះគោសុទ្ធពីធម្មជាតិ បច្ចេកទេសកសិកម្ម និងការកែច្នៃចំណីអាហារលំដាប់ពិភពលោក មកកាន់កម្ពុជា ហើយយើងមិនគិតអំពីផលចំណេញមួយភ្លែតៗនោះទេ ។ យើងបាននាំយកបច្ចេកវិទ្យាទំនើបៗ ហើយយើងកំពុងធ្វើការជាមួយអ្នកជំនាញកសិកម្មជនជាតិអ៊ីស្រាអែល លើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផ្នែកដំាដុះល្បីៗនៅលើពិភពលោក ដើម្បីជួយពួកយើងលើការដាំដុះ របៀបមើលថែរក្សាសុខភាពគោ និងកែច្នៃទឹកដោះគោសុទ្ធពីធម្មជាតិ ១០០ភាគរយ ពីកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ឲ្យមានគុណភាព ខ្ពស់តាមស្ដង់ដារអន្តរជាតិនេះ» ។

បុគ្គលិកភាគច្រើនរបស់កសិដ្ឋាននេះ គឺជាប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្ដង ហើយក្រុមហ៊ុនបានឲ្យដឹងថាខ្លួននឹងចែកចាយទឹកដោះគោសុទ្ធដោយឥតគិតថ្លៃពីកសិដ្ឋាននេះជូនដល់ក្រុមគ្រួសារ និងមន្ត្រីរាជការក្នុងមូលដ្ឋាន ដើម្បីចូលរួមជាជំនួយពីផលប៉ះពាល់នៃវិបត្តិ កូវីដ-១៩ និងដើម្បីជាការតបស្នងសងគុណចំពោះប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រដល់កសិដ្ឋាននេះ។

This image has an empty alt attribute; its file name is 001.JPG

លោក ជី សិលា បាននិយាយថា៖ “សម្រាប់ខ្ញុំនេះគឺជាសុភមង្គល និងជាក្ដីសង្ឈឹមមួយ ហើយខ្ញុំពិតជាចង់ឃើញ ស្នាមញញឹមរបស់ក្មេងៗ នៅពេលដែល ពួកគេភ្លក្សរសជាតិទឹកដោះគោសុទ្ធជាលើកដំបូង។ ទឹកដោះគោនេះមានរសជាតិខុសពីទឹកដោះគោដែលមានលក់នៅស្រុកខ្មែរយើងកន្លងមក។”

លោក សិលា បាននិយាយថា៖ «យើងអោយគោទាំងនេះស៊ីចំណីអាហារដែលជាគ្រាប់ធញ្ញជាតិដែលដាំក្នុងស្រុក ដើម្បីបំប៉នបន្ថែម ទៅលើចំណី ដែលដាំនៅក្នុងកសិដ្ឋានផ្ទាល់ ហើយទឹកដោះគោនៅទីនេះ ត្រូវបានកែច្នៃនៅឯរោងចក្រដ៏ទំនើបរបស់យើង ។ ដូច្នេះយើងអាចផលិតបាននូវទឹកដោះគោសុទ្ធបំផុតដែលប្រជាជនកម្ពុជាមិនធ្លាប់ បានភ្លក្សពីមុនមក ហើយយកវាទៅលក់នៅភ្នំពេញ និងនៅទូទាំងប្រទេសតែម្ដង ដោយចំណាយពេលត្រឹមតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ» ។

ផលិតផលពីកសិដ្ឋានគិរីសួគ៌ (Kirisu) នឹងគ្រោងដាក់លក់ទឹកដោះសុទ្ធធម្មជាតិ និងយ៉ាអួរស្រស់របស់ខ្លួន នៅតាមផ្សារទំនើប មីនីម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេនានា នាពេលខ្លីខាងមុខនេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ