ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​មិន​​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដី​ធ្លី​នៅ​រមណីយដ្ឋាន​ភ្នំ​ជើងព្រៃ​ឱ្យ​ឡើយ​

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បោះបង្គោល​កំណត់​ព្រំ​ជុំវិញ​ភ្នំ​ជើងព្រៃ ក្នុងស្រុក​ជើងព្រៃ ក្នុង​រង្វង់​៣០០​ម៉ែត្រ ពី​ជើងភ្នំ​ជា​តំបន់​អភិរក្ស ដោយ​មិន​ឱ្យ​មានការ​រំលោភ​បំពាន​ពី​បុគ្គល​ណាមួយ​នោះ​ទេ ប្រយោជន៍​ដើម្បី​ការពារ​ប្រាសាទបុរាណ ​។…

ខេត្តកំពង់ចាម​ ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បោះបង្គោល​កំណត់​ព្រំ​ជុំវិញ​ភ្នំ​ជើងព្រៃ ក្នុងស្រុក​ជើងព្រៃ ក្នុង​រង្វង់​៣០០​ម៉ែត្រ ពី​ជើងភ្នំ​ជា​តំបន់​អភិរក្ស ដោយ​មិន​ឱ្យ​មានការ​រំលោភ​បំពាន​ពី​បុគ្គល​ណាមួយ​នោះ​ទេ ប្រយោជន៍​ដើម្បី​ការពារ​ប្រាសាទបុរាណ ​។ ​ដោយសារ​ទៅ​ដី​តំបន់​នោះ​ឡើងថ្លៃ​ក៏​មាន​ម្ចាស់​ដី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ បាន​ស្នើ​សុំ​មក​អាជ្ញាធរ​ខេត្ត ដើម្បី​សុំ​ធ្វើ​ប្លង់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​គ្រប់គ្រង​ដី​នៅ​ទីនោះ តែ​ការ​ស្នើ​សុំ​នេះ​បាន​ប៉ះពាល់​ដល់​ដី​អភិរក្ស​ទើប​មិន​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​នោះ​។

លោក​អូត ឈាង​លី អភិបាល ស្រុក​ជើងព្រៃ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ដោយសារ​តែ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ដី​នោះ ទើប​​រូប​លោក​ក៏​បាន​ចូលរួម​ប្រជុំ​ដើម្បី​ដោះស្រាយ​ដោយ​ធ្វើ​ឡើង​នៅ​សាលាខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០២០ ដឹកនាំ​ដោយ​លោក​ អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត រួម​និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​។

លោក​អភិបាលស្រុក​ជើងព្រៃ​បន្ត​ថា ដី​នៅ​ជើងភ្នំ​ជើងព្រៃ​ជុំវិញ​ក្នុង​រង្វង់​៣០០​ម៉ែត្រ ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បោះបង្គោលថ្ម​ ព្រមទាំង​ឆ្លាក់​ក្បាច់​ផ្កា​ភ្ញី​ដើម្បី​កំណត់​ជា​ដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​បាន​ចុះ​បោះបង្គោល​នៅ​ក្នុង​ឆ្នា​ ២០១៩​កន្លង​ទៅ​ ។ ដោយសារ​តែ​ដី​នៅ​តំបន់​នោះ ​សព្វថ្ងៃ​ទីផ្សារ​ត្រូវ​បាន​ឡើងថ្លៃ ​ព្រោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ជា​ច្រើន​កើតឡើង​ ហើយ​ក៏​មាន​មនុស្ស​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ដី​នៅ​ជិត​ភ្នំ​ជើងព្រៃ ទំហំ​ធំ​ជាង​៧​ហិ​កតា ហើយ​ក៏​បាន​ស្នើ​សុំ​មក​អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សុំ​កម្មសិទ្ធិ​ស្របច្បាប់​(ធ្វើ​ប្លង់​រឹង​) ។ ​ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​អនុញ្ញាត​ឲ្យ​នោះ​ទេ ព្រោះ​ដី​បាន​ចូល​មក​ដី​ចំណី​ភ្នំ​ជើងព្រៃ​ដែល​ត្រូវ​អភិរក្ស​នោះ​។

ក្នុង​ជំនាន់​​លោក​​គួ​ច ចំរើន ជា​អភិបាលខេត្ត​កំពង់ចាម ម្ចាស់​ដី​លក់​ក៏​បាន​ស្នើ​សុំ​ធ្វើ​ប្លង់​ជា​ហូរហែដែរ​ ​ប៉ុន្តែ​មិន​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​សុ​រិ​យោ​ដី​អនុញ្ញាត​ឲ្យ​នោះ​ទេ​។​ថែម​ទាំង​បាន​ពឹង​អ្នក​នេះ​អ្នក​នោះ​ដើម្បី​សុំ​អន្តរាគមន៍​ចង់បាន​ប្លង់​ដី​គ្រប់គ្រង តែ​នៅ​មិន​បាន​ដដែល​។ ​លុះ​មក​ដល់​អាណត្តិ​​លោក​​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ​ម្ចាស់ដី​​ដដែលនោះ​​ក៏​បាន​ស្នើ​សុំ​ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ដែរ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​​២០២០ មាន​កិច្ចប្រជុំ​ពិគ្រោះ​ពិភាក្សាជុំវិញ​ការ​ស្នើ​របស់​ម្ចាស់​ដី​សុំ​ចុះបញ្ជី​ប្លង់​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស រមណីយដ្ឋាន​ភ្នំ​ជើងព្រៃ លើ​ទំហំ​ផ្ទៃដី​ជាង​៧​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​គោករ​វៀង ឃុំ​គោករ​វៀង ស្រុក​ជើងព្រៃ ។

ចំណែក​មន្ត្រី​សាលាខេត្ត​វិញ​ក៏​បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​កិច្ចប្រជុំ​ពិគ្រោះ​ពិភាក្សា ​លោក​​ប្រធាន​គណៈកម្មការ​បាន​សម្រេច​បង្វែ​សំណើ​ខាងលើ​ជូន​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច ព្រោះថា​ដី​នៅ​ក្នុង​តំបន់​អភិរក្ស រ​មណី​យ​ដ្ឋា​ន​ភ្នំ​ជើងព្រៃ កន្លង​មក​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។

លោក​សឹង ភារ​ម្យ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ក្នុង​រង្វង់​ដី​៣០០​ម៉ែត្រ ពី​ជើងភ្នំ​ជើងព្រៃ​ត្រូវ​បាន​ក្រសួង​វប្បធម៌ អភិរក្ស​ដោយ​មិន​ឱ្យ​មានការ​រំលោភ​បំពាន​ពី​បុគ្គល​ណា​ម្នាក់​​នោះ​ទេ ​ហើយ​ទី​នេះ​ក៏​ជា​តំបន់​រមណីយដ្ឋាន​សម្រាប់​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​​ពី​គ្រប់​ទិស​ទី​​មក​លេង​កម្សាន្ត​ផងដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ