ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថា នឹង​ទម្លាក់​សាច់ប្រាក់​៥០​ម៉ឺន​ដុល្លារ​ជំរុញ​ឲ្យ​ស្រុក​ខ្មែរ​ក្លាយជា​អធិរាជ​ត្រី​អណ្តែង

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ​មន្ត្រី​កសិកម្ម​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​វារីវប្បកម្ម​លូតលាស់​ទៅ​មុខ ដើម្បី​ធានា​ដល់​ផ្គត់ផ្គង់​ត្រី និង​សាច់​ក្នុងស្រុក​ពោល គឺ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​មាន​កំណើន​ដល់ ១០​ម៉ឺន​គ្រួសារ…

ខេត្តព្រៃវែង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ​មន្ត្រី​កសិកម្ម​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​វារីវប្បកម្ម​លូតលាស់​ទៅ​មុខ ដើម្បី​ធានា​ដល់​ផ្គត់ផ្គង់​ត្រី និង​សាច់​ក្នុងស្រុក​ពោល គឺ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​មាន​កំណើន​ដល់ ១០​ម៉ឺន​គ្រួសារ ដែល​អាច​ធ្វើ​ឲ្យ​ស្រុក​ខ្មែរ​ក្លាយជា​អធិរាជ​អណ្ដែង ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង សម្តេច​នាយក​រដ្ឋមន្ត្រី​ថា រដ្ឋ​នឹង​ទម្លាក់​សាច់ប្រាក់ ៥០​ម៉ឺន​ដុល្លារ តាម​រយៈ​ធនា​ធារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ជួយ​ឧ​ត្ថ​ម្ភ​ដល់​អ្នក​ចិញ្ចឹម​ត្រី​១​ពាន់​គ្រួសារ និង​អ្នក​ចិញ្ចឹម​កង្កែប​៧០០​គ្រួសារ ។ ហើយ​ថា បើ​ថវិកា​នោះ​អស់​សម្តេច និង​ទម្លាក់​បន្ថែម​ទៀត ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ជំរុញ​ឲ្យ​មាន​អ្នកបច្ចេកទេស​ចុះ​ជួយ​ពលរដ្ឋ​នៅ​ក្នុង​ការងារ​វារីវប្បកម្ម​នេះ​ដូច​ជា ការ​ណែនាំ​ពលរដ្ឋ​ពី​របៀប​ធ្វើ​ប៊ែ​ល​ចិញ្ចឹម​ត្រី​ជាដើម​នោះ ។ សម្តេច​តេ​ជោ បាន​ស្នើ​ដល់​អាជ្ញាធរ​ធ្វើការ​សម្រួល​ដល់​ពលរដ្ឋ​អាច​ប្រើប្រាស់​ព្រែក ទន្លេ សម្រាប់​ចិញ្ចឹម​ត្រី​បាន​ផង​ដែរ ។ ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​មានការ​កើន​ជា​រៀង​រាល់​ឆ្នាំ ។

ជាក់ស្តែង​នៅ ឆ្នាំ​២០០៩ កម្ពុជា​អនុវត្ត​បាន​ត្រឹមតែ ៥០០០០​តោន និង​ការ​ភ្ញាស់​កូន​ត្រី​ពូជ​អនុវត្ត​បាន​ជាង ៦៩ លាន​ក្បាល​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៩ ការ​ធ្វើ​វារីវប្បកម្ម​បាន​កើតឡើង​រហូត​ដល់ ៣០៧ ៤០៨ តោន ក្នុង​នោះ​ផល​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្តោ មាន​ចំនួន​៧១ ៥៣៦​តោន ហើយ​និង​ការ​ភ្ញាស់​កូន​ត្រី​ពូជ​អនុវត្ត​បាន​ចំនួន​២២២ លាន​ក្បាល ។

ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ផែនការ​យុទ្ធសាស្ត្រ​នេះ​ជា​គោលដៅ ដើម្បី​សម្រេច​បាន​ផលិតផល​វារីវប្បកម្ម​ចំនួន ៧៤០ ០០០​តោន នា​ឆ្នាំ​២០២៤ ខាង​មុខ ។ ត្រី​ជា​ម្ហូបអាហារ​សំខាន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។ ស្រប​ពេល​ត្រី​ធម្មជាតិ​ចេះ​តែ​ខ្សត់​ទៅ​ៗ មានការ​តែ​ចិញ្ចឹម​នេះ​ទេ ទើប​អាច​ផ្គត់ផ្គង់​ដល់​ការ​បរិភោគ​របស់​ពលរដ្ឋ​ជា​ប្រចាំ​ថ្ងៃ​បាន ។

នៅ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការ​ចិញ្ចឹម​ត្រី នៅ​ក្នុង​ខេត្តព្រៃវែង​នេះ​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ខ្លួន​សម្តេច​ផ្ទាល់​ជា​អ្នក​ចូល​ចិត្ត​ទទួលទាន​ត្រី​ម្នាក់​ដែរ ។ សម្តេច​ថា ក្នុង​១​ឆ្នាំ ៣៦៥​ថ្ងៃ​នោះ​គ្មាន​ថ្ងៃ​ណាមួយ​ដែល​សម្តេច​មិន​ពិសា​ត្រី​ឡើយ ។ ត្រី​ដែល​សម្តេច​ចូល​ចិត្ត​ទទួលទាន គឺ​ត្រី​ឆ្អែ​ន​អាំង​ជាមួយ​ទឹកត្រី​ដាក់​ប៉េងប៉ោះ ។

នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ខ្ញុំ​ទទួលទាន​នេះ ទទួលទាន​នោះ តែ​ចុង​ក្រោយ​នៃ​អាហារ​របស់ខ្ញុំ​គឺ​ត្រី​ឆ្អែ​ន​អាំង និង​ទឹកត្រី​ជាមួយ​ប៉េងប៉ោះ​» ។ សម្រាប់​ត្រី​អណ្តែង​វិញ នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​រស់ជាតិ​ឆ្ងាញ់​ណាស់ ដោយ​គេ​អាំង​ក៏​បាន ហើយ​បើ​ធ្វើ​សម្លកកូរ​នោះ​កាន់តែ​ឆ្ងាញ់ ។ ក្នុង​ការ​ជំរុញ​វិស័យ​វារីវប្បកម្ម​នេះ សម្តេច​តេ​ជោ ហ៊ុន បាន​ស្នើ​ស្ថាប័ន​ជំនាញ​សិក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការ​មានការ​វិនិយោគ​លើ​រោងចក្រ​ផលិត​ចំណី​សត្វ សម្រាប់​ផ្គត់ផ្គង់​ដល់​កសិករ ។

សម្តេច​បាន​បញ្ជាក់​ថា នៅ​មានការ​ផលិត​ចំណី​សត្វ​នៅ​ក្នុងស្រុក​បាន​នោះ កម្ពុជា​កាន់តែ​មាន​ភាព​ម្ចាស់​ការ​លើ​ការងារ​ចិញ្ចឹម​ត្រី និង​កង្កែប ជ្រូក និង​គោ​ជាដើម​នោះ ។

សូម​ជម្រាប​ថា អ្នក​ចិញ្ចឹម​ត្រី កង្កែប និង​ជ្រូក​ជាដើម​នោះ ធ្លាប់​បាន​ត្អូញត្អែរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពី​ផល​លំបាក​របស់​ពួក​គាត់ លើ​ការ​ទិញ​ចំណី​សត្វ​មាន​តម្លៃ​ខ្ពស់ នាំ​ចូល​ពី​បរទេស​នោះ​។ ការ​ចិញ្ចឹម​ដែល​បាន​ចំណាយ​ដើមទុន​ច្រើន បាន​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​មិន​អាច​ប្រ​កូត​ប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល ដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​មិន​ចង់​ចិញ្ចឹម​ត្រី កង្កែប និង​ជ្រូក​រហូត​មក​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ