ត្រឹមប៉ះ​ពាក្យ​សំដី​សោះ ក៏​ឈាន​ដល់ប្រហារគ្នា​​យ៉ាង​​ឃោរ​ឃៅ


ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​វាយ​សម្លាប់​គូសត្រូវ​របស់​ខ្លួន​យ៉ាង​ឃោ​រឃៅ កាលពី​វេលា​ម៉ោង​៤​នៅ​រសៀល​ថ្ងៃ​ទី​១៣ កក្កដា នៅ​ភូមិ​អូរ​ទំនប់ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​។

អធិការ​ក្រុង​បាត់ដំបង លោក ឆាង វណ្ណ​ឆៃ បានឱ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ ហៀ​ប យាន ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ ។ រីឯ​ជន​រង​គ្រោះ ឈ្មោះ អុ​ឹ​ង ងួ​ន​ហាន ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​។ ភាគី​ទាំង​២​រស់នៅ​ក្នុងភូមិ​.​សង្កាត់​ខាងលើ​។ លោក​អធិការ​បាន​ប្រាប់​ថា ជន​ដៃ​ដល់​បាន​ប្រើ​ដំបង​ប្រវែង​ជាង​កន្លះ​ម៉ែត្រ ​វាយ​សំពង​ក្បាល​ជន​រង​គ្រោះ​រហូត​ស្លាប់​នៅ​នឹង​ក​ន្លែង ដែល​ផ្ដើម​ចេញពី​ការ​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សំដី​គ្នា​មួយ​ប្រាវ មុន​ពេល​ឈាន​ដល់​ការ​សម្លាប់ តែ​ជន​ដៃដល់​ក៏​ត្រូវ​មន្ត្រី​ប៉ុ​ស្ដិ៍រដ្ឋបាល​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ​។

បើ​តាមសាក្សី​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​ជន​ទាំង​២​នាក់ ​បាន​ប្រកែក​គ្នា​យ៉ាង​តឹងតែង ហើយ​ក្រោយមក​ស្រាប់តែ​ជន​រង​គ្រោះបាន​ទាញ​ចំពាមកៅស៊ូ​បាញ់​ក្បាល​ជន​ដៃដល់ ហើយ​ក៏​ផ្ទុះ​ជម្លោះ​ជា​ថ្មី​កាន់តែ​ខ្លាំង​។

សមត្ថកិច្ច​បាន​ស្រង់​សំដី​សាក្សី​ទៀត​ថា ក្រោយ​ផ្ទុះ​កំហឹង​ជា​ថ្មី គេ​ឃើញ​ជន​ដៃដល់​បាន​ដើរទៅ​ផឹកស្រា ជាមួយនឹង​ការ​បោះពាក្យ​សំដី​ថា«ចាំ​មើល​អញ​ផឹក​ស្រវឹង​.. អញ​វាយ​អ្ហែង​ឱ្យ​ងាប់​»​។

លុះ​បន្តិច​ក្រោយមក​ ជន​ដៃដល់​បាន​ដើរទៅ​ទាញ​ដំបងស្ទុះ​ទៅ​វាយ​សំពង​ក្បាល​ជន
​រង​គ្រោះ​បែក​ឈាម​រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង តែ​ត្រូវ​បាន​អ្នក​ភូមិ​រាយ​ការ​ណ៍​​ប្រាប់​សមត្ថ​កិច្ច​ឱ្យ​ចុះ​ទៅ​ឃាត់​ខ្លូ​ន​ជន​ដៃដល់​ភ្លាម​ៗ​ដែរ ​។

លោក​ឆាង វណ្ណ​ឆៃ បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ទៅ​សួរនាំ ជន​ដៃដល់​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​នោះ​មែន ដោយសារ​ខឹង​ជន​រង​គ្រោះ​លប​បាញ់​ក្បាល​ខ្លួន​។ លោក​អធិការ​បាន​បញ្ជាក់​ថា ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរ​ចម្លើយ​ជន​ដៃដល់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕ ​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ