តោះ​មក​ស្គាល់​ពី​ប្រវត្តិ​ឈ្មោះ និង​ការ​កកើត​របស់​ខេត្ត​កែប​


តាម​ឯកសារ​«​មហា​បុរស​ខ្មែរ​» បាន​សរសេរ​ថា​៖ ឈ្មោះ​«​កែប​»​នេះ គឺ​ក្លា​យមក​ពី​ភាសា​បារាំង​«Cap»​ដែល​បារាំង ធ្លាប់​ហៅ​កាលដែល​បារាំង​ដាក់​នឹម​ត្រួតត្រា​នៅ​កម្ពុជា ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣ ។ ពាក្យ​«Cap»​នេះ មាន​ន័យ​ជា ភាសា​ខ្មែរ​ថា «​ជ្រោយ​» ស្រប​នឹង​ទីតាំង​ភូមិសាស្ត្រ​តំបន់​កែប​នេះ​មាន​រាង​លយ ឬ​ពយ ចូល​ទៅ​សមុទ្រ ។ ហេតុនេះ​ហើយ​ទើប​គេ​ហៅ​ថា​ក្រុងកែប ឬ​ក្រុង​«Cap» តាម​ភាសា​បារាំង​មាន​ន័យ​ថា​«​ជាទី​ក្រុង​ជ្រោយ​» ដែល​មាន​សណ្ឋាន​ដី​លយ ចូល​សមុទ្រ ហើយ​ពាក្យ​នេះ​ក៏​ចេះ​តែ​ហៅ ត​ៗ​គ្នា​ថា​«​កែប​ៗ»​រៀង​រហូត​មក ។

បើ​តាម​រឿងព្រេង​និទាន បាន​បញ្ជាក់​ថា នៅ​សម័យ​មហានគរ​ដ៏​រុងរឿង មាន​ស្តេច​លាវ​មួយ​ព្រះ​អង្គ​ព្រះ​នាម «​សាគរ​រាជ​» ដែល​មាន​វិជ្ជា​គុន​ខ្លាំងក្លា​ណាស់ ហើយ​ចេះ​វេទមន្ត​មហា​សណ្តំ​ពូកែ​ទៀត​ផង ។ នៅ​ថ្ងៃមួយ​ពេល​ដែល​ព្រះ​អង្គ ទត​ឃើញ​សេះស​មួយ​ក្បាល​ដ៏​ស្រស់​សង្ហា មាន​ព្រះ​ទ័យ​ចង់បាន ក៏​ប្រើ​វេទមន្ត​មហា​សណ្តំ​លើ​មេទ័ព​ខ្មែរ​ដែល​ជា​ម្ចាស់​សេះស​នោះ​ឲ្យ​ដេក​លង់លក់​អស់​រយៈពេល​យ៉ាង​យូរ ហើយ​ក៏​លួច​យក​សេះ​នោះ​រត់គេច​មក​តាំងពី​តំបន់​អង្គរ (​ក្នុង​ទឹកដី​ខេត្តសៀមរាប​សព្វថ្ងៃ​) ដោយ​នាំ​ទាំង​មហេសី និង​ពល​សេនា​មក​ជាមួយ​ផង ។

ក្រោយមក មេទ័ព​ដែល​ត្រូវ​សណ្តំ​នោះ បានដឹង​ខ្លួន​ឡើង​វិញ ហើយ​បាត់​សេះ​ជាទី​ស្រលាញ់ ក៏​បាន​នាំ​ពល​ដើរ​រក​សេះ​របស់​ខ្លួន តាម​ស្នាម​ដានជើង​សេះ រហូត​ដល់​តំបន់​ភាគ​និរតី​នៃ​ប្រទេស (​ខេត្ត​កែប​សព្វថ្ងៃ​) ហើយ​បានឃើញ សេះ​របស់​ខ្លួន​នៅ​ជាមួយ​«​សាគរ​រាជ​» ។ ក្នុង​ខណៈនោះ​ក៏​កើត​មាន​ចម្បាំង​ប្រយុទ្ធ​ជាមួយ​គ្នា​យ៉ាង​ស្វិតស្វាញ ហើយ «​សាគរ​រាជ​»​ពេល​នោះ​ច្បាំង​មិន​ឈ្នះ​មេទ័ព​ខ្មែរ ក៏​បាន​ដកខ្លួន​ថយ ដោយ​ឡើង​លើ​ខ្នង​សេះ​នោះ​បំផាយ ដើម្បី​ភៀស ខ្លួន​ចេញពី​គ្រោះថ្នាក់ ប៉ុន្តែ​ត្រូវ​សេះ​នោះ​កញ្ជ្រោល​ឡើង ធ្វើ​ឱ្យ​ព្រះ​អង្គ​ធ្លាក់​ពីលើ​ខ្នង​សេះ​នោះ ហើយ​រង​របួស​ជា​តំណំ ដោយ​ជ្រុះ​កែបសេះ​នៅ​ទីនោះ​ទៀត​ផង ។ នៅ​ពេល​ឃើញ​គ្រោះ​មហន្តរាយ​បែប​នេះ «​សាគរ​រាជ​» ក៏​ព្យាយាម​ស្ទុះ​ឡើង លើ​ខ្នង​សេះ​របស់​ព្រះ​អង្គ​មួយទៀត បំផាយ​យ៉ាង​លឿន​គេចខ្លួន​បាត់​ស្រមោល ជាមួយនឹង​ពល​សេនា​ទៅ​ជាមួយ​ផង ។

លុះ​ក្រោយមក​ទៀត ស្តេច​លាវ​នោះ​ក៏​ចេះ​តែ​នាំ​គ្នា​រត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​រហូត​ទៅ​បោះ​ជំរំ​នៅ​លើ​កំពូលភ្នំ​មួយ (​ភ្នំ​លាវ​សព្វថ្ងៃ​) ដែល​ស្ថិត​នៅ​ខាងកើត​នៃ​កន្លែង​ដែល​ជ្រុះ​កែបសេះ ចម្ងាយ​ប្រមាណ​ជាង​៤​គីឡូម៉ែត្រ ។ មិនយូរ​ប៉ុន្មាន ដំណឹង​នៃ​ការ​បោះជំរំ​នេះ បានដឹង​ដល់​មេទ័ព​ខ្មែរ ហើយ​មេទ័ព​ខ្មែរ​ក៏​ចាត់​ពល​ឱ្យ​ព័​ទ​ចាប់​ស្តេច​លាវ «​សាគរ​រាជ​»​នោះ​ទៀត ហើយ​ស្តេច​លាវ​នោះ​ក៏​នាំ​មហេសី និង​ពល​សេនារ​ត់ទៅ​លាក់ខ្លួន​ពូន​អាត្មា​នៅ​ភ្នំ​មួយទៀត ស្ថិត​នៅ​ខាងលិច ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ ។ ចេញពី​ភ្នំ​មួយ​នេះ​ទៅ «​សាគរ​រាជ​» និង​ពល​សេនា បាន​ហែល​ឆ្លង​សមុទ្រ ទៅ​បោះជំរំ​នៅ​កោះ​មួយ​ចម្ងាយ​ប្រមាណ​ជាង​៤​គីឡូម៉ែត្រ ពី​ឆ្នេរ​ដី​គោ​គ ។

ក្រោយមក​មេទ័ព​ខ្មែរ​បាន​វាយលុក​នៅ​លើក​កោះ នោះ​ទៀត រហូត​កងទ័ព​លាវ​ដែល​នៅ​លើ​កោះ​ទាំងអស់​ត្រូវ​បាន​រំសាយ​ចេញ​អស់​គ្មាន​សល់ ។ បន្ទាប់​ពី​នេះ​នៅ​ពេល ដែល​បែកបាក់​កម្លាំង​ទ័ព រត់​ចោល​អស់​ទៅ​«​សាគរ​រាជ​» ក៏​រត់​តែ​ម្នាក់ឯង​ទៅ សសៀរ​ៗ នៅ​ជុំវិញ​ភ្នំ​មួយទៀត ស្ថិត​នៅ​ប៉ែក​ខាងជើង​កន្លែង​ជ្រុះ​កែបសេះ​ប្រហែល​ជាង​១០​គីឡូម៉ែត្រ ។

ទាក់ទង​នឹង​ប្រវត្តិ​រឿងព្រេង​បែប​នេះ ទើប​គេ​ហៅ ភ្នំ​ដែល​ស្តេច​លាវ​បាន​បោះជំរំ​នោះ​ថា «​ភ្នំ​លាវ​» រីឯ​ភ្នំ​មួយទៀត​ដែល​ស្តេច​លាវ​បាន​លាក់ខ្លួន​ពួន​អាត្មា​នោះ​ថា «​ភ្នំ​ពួន​» តែ​ក្រោយមក​ហៅ​ថា «​ភ្នំ​ពោន​»​វិញ ហើយ​ភ្នំ​ដែល​ស្តេច​លាវ​បាន​រត់ សសៀរ​ៗ​នោះ គេ​ហៅ​ថា​«​ភ្នំ​សរសៀរ​» រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ចំពោះ​កោះ​ដែល​កងទ័ព «​សាគរ​រាជ​« បាន​បោះជំរំ​នោះ​ឈ្មោះ​ថា «​កោះ​រំសាយ​»​តែ​ក្រោយមក​ហៅ​ថា «​កោះទន្សាយ​» វិញ ។

ចំណែកឯ​ទីតាំង​ដែល​ជ្រុះ​កែបសេះ គេ​ហៅ​ថា «​ភូមិ​កែបសេះ​» តែ​ក្រោយមក​ដោយ​ឈ្មោះ​នេះ​វែង​ពេក ទើប​គេ​ហៅ​ខ្លី​ត្រឹម​ថា «​ភូមិ​កែប​ៗ»​រហូត​ដល់​បង្កើត​ជា​ក្រុង មានឈ្មោះ​ថា «​ក្រុងកែប​»​។
ក្រោយ​ឆ្នាំ​១៩៧៩ ខេត្ត​កែប គ្រាន់តែ​ជា​ឃុំ​មួយ​ឈ្មោះ​ថា «​ឃុំ​កែប​» ដែល​ស្ថិត​នៅ​ចំណុះ​ស្រុក​កំពត ខេត្តកំពត ។ លុះដល់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​១៩៩២ រដ្ឋសភា​នៃ​រដ្ឋ​កម្ពុជា បាន​អនុម័ត​ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រុងកែប​ឡើង​វិញ ។ ក្រោយមក​បាន​ដូរ​ឈ្មោះ​ទៅ​ជា «​ខេត្ត​កែប​»​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០០៨ ដំណើរការ​រហូត​ដល់​សព្វ​ថ្ងៃនេះ ៕

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ