នាយក​រដ្ឋមន្ត្រី​ព្រមាន​ហាង KTV ដែល​លួច​បើក​ជ្រក​ក្រោម​ស្លាក «​ភោជនីយដ្ឋាន​»


ខេត្តព្រៃវែង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា​នេះ​ថា កន្លង​មក​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​នូវ ខារ៉ាអូខេ និង​ឌី​ស​កូ​ថែ​ក ឡើង​វិញ តែ​ត្រូវ​ប្រែ​ក្លាយជា​ភោជនីយដ្ឋាន ក៏​ប៉ុន្តែ​មាន​ហាង​ខារ៉ាអូខេ​មួយ​ចំនួន​បើក​ឡើង​វិញ​មែន តែ​មិនមែន​ភោជនីយដ្ឋាន បែរជា​នៅ​ជ្រក​ក្រោម​ផ្លា​ក​ភោជនីយដ្ឋាន តែ​ខាងក្នុង​នៅ​ជា​ខារ៉ាអូខេ ។

ថ្លែង​ចេញពី​ខេត្តព្រៃវែង ទីកន្លែង​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មើល​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​កសិករ នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៤ ខែកក្កដា​នេះ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា សម្រាប់​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​ដែល​លួច​ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន ត្រូវ​បាន​បង្ក្រាប​នៅ​ខណ្ឌចំការមន កាលពី​យប់​ថ្ងៃ​ទី ១៣ កក្កដា ។

សម្តេច​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ទៅ​តាំង​ដែល​ចាប់​មួយ​នៅ​ចំការមន​នោះ គឺ​ដូរ​ផ្លា​ក តែ​ខាង​មុខតែ​ខាងក្នុង​ជា​ខារ៉ាអូខេ​ដដែល ។

សូម​រម្លឹក​ថា ក្រោយ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី ៣ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្រេច​អនុញ្ញាតិ​អោយ​បើក​ដំណើរការ KTV ឡើង​វិញ ។ ក៏​ប៉ុន្តែ​ការ​អនុញ្ញាត​ឲ្យ​អាជីវកម្ម​កម្សាន្ត និង KTV នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត គឺ​តម្រូវ​ឲ្យ​ទីតាំង​ទាំងនោះ​ត្រូវ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​ឡើង​វិញ ប៉ុន្ដែ​ត្រូវ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ នៅ​កម្ពុជា ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ